​ដោយៈ ទេព មង្គល / ឧ​ត្ត​រ​មាន​ជ័​យៈ ច្រកព្រំដែន​អន្តរជាតិ «​ជប់​គគីរ​» ស្ថិតក្នុង​ភូមិ​ជប់​គរ​គី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ច្រកទ្វារ​តំបន់​ព្រំដែន សាយ​តា​គូ ខេត្ត​បុរី​រាំ បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង​២ (​កម្ពុជា​-​ថៃ​) ធ្វើដំណើរ ឆ្លងកាត់​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ នៃ​កម្ពុជា និង​លោក ឆៃ​យ៉ះ​វ៉ា​ត់ ជុន​ធិ​រ៉ះ​ផុង អភិបាលរង​ខេត្ត​បុរី​រ៉ាំ នៃ​ប្រទេស​ថៃ ។​

​នៅក្នុង​ពិធី​បើក​ឱ្យ ដំណើរការ​ឡើងវិញ នូវ​ច្រកព្រំដែន ជប់​គគីរ​-​សាយ​តា​គូ នេះ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​មាន​ប្រសា​ន៍​ថាៈ ច្រកទ្វារព្រំដែន​នេះ បាន​បិទ​ជា បណ្តោះ អាសន្ន ក្នុងដំណាក់កាល នៃ​ការឆ្លង​រាលដាល​ជាស​កល នៃ​ជំងឺ​កូ​វីដ​១៩​។ បច្ចុប្បន្ន ដោយ​ស្ថានភាព​ជំងឺ​កូ​វីដ មាន​ភាព​ធូរស្រាល រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​២ បាន​បើក ដំណើរការ​ប្រទេស ជា​ប្រក្រតី​ឡើងវិញ ដូចនេះ​ខេត្ត​យើង​ទាំង​២ ក៏បាន​សម្រេច​បើក​ឱ្យ ដំណើរការ​ឡើងវិញ នូវ​ច្រកទ្វារព្រំដែន ជប់​គគីរ – សាយ​តា​គូ ឡើងវិញ នាពេល​នេះដែរ​។​

​លោក បានឱ្យដឹងថាៈ យោង​លិខិត​ចុះ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១២ របស់​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ជាគោលការណ៍ តម្លើង​ច្រកទ្វារព្រំដែន​ជប់​គគីរ ជា​ច្រកទ្វារព្រំដែន​អន្តរជាតិ រួចហើយ នៅតែ​ភាគី​ខេត្ត​បុរី​រាំ ច្រកទ្វារ សាយ​តា​គូ ។ ជាក់ស្តែង រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​២ បាន​ព្រមព្រៀង ឯកភាពគ្នា ជាគោលការណ៍ តម្លើង​ច្រកទ្វារព្រំដែន​ទាំង ២ នេះ ជា​ច្រកទ្វារព្រំដែន​អន្តរជាតិ រួចហើយ​។​

​ក្នុងឱកាស​នេះ លោក ប៉ែន កុស​ល្យ បានស្នើ​ភាគី​ខេត្ត​បុរី​រាំ ឱ្យ​ជំរុញ​និង​ព​ន្លឿ​ន​បែបបទ ក្នុងការ​តម្លើង​កម្រិត​ច្រកទ្វារ​តំបន់​ព្រំដែន សាយ​តា​គូ ជា​ច្រកទ្វារព្រំដែន​អន្តរជាតិ ដូច​ខាង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែរ ដោយ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​កំពុងមាន​ស្រាប់ បច្ចុប្បន្ន សម្រាប់​បំពេញការងារ​តែម្តង​។​

​ទន្ទឹមនឹងនេះ លោក ប៉ែន កុស​ល្យ ក៏បាន​ស្នើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បន្ត​រួមគ្នា​បង្ការ និង​បង្ក្រាប​រាល់​សកម្ម​ភាពខុស​ច្បាប់ ទាំងអស់ នៅតាម​តំបន់​ព្រំដែន ពិសេស​ទាក់ទង​នឹង ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន ភេ​វរ​កម្ម ការដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន ខុសច្បាប់ ការជួញដូរ​មនុស្ស អាវុធ​ខុសច្បាប់ ការរត់ពន្ធ​វត្ថុ​បូរាណ ការលាង​លុយកខ្វក់ បទឧក្រិដ្ឋ​សេដ្ឋកិច្ច បទឧក្រិដ្ឋ​ព័ត៌មានវិទ្យា និង​រាល់​សកម្មភាព​ខុសច្បាប់​ផ្សេងៗ​ទៀត ក្នុង​គោលបំណង​ថែរក្សា​សន្តិភាព និង​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​តំបន់​ព្រំដែន​។ ក្នុងករណី យល់ឃើញថា មានការ​ពាក់ព័ន្ធ​នឹង​ភាគី​ណាមួយ ភាគី​ម្ខាង ត្រូវ​ជូនដំណឹង​ឱ្យ​ភាគី​ម្ខាង​ទៀត ជ្រាប​ដើម្បី​ទប់ស្កាត់ និង​រួមគ្នា​ដោះស្រាយ បាន​ទាន់ពេលវេលា​។ ស្នើ​បន្ត​ដោះស្រាយ ករណី​ឆ្លងដែន​ខុសច្បាប់ ប្រកបដោយ​ស្មារតី យោគយល់ ក្នុងនាម​មនុស្សធម៌ និង​ស្របតាម គោលការណ៍​នានា ដែល​បានទទួល​ស្គាល់​ជា​អន្តរជាតិ និង​ស្របតាម​ច្បាប់ លិខិតបទដ្ឋាន ប្រទេស​នីមួយៗ ជៀសវាង​ការធ្វើ​ទារុណកម្ម និង​បាញ់សម្លាប់​៕/V​