​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តំណែង​នាយក​រដ្ឋមន្ត្រី​របស់​លោក​ស្រី លី​ស ត្រាស់ នៅតែ​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​លោកស្រី​បាន​បណ្តេញ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​លោកស្រី និង​ដកចេញ​ផ្នែក​សំខាន់ៗ​នៃ​ថវិកា​ខ្នាត​តូច​របស់​លោកស្រី​នៅក្នុង​ការប្រថុយប្រថាន​មិន​ធម្មតា​មួយ​ដើម្បី​បន្ត​កាន់អំណាច​។​

​គេ​មិន​ទាន់​ច្បាស់​ទេ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​១៤​តុលា​ថា​តើ​សកម្មភាព​ខ្លាំងក្លា​បែបនេះ​អាច​គ្រប់គ្រាន់​ដើម្បី​រក្សា​តំណែង​លោកស្រី​នៅ​វិមាន​រដ្ឋាភិបាល​បាន​ឬក៏​អត់ ចំ​ពេល​ទីផ្សារ​នៅតែ​មាន​ភាពចលាចល ហើយ​មាន​សេចក្តីរាយការណ៍​ថា សមាជិក​សភា​បក្ស​អ​ភ​រិក្ស​គ្រោង​នឹង​ជំនួស​លោកស្រី​។​

​បន្ទាប់​ពី​ភាពចលាចល​រយៈពេល​បី​សប្តាហ៍​នៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ ក្រោយ​ពី​ការ​ផ្តល់​ជូន​ពន្ធ​ថវិកា​ខ្នាតតូច​ចំនួន​៤៣​ពាន់​លាន​ផោន​របស់​លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្វា​ស៊ី ក្វា​ថេង (Kwasi Kwarteng) លោកស្រី​ត្រាស់​បាន​បញ្ចប់រឿង​វឹកវរ​ជាច្រើន​ថ្ងៃនេះ ដោយ​បង្ខំ​មិត្តភក្តិ​របស់​លោកស្រី​ចេញពី​តំណែង​និង​ផ្លាស់ប្តូរ​ចិត្ត​លើ​ការតាំង​ចិត្ត​របស់​លោក​ស្រី​ដើម្បី​ទម្លាក់ចោល​ការដំឡើង​ពន្ធ​សាជីវកម្ម​ដែល​​បានគ្រោង​ទុក​ពី ១៩% ទៅ ២៥% ដែល​ជា​ផែនការ​ស្នូល​នៃ​យុទ្ធនាការ​រក្សា​អំណាច​ដឹកនាំ​របស់​លោកស្រី​។​

​លោក ជេ​រ៉េមី ហា​ន់ (Jeremy Hunt) ដែល​ធ្លាប់​ជា​គូប្រជែង​ដឹកនាំ​របស់​បក្ស​អភិរក្ស​ពីរដង និង​ជា​អតីតរដ្ឋមន្ត្រី​ការបរទេស ត្រូវបាន​ចាត់តាំង​ជា​អ្នក​ស្នង​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។​

​លោក ជេ​រ៉េមី ហា​ន់​(​ស្តាំ​)​ចូល​ជំនួស​លោកក្វា​ស៊ី ក្វា​ថេង​

​នៅ​ថ្ងៃ​សៅរ៍​នេះ លោក​នឹង​ត្រូវ​បង្ហាញមុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​លើកដំបូង ខណៈ​លោក​ព្យាយាម​ពង្រឹង​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​នៅក្នុង​រដ្ឋបាល​លោកស្រី​ត្រាស់​។​

​សម្ពន្ធមិត្ត​របស់លោក​ហាន់​កាលពី​ថ្ងៃ​សុក្រ​បាន​លើកឡើង​ថា​ឥឡូវនេះ​គាត់​នឹង​ក្លាយជា “​នាយក​ប្រតិបត្តិ​” នៅក្នុង​រដ្ឋាភិបាល ដោយ​ធ្វើឱ្យ​លោកស្រី​ត្រាស់​ក្លាយជា “​ប្រធាន​”​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​នៅ​វិមាន​រដ្ឋាភិបាល (Downing Street) កាលពី​ថ្ងៃ​សុក្រ លោកស្រី​បាន​ច្រាន​ចោល​ការអំពាវនាវ​ឱ្យ​លោកស្រី​លាលែង​ពី​តំណែង ដោយ​និយាយថា លោកស្រី “​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ដើម្បី​សម្រេច​បាន​អ្វី​ដែល​ខ្ញុំ​បាន​សន្យា​”​។​

​រឿង​នេះ​កើតឡើង​ខណៈ​លោកស្រី​ក៏​បង្ហាញ​ពី​ការ​រឹតត្បិត​ថ្មី​លើ​ការចំណាយ​សាធារណៈ​ផងដែរ ដែល​នឹង “​កើនឡើង​យឺតយ៉ាវ​ជាង​ការគ្រោងទុក​ពីមុន​” នៅមុន​ផែនការ​សារពើពន្ធ​រយៈពេល​មធ្យ​ម​នៅ​ថ្ងៃទី ៣១ ខែតុលា នៅពេលដែល​លោក​ហាន់​គ្រោង​នឹង​កំណត់​ពី​របៀប​ដែល​គាត់​មានបំណង​នាំ​ហិរញ្ញវត្ថុ​សាធារណៈ​ត្រឡប់​មក​លើ​ផ្លូវ​ត្រូវ​វិញ​៕

​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី លី​ស ត្រាស់​