​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​មន្ត្រី​ក្នុង​តំបន់​បានប្រកាសថា ការផ្ទុះ​នៅក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​តួ​ក​គី​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៥ នាក់​ខណៈ​ក្រុម​​អ្នក​ជួយ​សង្គ្រោះ ដែល​ធ្វើការ​ពេញ​មួយ​យប់ កំពុង​ព្យាយាម​ជួយ​មនុស្ស​រាប់​សិប​នាក់​ផ្សេងទៀត ដែល​ជាប់​នៅ​ក្រោម​ដី​។​

​ការផ្ទុះ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​សុក្រ​ទី​១៤​តុលា​នៅ​ឯ​អណ្តូងរ៉ែ TTK Amasra Muessese Mudurlugu ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ទីប្រជុំជន​អា​ម៉ា​ស្រា (Amasra) ក្នុង​ខេត្ត​ឆ្នេរសមុទ្រ​ខ្មៅ បា​ធី​ន (Bartin) ។​

​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​លោក ហ្វា​ធី ដុន​ម៉េស (Fatih Donmez)​បាន​និយាយថា ការវាយតម្លៃ​បឋម​បង្ហាញថា ការផ្ទុះ​ទំនង​ជា​បណ្តាលមកពី​ជាតិ​ឧស្ម័ន​នៅក្នុង​អណ្តូងរ៉ែ​ធ្យូង​ថ្ម​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក ស៊ូ​ឡី​ម៉ាន់ សយ​លូ (Suleyman Soylu) ដែល​បាន​ធ្វើដំណើរ​ទៅកាន់​ទីប្រជុំជន​អា​ម៉ា​ស្រា​ដើម្បី​សម្របសម្រួល​ប្រតិបត្តិការ​ជួយសង្គ្រោះ​បាន​ប្រាប់​អ្នកកាសែត​ថា​មាន​មនុស្ស​១១០​នាក់​នៅក្នុង​អណ្តូងរ៉ែ​នៅ​ពេល​ផ្ទុះ​។ លោក​រដ្ឋមន្ត្រី​បាន​និយាយថា កម្មករ​ភាគច្រើន​អាច​ជម្លៀស​ខ្លួន​ចេញ​បាន​បន្ទាប់​ពី​ការ​បំផ្ទុះ ប៉ុន្តែ ៤៩​នាក់​បាន​ជាប់​នៅក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​​នៃ​ទីតាំង​អណ្តូងរ៉ែ​នេះ​។​

​លោក​សយ​លូ​មិន​បាន​ផ្តល់​តួលេខ​នៃ​ចំនួន​អ្នក​នៅ​ជាប់​ក្រោម​ដី​ទេ ដោយ​និយាយថា អ្នកខ្លះ​ក្នុងចំណោម​អ្នក​ទាំង​៤៩​នាក់​ត្រូវបាន​លើក​ទៅ​កន្លែង​សុវត្ថិភាព​ហើយ​៕

​ការផ្ទុះ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​សុក្រ​ទី​១៤​តុលា​នៅ​ឯ​អណ្តូងរ៉ែ TTK Amasra Muessese Mudurlugu