​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អវកាសយានិក​បួន​នាក់​បាន​ត្រឡប់​មក​ផែនដី​វិញ​ក្នុង​យាន SpaceX កាលពី​ថ្ងៃ​សុក្រ​ទី​១៤​តុលា​ដោយ​បញ្ចប់​បេសកកម្ម​៦​ខែ​របស់​ពួកគេ​នៅ​ស្ថានីយ​អវកាស​​អន្តរជាតិ ជាមួយ​នឹង​ចុះចត​នៅលើ​មហាសមុទ្រ​អា​ត្លង់​ទិក​ក្បែរ​ឆ្នេរ​រដ្ឋ​ផ្លរីដា​។​

​អាកាសធាតុ​សើម​និង​ខ្យល់​បក់​នៅ​ទូ​ទាំង​រដ្ឋ​ផ្លរីដា​បាន​ពន្យារ​ពេល​ការ​ត្រឡប់​មក​ផែនដី​វិញ តែ​នៅ​ទីបំផុត​ក្រុមហ៊ុន SpaceX​និង​អង្គការ​ណា​សាបាន​ផ្តល់​ការអនុញ្ញាត​ឱ្យ​ចុះ​មក​ផែនដី​កាលពី​ថ្ងៃ​សុក្រ ហើយ​ជនជាតិ​អាម៉េរិក​បីនាក់​និង​អ៊ីតាលី​ម្នាក់​បាន​ចាកចេញ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ ដែល​ជា​លំនៅ​របស់​ពួកគេ​ចាប់​តាំងពី​ខែ​មេសា​។​

​យាន​ត្រូវបាន​សណ្តោង​តាម​ឆត្រយោង​ចុះ​ទៅ​ក្នុង​សមុទ្រ​នៅ​ជិត​ទីក្រុង​ជែក​សុន​វី​ល (Jacksonville) រដ្ឋ​ផ្លរីដា​នៅ​ប្រហែល​ប្រាំ​ម៉ោង​ក្រោយមក​។ យាន​នេះ​បាន​ដឹក​អវកាសយានិក​ណា​សា ឈ្មោះ ឃេ​ជែល លីន​ហ្គ្រេ​ន (Kjell Lindgren) បប់ ហ៊ី​ណេ​ស (Bob Hines) និង ជេស​ស៊ីកា វ៉ាត​គីន (Jessica Watkins) ដែល​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​គេ​ដែល​បំពេញ​ការហោះហើរ​នៅ​ទី​​អវកាស​រយៈពេល​វែង និង សា​ម៉ាន់​ថា គ្រីស្តូហ្វូ​រ៉េ​តទី (Samantha Cristoforetti) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​។ ក្រុមហ៊ុន SpaceX បាន​ដឹក​អវកាសយានិក​ថ្មី​ទៅ​ជំនួស​កាលពី​សប្តាហ៍​មុន​។​

​មុន​ពេល​ពិនិត្យ​សុខភាព ក្រុម​អវកាសយានិក​បាន​និយាយថា ពួកគេ​មិន​អាច​ទ្រាំ​រង់ចាំ​ផឹក​ភេសជ្ជៈ​ដាក់​ទឹកកក ញ៉ាំ​ភីហ្សា និង​ការ៉េម ងូតទឹក រីករាយ​នឹង​ធម្មជាតិ​បាន​ឡើយ​ហើយ​ពិត​ណាស់​គឺ​ជួប​​ជុំ​គ្រួសារ​របស់​ពួកគេ​។ ណា​សា​គ្រោង​នឹង​នាំ​ពួកគេ​ទៅ​ទីក្រុង​ហូ​ស្តុន (Houston) នៅ​ពេល​ពួកគេ​ចុះ​ពី​នាវា​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន SpaceX ហើយ​ត្រឡប់​មក​ដល់​ដី​គោក​។​

​មនុស្ស​នៅ​សល់​នៅលើ​ស្ថានីយ​អវកាស​គឺ​ជនជាតិ​អាម៉េរិក​បីនាក់ រុស្ស៊ី​បីនាក់ និង​ជនជាតិ​ជប៉ុន​ម្នាក់​៕

​អវកាស​យានិក​៤​នាក់​ត្រឡប់​មក​ផែនដី​វិញ​ដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​សុក្រ ។​យាន​ត្រូវបាន​សណ្តោង​តាម​ឆត្រយោង​ចុះ​ទៅ​ក្នុង​សមុទ្រ​នៅ​ជិត​ទីក្រុង​ជែក​សុន​វី​ល