​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក​អេ​ឡុន ម៉ាស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​តុលា​ថា ក្រុមហ៊ុន SpaceX នឹង​មិន​អាច​បង់ប្រាក់​សម្រាប់​អ៊ីនធឺណិត​ផ្កាយរណប Starlink​នៅ​ក្នុងប្រ​​ទេ​សអ៊ុយ​ក្រែន​ដោយ​គ្មាន​កាលកំណត់​នោះ​ទេ​ខណៈ​យោធា​អាម៉េរិក​បានបញ្ជាក់​ថា​ខ្លួន​កំពុង​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​របស់​ម​ហា​សេដ្ឋី​រូបនេះ​អំពី​ការផ្តល់​មូលនិធិ​សម្រាប់​បណ្តាញ​អ៊ីនធឺណិត​ដ៏​សំខាន់​នេះ​។​

​ការពិភាក្សា​នេះ​បាន​កើតឡើង ខណៈ​លោក​ម៉ាស​កំពុង​មាន​ការឈ្លោះប្រកែក​គ្នា​ជា​សាធារណៈ​ជា​មួយ​មេដឹកនាំ​អ៊ុយ​ក្រែន​ដែល​ខឹងសម្បា​ចំពោះ​ផែន​ការ​ដ៏​ចម្រូងចម្រាស​របស់​គាត់​សម្រាប់​ការបន្ធូរបន្ថយ​​ជម្លោះ ដែល​រួមមាន​ទាំង​ការទទួលស្គាល់​អធិបតេយ្យ​ភាព​រុស្ស៊ី​លើគ្រី​ម៉េ​។​

Starlink ដែល​ជា​ចង្កោម​ផ្កាយរណប​តូចៗ​ជាង ៣.០០០ នៅ​គន្លង​ផែនដី​ទាប មាន​សារៈសំខាន់​សម្រាប់​ការធ្វើទំនាក់ទំនង​រប​ស់អ៊ុយ​ក្រែន ខណៈ​ពួកគេ​ប្រយុទ្ធ​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ដោយ​ក្រុមហ៊ុន SpaceX បាន​បរិច្ចាគ​ស្ថានីយ​លើ​ដី​ប្រហែល ២៥.០០០ នេះ​បើ​យោង​តាម​តួលេខ​ដែល​បាន​ផ្តល់​ដោយ​លោក​ម៉ាស​កាលពី​សប្តាហ៍​មុន​។​

​នៅ​ក្នុងការ Tweet ជា​បន្តបន្ទាប់ បុរស​មាន​បំផុត​របស់​ពិភពលោក​រូបនេះ​ហាក់​បាន​បញ្ជាក់​របាយការណ៍​មួយ​ដោយ CNN ដែល​និយាយថា​គាត់​បាន​សរសេរ​ទៅកាន់​មន្ទីរ​បញ្ច​កោណ​ព្រមាន​ថា ការរួមចំណែក​ផ្នែក​ហិរញ្ញវត្ថុ​របស់​គាត់​នឹង​ដល់​ទីបញ្ចប់ ហើយ​ថា​យោធា​នឹងត្រូវ​ចេញថ្លៃ​សេវាកម្ម​។​

​លោក​បាន​សរសេរថា “SpaceX មិន​បាន​ស្នើសុំ​ឱ្យ​សង​ថ្លៃ​ការចំណាយ​ពី​មុន​នោះ​ទេ ប៉ុន្តែ​ក៏​មិន​អាច​ផ្តល់​មូលនិធិ​ដល់​ប្រព័ន្ធ​ដែល​មាន​ស្រាប់​ដោយ​គ្មាន​កាលកំណត់ និង​បញ្ជូន​ស្ថានីយ​រាប់ពាន់​បន្ថែម​​ទៀត​ដែល​មាន​ការប្រើប្រាស់​ទិន្នន័យ​រហូតដល់ ១០០​ដង​ខ្ពស់ជាង​គ្រួសារ​ធម្មតា​នោះ​ដែរ​។​នេះ​ជា​រឿង​មិន​សម​ហេតុផល​ទេ​”​។​

​លោក​ម៉ា​សបាន​និយាយថា ប្រតិបត្តិការ​នេះ​បានធ្វើឱ្យ SpaceX​ចាយ ៨០ លាន​ដុល្លារ​រួចទៅហើយ ហើយ​ត្រូវ​គេ​ព្យាករណ៍​ថា​នឹង​កើន​លើស ១០០ លាន​ដុល្លារ​នៅ​ចុងឆ្នាំ​នេះ​។​

​ប៉ុន្តែ CNN បាន​និយាយថា តួលេខ​របស់ SpaceX ដែល​បាន​ចែករំលែក​ជាមួយ​មន្ទីរ​បញ្ច​កោណ​បានបង្ហាញ​ថា ប្រហែល ៨៥ ភាគរយ​នៃ​ស្ថានីយ ២០.០០០ ដំបូង​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ត្រូវបាន​បង់ប្រាក់​​មួយ​ផ្នែក​ដោយ​ប្រទេស​ដូចជា​សហរដ្ឋ​អាម៉េរិក ប៉ូឡូញ ឬ អង្គភាព​ផ្សេងទៀត ដែល​បាន​ចំណាយ​ផងដែរ​សម្រាប់​ការតភ្ជាប់​អ៊ីនធឺណិត​ប្រហែល ៣០ ភាគរយ​។

​អនុ​អ្នកនាំពាក្យ​របស់​មន្ទីរ​បញ្ច​កោណ​លោកស្រី សា​ប្រ៊ី​ណា ស៊ី​ង (Sabrina Singh)​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រសួង​ការពារជាតិ​អាម៉េរិក​កំពុង​ទាក់ទង​ជាមួយ​លោក​ម៉ាស​អំពី​បញ្ហា​ផ្តល់​មូលនិធិ​។​

​លោកស្រី​ស៊ី​ង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​អាច​បញ្ជាក់បាន​ថា​ក្រសួង​បាន​ទទួល​ការ​ឆ្លើយឆ្លង​ពី SpaceX​អំពី​ការផ្តល់​មូលនិធិ​នៃ​…​ផលិតផល​ទំនាក់ទំនង​ផ្កាយរណប​របស់​​ពួកគេ​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។ យើង​នៅ​កំពុង​ធ្វើ​ទំនាក់ទំនង​ជាមួយ SpaceX អំពី​បញ្ហា​នេះ និង​ប្រធានបទ​ផ្សេងទៀត​”៕

​លោក​ម៉ាស​កំពុង​មាន​ការឈ្លោះប្រកែក​គ្នា​ជា​សាធារណៈ​ជា​មួយ​មេដឹកនាំ​អ៊ុ​យក្រែន រឿង​ផែនការ​បញ្ចប់​ជម្លោះ​របស់​គាត់ ដែល​រួម​មាន​ការ​ទទួលស្គាល់គ្រី​មេ​ជា​របស់​រុស្ស៊ី