ដោយៈ ប.ខុន / ភ្នំពេញៈ វិសម្ពាធ D ថ្មីមួយទៀត ដែលបានកើតមាន នៅក្នុងសមុទ្រ ប៉ាស៊ីហ្វិក ភាគឦសាន នៃប្រទេសហ្វីលីពីន អាចនឹងវិវត្តទៅជាព្យុះទី២០ ហើយទំនងជាដើរចូលមក ក្នុងសមុទ្រចិន ខាងត្បូងទៀត បន្ទាប់ពីកូនព្យុះទី១៩ ឈ្មោះ សុនកា (SONCA) បានរលាយ ពេលឡើងគោក នៅលើភាគកណ្តាល ប្រទេសវៀតណាម ដោយបង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅលើទីក្រុងវ៉េ ប្រទេសវៀតណាម និងនៅតំបន់អាងទន្លេមេគង្គលើ តែមិនបាននាំមកនូវការធ្លាក់ភ្លៀងច្រើន ដល់ប្រទេសកម្ពុជាទេ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ថាៈ កូនព្យុះទី១៩ ឈ្មោះ សុនកា (SONCA) បានរលាយទៅវិញហើយ បន្ទាប់ពីឡើងគោក នៅភាគកណ្តាល ប្រទេសវៀតណាម និងរំកិលចូលទៅដល់ព្រំប្រទល់ឡាវ វៀតណាម នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ។ ព្យុះនេះ បង្កឱ្យមានភ្លៀង ធ្លាក់ច្រើននៅទីក្រុងវ៉េ ប្រទេសវៀតណាម និងអាងទន្លេមេគង្គលើ ក្នុងប្រទេសឡាវ។ នៅក្នុងប្រទេសកម្ពុជា មានភ្លៀងធ្លាក់តិចតួច និងអាកាសធាតុចុះ ជាមួយខ្យល់បក់បោកខ្លាំង។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ បរិមាណភ្លៀងធ្លាក់ នៅក្នុងកម្រិតពី ២០ ទៅ ៤០ មីលីម៉ែត្រ នៅប៉ាក់សេ និងខុងជាម ត្រឹមព្រឹកថ្ងៃទី១៥ ខែតុលានេះ គឺមិនបានធ្វើឱ្យទឹកទន្លេមេគង្គ នៅភាគខាងលើ ហក់ឡើងខ្លាំងជាថ្មីទេ គឺគ្រាន់តែធ្វើឱ្យទឹកទន្លេ ស្រកចុះយឺត។ ក្រោយពីព្យុះទី១៩ រលាយមានវិសម្ពាធ D មួយទៀត បានកើតឡើង នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ភាគឦសាន នៃប្រទេសហ្វីលីពីន អាចនឹងវិវត្តទៅជាព្យុះទី២០ មានដំណើរចូលមកក្នុងសមុទ្រចិនខាងត្បូងទៀត។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលាថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពល ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ។ តែនៅប៉ែក ខាងក្រោម (ត្បូង) ទទួលរងឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាបខ្សោយ ដែលអូសបន្លាយ កាត់លើចុងខាងត្បូង នៃដីសណ្តមេគង្គ ធ្វើឱ្យបណ្តាខេត្ត នៅភាគខាងលើ (ជើង) និងភាគពាយ័ព្យ មានភ្លៀង នៅក្នុងកម្រិតតិចតួច  តែនៅរាជធានី និងបណ្តាខេត្ត ភាគខាងក្រោម អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខ្សោយ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឱ្យបណ្តាខេត្ត តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ បណ្តាខេត្តនៅភាគខាងជើង និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតតិចតួច។ ដោយឡែក រាជធានី និង បណ្តាខេត្ត ភាគខាងត្បូង អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខ្សោយ។

សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខ្សោយ ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាចមានភ្លៀងធ្លាក់​នៅក្នុងកម្រិត ពីតិចទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខ្សោយ៕/V-PC