ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន បី នាក់ ដែលជាម្ចាស់ អាជីវកម្មទូកដ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ពាក់ព័ន្ធករណីលិចទូកដ បណ្តាលឲ្យក្មេងៗ សិស្សសាលា ស្លាប់ចំនួន ១១នាក់ និង បួន នាក់ ជួយសង្គ្រោះរួចផុតពីការស្លាប់។ ករណីលិចទូកដនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលានេះថាៈ ជនសង្ស័យចំនួន ៣នាក់ ដែលឃាត់ខ្លួន មានដូចជាៈ ១. ឈ្មោះ ឆឹង វណ្ណា ភេទស្រី , ២. ឈ្មោះ ឆឹង ស្រីនាង ឃាត់ខ្លួនកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ និងទី៣. ឈ្មោះ ថេត ចន្ធី ភេទប្រុស អ្នកបើកទូកដ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ។

សូមជម្រាបថា រយៈពេល ២យប់-៣ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុលិចទូកដ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល បានដឹកនាំកម្លាំងចូលរួមសហការ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួម សហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានស្រាវជ្រាវរុករកជនរងគ្រោះ ចំនួន ១៥ នាក់ ស្រី៤នាក់ (ស្លាប់១១នាក់ ស្រី៣នាក់) មានដូចខាងក្រោម៖
– ជួយសង្គ្រោះបានចំនួន៤នាក់ ស្រី១នាក់ រួមមាន៖
១-ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដទទឹង
២-ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដទទឹង
៣-ឈ្មោះ វី ចាន់បូរ៉ា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស
៤-ឈ្មោះ សូត្រ រក្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស

-រកឃើញសាកសព ចំនួន១១នាក់ ស្រី៣នាក់ មុខរបរសិស្ស រួមមាន៖
១-ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ ឆ្នាំ
២-ឈ្មោះ ភារុំ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ
៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ
៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ
៥-ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ
៦-ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ
៧-ឈ្មោះ ឧត្តម មុន្នី ភេទប្រុស អាយុ១៣ឆ្នាំ
៨-ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ
៩-ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ
១០-ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ
១១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ៕/V-PC