​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​វ៉េ​អិន​អិច​ស្ព្រេ​ស​) ៖ ក្មេងប្រុស​ជំទង់​ម្នាក់​នៅ​ខេត្ត​ហាយ​ហ្វឿង (Hai Duong) ភាគ​ខាងជើង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​បាន​លេបថ្នាំ​ពន្យារកំណើត ២១​គ្រាប់​របស់​ម្តាយ​ខ្លួន ដោយ​ច្រឡំ​ស្មានតែ​ជា​ថ្នាំ​ក្អក​។​

​ម្តាយ​របស់​គេ​បាន​យក​ថ្នាំ​មួយចំនួន​មក​ផ្ទះ​ដើម្បី​ព្យាបាល​ការ​ឈឺបំពង់ក​របស់​កូនប្រុស ប៉ុន្តែ​បាន​ដាក់​វា​នៅក្បែរ​ថ្នាំ​ពន្យារកំណើត​របស់គាត់​។​ក្មេងប្រុស​មិន​ចេះ​ប្រុងប្រយ័ត្ន​នេះ​បាន​លេបថ្នាំ​ពន្យារកំណើត​​ទាំង ២១ គ្រាប់ ហើយ​ម្តាយ​ទើប​តែ​ដឹង​រឿង​នេះ​នៅ ៤ ម៉ោង​ក្រោយ​។ ម្តាយ​បាន​ប្រញាប់ប្រញាល់​នាំ​កូនប្រុស​ទៅកាន់​មណ្ឌល​វេជ្ជសាស្ត្រ​ស្រុកនិ​ញ​យ៉ាង (Ninh Giang) នេះ​បើ​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​របាយការណ៍​បានលើកឡើង​ពី​ចម្ងល់​ថា​ហេតុ​អី​បាន​ដែល​ក្មេង​ប្រុស​នេះ​លេបថ្នាំ​ម្តង ២១ គ្រាប់​។​

​វេជ្ជបណ្ឌិត ផាន ហ៊ុយ​ម៉ា​យ (Phan Huy Mai)​នៃ​មជ្ឈមណ្ឌល​ខាងលើ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​តុលា​ថា ក្មេងប្រុស​នេះ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​គ្មាន​រោគសញ្ញា​ខុស​ប្រក្រតី​ទេ​។ ថ្នាំ​នេះ​បាន​បង្ហូរ​ចេញពី​ពោះ​របស់​ក្មេង​ហើយ ហើយ​រូបគេ​ត្រូវបាន​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​។ លោក​ម៉ៃ​បាន​និយាយថា ក្មេង​គ្រាន់តែ​ត្រូវ​គេ​ត្រួតពិនិត្យ​ដើម្បី​រក​មើល​សញ្ញា​ពុល​ណាមួយ​ប៉ុណ្ណោះ​។​

​លោក​ម៉ា​យ​និយាយថា នេះ​ជា​លើកទីមួយ​ហើយ ដែល​មជ្ឈមណ្ឌល​បាន​ទទួល​អ្នកជំងឺ​ជា​បុរស ដែល​លេបថ្នាំ​ពន្យារកំណើត​ដោយ​ច្រឡំ​។ គាត់​បាន​បន្ថែម​ថា​ថ្នាំ​ពន្យារកំណើត​មាន​ផលប៉ះពាល់​ចំពោះ​​តែ​ស្ត្រី​ប៉ុណ្ណោះ ដូច្នេះ​វា​មិន​មាន​គ្រោះថ្នាក់​ដល់​បុរស​ទេ ប្រសិនបើ​លេប​ច្រឡំ​៕