ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍ទី២ ក្នុងខែតុលានេះ កើតមានព្រឹត្តិការណ៍ជាតិជាច្រើន ក្នុងនោះ រួមមានសកម្មភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់កាយរឹទ្ធិជាតិកម្ពុជា ស្ត្រីអាស៊ាន កិច្ចប្រជុំសង្គមវប្បធម៌អាស៊ាន រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងព្រឹត្តិការណ៍លិចទូកដ នៅកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល សម្លាប់កុមារ ជាសិស្សសាលា ១១នាក់ និងសង្គ្រោះបានបួននាក់។

កម្ពុជាប្រារព្ធព្រះរាជពិធីរំលឹកខួប ១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”(រូបថតហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន)

១.សម្ដេចតេជោចែករំលែកទស្សនទានគន្លឹះមួយចំនួនសំដៅជំរុញអភិវឌ្ឍន៍សមត្ថភាពនិងប្រសិទ្ធភាពការងាររបស់ក្រុមកាយរឹទ្ធិជាតិកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហាសន្និបាតកាយរឹទ្ធ ជាតិកម្ពុជាអាណត្តិទី៤កាលពីថ្ងៃទី១៤ខែតុលា។សម្តេចតេជោបានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន សំដៅជំរុញលើកទឹកចិត្តឲ្យក្រុមការងារកាយរឹទ្ធជាតិកម្ពុជា បន្តអនុវត្តការងាររបស់ខ្លួន ឱ្យកាន់តែសកម្មនិងមាន ប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួម សម្រាប់ខ្លួនឯង សង្គមជាតិ និងមាតុភូមិ។

២.សម្តេចតេជោ ហ៊ុន សែន៖ការសម្រេចដករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមិនខុសរដ្ឋធម្មនុញ្ញនោះទេ

នៅក្នុងពិធីបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ កាលពីរសៀលថ្ងៃទី១០ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចដករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី៨ ខែតុលា គឺមិនខុសនឹងរដ្ឋធម្មនុញ្ញនោះទេ។

៣- រដ្ឋាភិបាលអាល្លឺម៉ង់ សន្យាជំរុញអ្នកវិនិយោគបន្ថែម មករកស៊ីនៅកម្ពុជា

ឯកអគ្គរដ្ឋទូតថ្មីរបស់ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១០ ខែតុលានេះ នៅវិមានសន្តិភាព។ ក្នុងសវនាការឯកអគ្គរដ្ឋទូតថ្មី លោក ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) បានសន្យា ជួយជំរុញអ្នកវិនិយោគអាល្លឺម៉ង់បន្ថែម មករកស៊ីនៅកម្ពុជា និងបន្តប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីធ្វើឱ្យប្រសើរ ឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់។

៤.សម្ដេចតេជោ ហ៊ុន សែន ស្នើតែងតាំងឯកឧត្តម វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតជ័យលាភីសាកល
វិទ្យាល័យភ្នំពេញអន្តរជាតិកាលពីព្រឹកថ្ងៃទី១១ ខែតុលា បានប្រកាសទូលថ្វាយព្រះមហាក្សត្រដើម្បីតែងតាំង លោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី។ ការតែងតាំងនេះបានធ្វើ ឡើង បន្ទាប់ពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងលោកពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម កាលពីថ្ងៃសៅរ៍ ទី៨ ខែតុលាកន្លងទៅ។ ក្រៅពីប្រកាសពីការតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសម្ដេចតេជោ ក៏បានបញ្ជាក់ជាផ្លូវការពីមូលហេតុនៃការបញ្ចប់តំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្មដោយសម្តេច អះអាងថា ដោយសារតែលោក វេង សាខុនមិនធ្វើតាមការចង់ បានរបស់សម្តេច។

លោក ឌិត ទីណា ទទួលការគាំទ្រពីរដ្ឋសភាជាតិ សម្រាប់តំណែងរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ(រូបថត រដ្ឋសភា)

៥- សម្តេចតេជោ ហ៊ុន សែន ប្រកាសជោគជ័យលើការប្តឹងប្រឆាំងលោក សម រង្ស៊ី នៅតុលាការបារាំង ជុំវិញមរណភាពលោក ហុក ឡង់ឌី

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) កាលពីថ្ងៃទី១១តុលា បានប្រកាសពីភាពជោគជ័យជុំវិញការដាក់ពាក្យបណ្ដឹងលោក សម រង្ស៊ី អតីត​ មេដឹកនាំគណបក្សប្រឆាំង ជុំវិញមរណភាពលោក ហុក ឡង់ឌី នៅតុលាការប្រទេសបារាំង។ សម្ដេចតេជោ ហ៊ុន សែន ផ្អែកតាមសាលក្រមតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានអះអាងថា តុលាការបានរកភាពស្អាតស្អំឱ្យ សម្តេច ដោយមិនជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់លោក ហុក ឡង់ឌី ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រកាល ពីឆ្នាំ២០០៨ នោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅក្នុងសវនាការបារាំងនោះ លោក សម រង្ស៊ី គ្មានភស្តុតាងអ្វីចោទមកសម្ដេច ជុំវិញករណីមរណភាពលោក ហុក ឡង់ឌី ឡើយ។

៦.ក្រុមមេធាវីអន្តរជាតិ ប្រកាសថា តុលាការទីក្រុងប៉ារីស សម្រេចថា ការចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកបង្គាប់បញ្ជាឱ្យធ្វើឃាតលោក ហុក ឡង់ឌី គឺជារឿងបរិហាកេរ្តិ៍ ក្រុមមេធាវីជនជាតិបារាំងរបស់សម្តេច
តេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែតុលា បានប្រកាសថា តុលាការសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង បានបញ្ជាក់ ក្នុងសាលាក្រមរបស់ខ្លួន ចុះថ្ងៃទី១០តុលាដោយបានសម្រេចថា ការចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកបង្គាប់បញ្ជាឱ្យធ្វើឃាតលោក ហុក ឡង់ឌី គឺជារឿងបរិហាកេរ្តិ៍ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី គឺសម្តេចតេជោ ហ៊ុន សែន។

៧.ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ«រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ»

ក្នុងឱកាសនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃ១៣តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែនក្នុងនាម រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនូវសារលិខិតជូនបងប្អូនជនរួមជាតិទាំងអស់។តាមសម្តេចតេជោទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃ១៣ខែតុលាធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតីនៃការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងក្របខណ្ឌពហុវិស័យឈរលើគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ចសង្គម ប្រកបដោយបរិយាប័ន្ន។

៨. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២

កាលពីរសៀលថ្ងៃទី១២ ខែតុលាឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធាន អាស៊ាន បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ដែលរៀបចំធ្វើតាមទម្រង់ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២នេះរៀបចំឡើងក្រោម ប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ បំផុសសហគ្រិនស្ត្រី នៅក្នុងអាស៊ាន»។

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកទស្សនទានសំខាន់ៗជាច្រើនដើម្បីរួមចំណែកដល់ភាពរីកចម្រើនទៅមុខ
រួមគ្នានៃជោគវាសនាសហគមន៍អាស៊ាន

ក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសន្ទរកថាគន្លឹះបើកជាផ្លូវការនូវកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍-សង្គមវប្បធម៌អាស៊ាន លើកទី២៨ នៅថ្ងៃទី១៣ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានចែករំលែកនូវទស្សនទានសំខាន់ៗជាច្រើនសំដៅរួមចំណែកដល់ភាពរីកចំរើនទៅមុខរួមគ្នានៃជោគវាសនាសហគមន៍អាស៊ាន។ សម្តេចតេជោ បានបំផុសគំនិត ជំរុញអោយមេដឹកនាំប្រទេសទំាង១០ ក្នុងតំបន់អាស៊ាន រួមគ្នាគិតគូរពីការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីត១៩សាមគ្គីភាពក្នុងភាពចម្រុះដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា រួមគ្នាគិតគូរពីអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន និងជំរុញការធ្វើការរួមគ្នា ធ្វើអោយចេញជារូបរាងនូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ជាដើម។

១០.ទឹកជំនន់ បង្កផលប៉ះពាល់ដល់ ២៣ខេត្ត និងមានប្រជាជនជាងបួនពាន់គ្រួសារ ត្រូវជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព

យ៉ាងណោចណាស់មាន ២៣ខេត្តហើយ បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងមានប្រជាជនប្រមាណ ៤.៥៥៦គ្រួសារ ដែលស្មើនឹងជាងពីរម៉ឺននាក់ ត្រូវបានជម្លៀសពីផ្ទះលិចទឹក ទៅកាន់ទីទួលសុវត្ថិភាព។ ក្នុងនោះ ទឹកជំនន់ ក៏បានលិចដំណាំស្រូវប្រមាណជាង ១៩ម៉ឺនហិកតា ផងដែរ។

១១-សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខក្រុមគ្រួសារក្មេងៗ ជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកចម្លង នៅខេត្តកណ្តាល

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី១៤ ខែតុលា បានប្រកាសចូលរួមរំលែកទុក្ខដល់ ក្រុមគ្រួសារសិស្សសាលា ដែលជាជនរងគ្រោះ ក្នុងឧបទ្ទវហេតុលិចទូកចម្លង កាលពីយប់ថ្ងៃទី១៣ ខែតុលា នៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ហេតុការណ៍នោះ មានកុមារ ជាសិស្សជំទង់ ១៥នាក់។ ក្រោយការណ៍ភ្លាមៗ សិស្សសាលាបួននាក់ ត្រូវបានជួយសង្គ្រោះ ហើយសាកសព ត្រូវបានរកឃើញជាបន្តបន្ទាប់ ចំនួន ១១នាក់។ សពកុមារាចុងក្រោយគេ ត្រូវបានរកឃើញ នៅព្រឹកថ្ងៃទី១៥ ខែតុលា។

១២- ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កាលពីព្រឹកថ្ងៃទី១៤ ខែតុលា រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជូនលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សមាជិករដ្ឋសភា ដែលជាអ្នកតំណាងរាស្ត្រ១១១រូប រួមទាំងសម្តេចតេជោ ហ៊ុន សែន ផង បានបោះឆ្នោតជាសម្ងាត់ ដោយគាំទ្រជាឯកច្ឆន្ទ ក្នុងសំឡេង ១១១ លើ ១១១សំឡេង។ ប៉ុន្មានម៉ោងក្រោយពីរដ្ឋសភា ប្រជុំបោះឆ្នោតរួចមក គឺនៅរសៀលថ្ងៃទី១៤ខែតុលាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង លោក ឌិត ទីណាជារដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជំនួសលោកវេងសាខុនដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

១៣.កម្ពុជាប្រារព្ធព្រះរាជពិធីរំលឹកខួប ១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

កាលពីថ្ងៃទី១៥ ខែតុលា កម្ពុជាប្រារព្ធព្រះរាជពិធីរំលឹកខួប ១០ឆ្នាំនៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតា ឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”។ ចាប់តាំងពីព្រឹកព្រលឹម ក្រសួងស្ថាប័នជាតិជាច្រើន បានថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ នៅស្តូបព្រះបរមរូបរបស់ព្រះអង្គ នៅលើសួនច្បារវិមានឯករាជ្យ។ នៅពេលរសៀល ថ្ងៃទី១៥តុលា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី និងសម្តេចម៉ែ បានប្រារព្ធព្រះរាជ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងព្រះរាជពិធីឧទ្ទិពិធីបុណ្យឧទ្ទិសព្រះមហាកុសល គម្រប់ខួប ១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅក្នុងព្រះបរមរាជវាំងដោយមានថ្នាក់ ដឹកនាំកំពូលៗ អញ្ជើញចូលរួម ដោយមានទាំងសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមផងដែរ៕
សរន