ដោយ៖ ដេប៉ូ / កំពង់ធំ៖ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថាៈ ក្រសួងបរិស្ថាន បានកំពុងយកចិត្តទុកដាក់ជម្រើសមុខរបរ ដើម្បីបង្កើនជីវភាពសហគមន៍ តំបន់ការពារធម្មជាតិនៅកម្ពុជា។

ការថ្លែងរបស់លោកស្រី រដ្ឋលេខាធិការ ក្រសួងបរិស្ថានបែបនេះ បានធ្វើឡើង ក្នុងពេលបើកវគ្គបណ្តុះបណ្តាល ជាភ្នាក់ងារពេទ្យសត្វ នៅតាមមូលដ្ឋាន ដល់ប្រជាពលរដ្ឋ ជាសមាជិក សមាជិកា សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កន្លងមក។

លោកស្រី ម៉ុម ថានី បានបញ្ជាក់ថាៈ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និង ដោយមានការគាំទ្រ យ៉ាងពេញទំហឹងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បាននិងកំពុងជួយបង្កើតជម្រើសមុខរបរ ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ក្រៅពីការពឹងអាស្រ័យលើ ធនធានធម្មជាតិ ចូលរួមអភិរក្សប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋ និងចូលរួម បង្កើតទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។

លោកស្រី បានបញ្ជាក់បន្ថែមថាៈ វគ្គបណ្តុះបណ្តាល ធ្វើជាភ្នាក់ងារពេទ្យសត្វ នាពេលនេះ បានបង្កើតឡើង តាមរយៈគម្រោងពិព័រណ៍សហគមន៍ របស់ក្រសួងបរិស្ថាន ដែលរៀបចំ ឡើង សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីបង្កើនជម្រើសមុខរបរ ដែលជួយឲ្យ ជីវភាព សហគមន៍តំបន់ការពារធម្មជាតិ មានការរីកចម្រើនរុងរឿង។

ដោយឡែក លោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថាៈ តាមរយៈគម្រោងពិព័រណ៍សហគមន៍ របស់ក្រសួងបរិស្ថាន បងប្អូន សហគមន៍ តំបន់ការពារធម្មជាតិ នៅក្នុងខេត្តកំពង់ធំ បានសម្រេចជ្រើសរើស យកមុខរបរ ចំនួន៩ ដើម្បីធ្វើការអភិវឌ្ឍជីវភាព រស់នៅរបស់ពួកគាត់ ហើយក្នុងចំណោមមុខរបរ ទាំងនោះ មានការអភិវឌ្ឍផ្នែកកសិកម្ម ដូចជា ការចិញ្ចឹមសត្វ ការដាំដុះ និងការព្យាបាល ជំងឺសត្វ ឬពេទ្យសត្វនេះតែម្តង។

លោក សេង សោត បានបង្ហាញផងដែរថាៈ គម្រោងពិព័រណ៍សហគមន៍ គឺយន្តការគាំទ្រ យ៉ាងរឹងមាំ ជួយអភិវឌ្ឍន៍ សមត្ថភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ ការពារធម្មជាតិ តាមរយៈការបណ្តុះបណ្តាល ចំណេះជំនាញផ្សេងៗ ប្រកបដោយ សក្តានុពល ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការបង្កើតទំនាក់ទំនងស្អិតរមួត រវាងសហគមន៍ និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះគឺ ស៤ ដែលមានន័យថា សហគមន៍ សហការ សហគ្រិន និងសមិទ្ធផល។

លោក ចាន់ តារា អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ធំ បានលើកឡើងថាៈ ការរៀបចំបើកវគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយ ដើម្បីឆ្លើយតបទៅនឹងគោលដៅ ជា យុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូន ក្នុងសហគមន៍មូលដ្ឋាន ដែលចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចជាតិផង និងបង្កើតការងារ ក្នុងកំរិតមូលដ្ឋានផងដែរ។ គម្រោងនេះ ពិតជាមានសារសំខាន់ និងផ្តល់នូវផលប្រយោជន៍ ច្រើនបែបយ៉ាង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ ការពារធម្មជាតិ ដែលជាសហគមន៍តំបន់ការពារធម្មជាតិ ជាអ្នកចូលរួមជួយថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងអភិរក្សមរតកវប្បធម៌ ដែលមានក្នុងសហគមន៍ផងដែរ ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានសម្រេចរៀបចំបង្កើត ជាសហគមន៍តំបន់ការពារធម្មជាតិ ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ មានចំនួន ១៩០ សហគមន៍ នៅតាមតំបន់ការពារ ធម្មជាតិនានា ហើយក្នុងចំណោមនោះ ខេត្តកំពង់ធំ មានសហគមន៍តំបន់ការពារធម្មជាតិ សរុបចំនួន ១៧ ដែលសហគមន៍មួយចំនួន មានបងប្អូនជនជាតិដើម រស់នៅទីនោះ ផងដែរ៕/V