ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងប្រធានមន្ទីរ ជុំវិញខេត្ត បាននាំយកពូជស្រូវស្រាល មិនប្រកាន់រដូវ OM ៥៤៥១ (៩០-៩៥ថ្ងៃ) ចំនួន ៣៥.១០០ គីឡូក្រាម ចែកជូនប្រជាពលរដ្ឋ ដែលទទួលរងការខូចខាតដំណាំស្រូវទាំងស្រុង លើផ្ទៃដីចំនួន ២៦៣ ហិកតា ស្មើនឹង ៦០៦ គ្រួសារ មកពី ៧ ឃុំ ក្នុងស្រុកស្ទោង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

លោក អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថាៈ រាជរដ្ឋាភិបាល តែងតែគិតគូរ យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាកសិករ ដែលបានរងគ្រោះដោយទឹកជំនន់ ក៏ដូចជាគ្រោះមហន្ដរាយ ដែលបង្កឡើងដោយធម្មជាតិ ដើម្បីជួយសម្រាលទុក្ខ ក៏ដូចជា ការជួយស្ដារឡើងវិញ នៃជីវភាពរស់នៅ ឱ្យមានភាពល្អប្រសើរ ឡើងវិញ ។

លោកអភិបាលខេត្ត បានសុំអធ្យាស្រ័យ ពីប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ ទាំងអស់ ចែកជូនពូជស្រូវនេះ គឺធ្វើទៅជាជំហានៗ ហើយជាជំហានដំបូង គឺយើងចែកជូន ដល់ប្រជាកសិករ ដែលខ្វះលទ្ធភាព មានការលំបាកខ្លាំង មុនគេ ដើម្បីឲ្យពួកគាត់ អាចស្ដារឡើងវិញ ឲ្យបានឆាប់រហ័ស ហើយយើងនឹងធ្វើការចែក ជូនដល់កសិករ ជាបន្តបន្ទាប់ទៀត នៅតាមភូមិឃុំ ដែលទទួលរងការខូចខាត ដោយសារទឹកជំនន់ នាពេលកន្លងមកនេះ។

លោក អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថាៈ មានកត្តាជាច្រើន ដែលជំរុញឱ្យ យើងមានមោទនភាពបែបនេះ ដែលក្នុងនោះ យើងមិនអាចបំភ្លេចបាន នូវការខិតខំប្រឹង ប្រែង មិនខ្លាចនឿយហត់ របស់ប្រមុខដ៏ឆ្នើម នៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួង សា្ថប័នពាក់ព័ន្ធ អាជា្ញធរមូលដ្ឋានថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ក្រោមការយកចិត្តទុកដាក់ ណែនាំតម្រង់ របស់សម្តេចតេជោ ហ៊ុន សែន និងការចូលរួម យ៉ាងសស្រោកសស្រាំ របស់បងប្អូន កសិករ នៅតាមមូលដ្ឋាន និងដោយមានការគាំទ្រ ពីអង្កការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្រជាកសិករ ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងកិច្ចការងារបង្ករបង្កើនផល ចាប់ពីដើមខែក្រោយ ។ នេះជាកក្តាមួយយ៉ាងចាំបាច់ និងអំណោយផលដល់ប្រជាកសិករយើង ក្នុងកាប្រកបមុខ របរកសិកម្ម និងដំាដំណាំផ្សេងៗ ទៅតាមតំរូវការចាំបាច់ របស់បងប្អូនប្រជាកសិករ ដើម្បីសំរេចបាននូវកាអភិវឌ្ឍ រីកចម្រើនក្នុងមូលដ្ឋាន ។

យោងតាមលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឱ្យដឹងថាៈ នៅអំឡុងជំនន់ទឹក ភ្លៀង កន្លងទៅនេះ ស្រុកស្ទោង មាន ៨ ឃុំ លើ ១៣ ឃុំ ស្មើនឹង ៥២ ភូមិ ក្នុងនោះមាន ឃុំទ្រា ឃុំបន្ទាយស្ទោង ឃុំព្រះដំរី ឃុំរុងរឿង ឃុំចំណាលើ ឃុំចំណាក្រោម ឃុំប្រឡាយ និងឃុំកំពង់ចិនជើង ធ្វើឱ្យលិចក្រោមផ្ទះប្រជាពលរដ្ឋ ៤.៦២៦ ខ្នងផ្ទះ វត្ត៩វត្ត សាលារៀន ២០សាលា មណ្ឌលសុខភាព ២មណ្ឌល និងលិចផ្លូវ ៣៧ ខ្សែ (ក្នុងនោះ ផ្លូវដីស ៤.០៧៩ ម៉ែត្រ, ផ្លូវក្រួសក្រហម ៣៣.៥១៨ ម៉ែត្រ, ផ្លូវកៅស៊ូ ១.២០០ ម៉ែត្រ ) ប៉ះពាល់ស្រូវរបស់ បងប្អូនចំនួន ៣.៦៧៨ ហិកតា ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ និងប្រជាកសិករ ចំនួន ៥៨៩ គ្រួសារ ទទួលបានគ្រាប់ស្រូវពូជ ១គ្រួសារ​ទទួល ៥០ គីឡូក្រាម ដោយពួកគាត់មានផ្ទៃដីក្រោម ១ហិកតា ចំណែកពលរដ្ឋ ចំនួន ១៧ គ្រួសារ ទទួលបានគ្រាប់ស្រូវពូជ ១០០ គីឡូក្រាម ដោយពួកគាត់ មានផ្ទៃដី លើសពី ១ ហិកតា៕/V