ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៥ តុលា នេះ ការប្រកួតកីឡាប៉េតង់ជើងឯកជាតិ បានចាប់ផ្ដើមប្រកួតហើយ ដែលតាមការគ្រោងទុក ការប្រកួតនេះ នឹងបញ្ចប់នៅថ្ងៃទី១៦ តុលា ស្អែកនេះ ។

ព្រឹត្តិការណ៍នេះ មានកីឡាករ កីឡាការិនី គ្រូបង្វឹកចូលរួមចំនួន ១២៧ នាក់ មកពីសមាគម ក្លិនចំនួន ១៧ ដែលក្នុងមានក្លិបចំនួន៧ ។ កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតនេះ សុទ្ធតែជាជ័យលាភីលេខ១ និងលេខ២ ដែលបានប្រកួតជម្រុះ នៅតាមតំបន់ទាំង៥ និង ៤​ ស្ថាប័ន ។

វិញ្ញាសាដែលដាក់ឲ្យប្រកួត មានចំនួន៥ ដែលប្រកួតតាមរូបមន្ដវិលជុំ ។ វិញ្ញាសាទាំង ៥ នោះ មានវិញ្ញាសា បុរស ម្នាក់ទល់ម្នាក់ មាន ១៧ ក្រុម​ចែកចេញជា ៤ ពូល និងមាន ៣៦ ប្រកួត វិញ្ញាសានារី ម្នាក់ទល់ម្នាក់ មាន ១៤ ក្រុម ចូលរួម ដោយចែកចេញជា ៤ ពូល ដែលមាន ២៥ ប្រកួត។

វិញ្ញាសាយុវជនអាយុក្រោម ១៨ឆ្នាំ ម្នាក់ ទល់ម្នាក់ មាន១៥ក្រុម ចែកចេញជា ៤ ពូល មាន ២៧ ប្រកួត។ វិញ្ញាសានារី អាយុក្រោម១៨ឆ្នាំ ម្នាក់ទល់ម្នាក់ មាន១៣ក្រុម ចែកចេញជា ៤ពូល មាន២៣ប្រកួត និងវិញ្ញាសា២នាក់ទល់២នាក់ ដែលមាន ១៥ក្រុម ចូលរួម ចែកចេញជា ៤ពូល មាន ២៧ប្រកួត ។

លោក សុខ សូកាន ដែលជាប្រធានសហព័ន្ធ បានអញ្ជើញចូលរួម ក្នុងពិធីបើកការប្រកួត ប្រចាំឆ្នាំដ៏ធំនេះ ។ លោកបានមានប្រសាសន៍ថាៈ សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា​ បានត្រៀមលក្ខណៈសម្បត្តិ រួចរាល់ ទាំងការងារបច្ចេកទេស និងការងាររៀបចំ ក្នុងនាម ជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ទាំងហេដ្ឋារចនា សម្ព័ន្ធ ទីលានប្រកួត និងធនធានមនុស្ស សុទ្ធតែបានត្រៀម រួចរាល់អស់ហើយ។

ព្រឹត្តិការណ៍នេះ នឹងផ្ដល់ឱកាសដល់កម្ពុជា​ ក្នុងការពង្រីកវិសាលភាពនៃស្មារតី។ លើសពី កីឡា លើសពីការប្រកួត និងលើសពីមេដាយ ឬុ Beyornd The Games ក្រោមមូលបទ ” បេះដូងលោតក្នុងចង្វាក់តែមួយ ( Hearts Best in Sync)” គឺមិនត្រឹមតែយកកម្ពុជា មកលើកតម្កើងស៊ីហ្គេមនោះទេ តែត្រូវយកស៊ីហ្គេម មកលើកតម្កើងកម្ពុជា ដែលពោរពេញដោយសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ​លើគ្រប់វិស័យវិញ៕/V