ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីដំណើរការររាប់ថយក្រោយ ២០០ថ្ងៃ ឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ និងវឌ្ឍនភាពការងារ CANSOC ។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថាៈ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងាររបស់ CAMSOC និងជាការប្រកាសផ្សព្វផ្សាយ ការរាប់ថយក្រោយគម្រប់ ២០០ ថ្ងៃ គឺត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីឆ្ពោះទៅ SEA Games ASEAN Para Games ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិ CAMSOC បានរៀបចំពិធីរាប់ថយក្រោយ ជាបន្តបន្ទាប់ ចាប់ពី ១.០០០ ថ្ងៃ ៥០២ ថ្ងៃ ៣០០ ថ្ងៃ និង ២០០ ថ្ងៃនេះ ហើយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ យើងនៅសល់ ១០០ថ្ងៃតែប៉ុណ្ណោះ ដែលត្រូវរៀបចំពិធីជួបជុំនាយបេសកកម្មកីឡា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ប្រទេស ក្នុងពិធីបើកសិក្ខាសាលានាយបេសកកម្ម “CDM Seminar” ។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្តី្រ និងការដឹកនាំផ្ទាល់របស់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC​ ជាមួយការខិតខំប្រឹងប្រែងរបស់ គណៈកម្មការជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត CAMSOC បានដើរលើផ្លូវត្រឹមត្រូវ និងមានវឌ្ឍនភាពល្អ ប្រកបដោយសុទិដ្ឋិនិយម និងជំនឿជឿជាក់ថា សមិទ្ធផល សម្រេចបានកន្លងមក ក្នុងការត្រៀមលក្ខណៈរៀបចំ Games ដ៏ធំជា ប្រវត្តិសាស្ត្រជាតិ ក្នុងកំណត់ត្រា រង់ចាំ ៦៤ ឆ្នាំ នឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់ ជាគុណប្រយោជន៍ជាតិដ៏ធំធេង។

លោកបណ្ឌិត បានបន្តថាៈ មកដល់ពេលនេះ CAMSOC សម្រេចបានការងារជាច្រើន និងការងារមួយចំនួនទៀត កំពុងមានវឌ្ឍនភាពល្អ ឆ្ពោះទៅមុខ និងគោលដៅជាក់លាក់។ យន្តការត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយបញ្ហា “CAMSOC” បានធ្វើដោយយកចិត្ត ទុកដាក់ និងទៀងទាត់ជាទីបំផុត។ មុខសញ្ញាការងារសំខាន់ៗ ជាអាទិភាព ត្រូវបានកំណត់ និងសម្រេចបានជាផ្លែផ្កា ជាបន្តបន្ទាប់ដូចជា ការជួសជុលទីលានប្រកួត ការកំណត់ទីតាំង ទីលានប្រកួត បានសម្រេចតាមផែនការកំណត់ជាស្ថាពរ ។

ការកំណត់ប្រភេទកីឡា វិញ្ញាសាកីឡា ទាំង SEA Games និង ASEAN Para Games គឺជាមូលដ្ឋាន ការរៀបចំការប្រកួតបច្ចេកទេស ឲ្យឆ្ពោះទៅមុខយ៉ាងរលូន។

ការផ្តល់សិទ្ធិធ្វើប្រតិភូកម្មនូវមុខងារបម្រើសេវា និងរៀបចំជំនាញមួយចំនួន ត្រូវបានផ្ដល់ ជូនក្រុមហ៊ុនឯកជន ដូចជាការជួសជុលសាងសង់ទីលានប្រកួត ការតម្លើងរៀបចំប្រព័ន្ធគ្រប់
គ្រងព្រឹត្តិការណ៍ “Games Management System”​ ការស្វែងរកចំណូល តាម Sponsor ការដេញថ្លៃម្ហូបអាហារ ការរៀបចំប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិ International Broadcasting Center ។ល។

ទីកន្លែងស្នាក់នៅ ហូបចុក ជាង ៥.៥០០ នាក់ ក្នុងមួយថ្ងៃ ត្រូវបានកំណត់ទាន់ពេលវេលា ក្នុងភូមិកីឡា ដែលកំពុងជំរុញការសាងសង់ យ៉ាងមមាញឹកបំផុត ដែលក្រុមហ៊ុន Sport Village សន្យាប្រគល់ជូន​ CAMSOC ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។

ការរៀបចំហេដ្ឋា រចនាសម្ព័ន្ធគាំទ្រ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ ក្នុងការពន្លឿនដាក់ប្រព័ន្ធលូ ជួសជុលផ្លូវ ការតភ្ជាប់ផ្លូវ ទៅមហាវិថីឈ្នះឈ្នះ ជាមួយការតុបតែងបង្គោលភ្លើង និងបំពាក់ភ្លើង បំភ្លឺតាមដើមឈើ ជាដើម។

ខេត្តដែលត្រៀមទទួលរៀបចំប្រកួតកីឡាមួយចំនួន ដូចជា កែប កំពត ព្រះសីហនុ សៀមរាប ក៏ សម្តេចពិជ័យ សេនាប្រធាន បានដាក់គោលការណ៍ឱ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សោភណ្ឌភាព និងរៀបចំគណៈកម្មការចំពោះកិច្ចរបស់ខេត្ត គាំទ្រសហការជាមួយ CAMSOC រួចរាល់ហើយដែរ៕/V-PC