ដោយៈ បាយ័ន / សៀមាបៈ តាមរយៈការស្ទង់មតិរបស់ គេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់អង់គ្លេស ដែលបានធ្វើទៅលើទីក្រុង ប្រមាណ ២ ម៉ឺន លើពិភពលោក ដោយអនុញ្ញាតឲ្យអ្នកជំនាញ​ក្នុងតំបន់ និង ទេសចរណ៍ ផ្តល់ចំណាត់ថ្នាក់ ចំពោះទីតាំង ដើរកម្សាន្ត ម្ហូបអាហារ វប្បធម៌ និង សហគមន៍ ហើយបានកំណត់ថា ភូមិវត្តបូព៌ ក្រុងសៀមរាប ជាប់លំដាប់ទីបី ក្នុងចំណោមទីតាំង ដ៏សែនមនោរម្យ ទាំង៥១ នៅលើពិភពលោក។ នេះបើតាមការផ្សព្វផ្សាយ ដោយសាលាខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែតុលា ម្សិលមិញនេះ។

ចំណាត់ថ្នាក់របស់ Time Out នេះ ត្រូវបានផ្សាយបន្ត ដោយ CNN ផងដែរ ដោយមានការសរសេររៀបរាប់ ពីសកម្មភាពទេសចរណ៍ គួរធ្វើនៅភូមិវត្តបូព៌ ដោយពួកគេ អាចចំណាយពេលមួយថ្ងៃ ក្នុងការដើរកម្សាន្ត នៅភូមិដ៏សែនមនោរម្យមួយនេះ ដើម្បីទទួលបានបទពិសោធន៍ ដំណើរកម្សាន្តថ្មី នៅកម្ពុជា។

ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំង ដ៏សែនមនោរម្យទាំង ៥១ លើពិភពលោក ប្រចាំឆ្នាំ២០២២ (The 51 Coolest Neighborhoods in the World) Time Out បានដាក់ភូមិវត្តបូព៌ ស្ថិតនៅលំដាប់ទីបី បន្ទាប់ពីទីតាំង Colonia Americana ក្រុង Guadalajara ប្រទេសម៉ិកស៊ិក និង Cais do Sodre ក្រុងលីស្បោន ប្រទេសព័រទុយហ្គាល់។

ចុងក្រោយនេះ គេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់អង់គ្លេស បានចាត់ថ្នាក់ ភូមិវត្តបូព៌ទាំងមូល ក្នុងចំណោមទីតាំង ដ៏សែនមនោរម្យបំផុត ទាំង ៥១ លើ ពិភពលោក។ កត្តានេះ គឺជាការចូលរួម និងការយកចិត្តទុកដាក់ដ៏ធំធេង ពីសំណាក់អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមរយៈការវាយតម្លៃ ជាមោទកភាព និងកិត្តិយស សម្រាប់ប្រជាពលរដ្ឋ នៅភូមិវត្តបូព៌ រដ្ឋបាលសង្កាត់សាលាកំរើក និងខេត្តសៀមរាបទាំងមូល។ មិនតែប៉ុណ្ណោះ នេះជាការទាក់ ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាខេត្តសៀមរាប កាន់ច្រើនបន្ថែមទៀតផង ដែលនេះជាមោទនភាព និងអបអរសាទរយ៉ាងខ្លាំង សំរាប់ប្រជាជាតិកម្ពុជាទាំងមូល៕/V-PC