ដោយ: បូកគោ / កំពតៈ ពិធីប្រណាំងទូក មានសារសំខាន់ ដើម្បីធ្វើឲ្យឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលមុខ មានភាពសប្បាយរីករាយ អធឹកអធម។ អភិបាលខេត្តកំពត បានលើកទឹកចិត្ត និងជំុញដល់ក្រុមកីឡាករ ឲ្យខិតខំហ្វឹកហាត់ ដើម្បីបង្ហាញថ្វីដៃ ជូនភ្ញៀវទស្សនា ក៏ដូចជា ដណ្តើមយកពានជើងឯក ប្រចាំខេត្ត សម្រាប់ចូលរួម ក្នុងការប្រកួតផ្សេងៗទៀត។

កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់កីឡាករ ចំណុះទូកង ចំនួន២១ក្រុម សម្រាប់ប្រើប្រាស់ អំឡុងពេលហ្វឹកហាត់។

ថ្លែងក្នុងពិធីខាងលើ លោក ម៉ៅ ធនិន បានមានប្រសាសន៍ថាៈ រដ្ឋបាលខេត្ត នឹងប្រារព្ធពិធី បុណ្យុអុំទុក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី ៦-៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីនោះ នឹងរៀបចំការប្រណាំងទូកង ខ្នាតប្រពៃណី សកម្មភាពប្រកួត និងបង្ហាញក្បាច់ គុនល្បុក្កតោ ការប្រគំតន្ត្រី ការសម្តែងរបាំបុរាណ និងសម័យ ពិធីពិព័រណ៍ផលិតផល ភូមិ១ផលិតផល១ បំណងបង្ហាញនូវសក្តានុពលខេត្តកំពត ការបាញ់កាំជ្រូច បង្ហោះគោម បណ្តែតប្រទីប និងកម្មវិធីសប្បាយៗ ជាច្រើនទៀត។ រដ្ឋបាលខេត្ត ក៏ត្រៀមចេកទុំ ដូង និងអំបុក រាប់តោន ទុកទទួលប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ​ដែលអញ្ជើញមកចូលរួម និងដើរកម្សាន្ត នៅខេត្តកំពតផងដែរ។

លោកអភិបាលខេត្ត បានបន្តថាៈ ការប្រណាំងទូកង ជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញ​ភ្ញៀវទេសចរ។ ដូច្នេះក្រុមកីឡាករទាំងអស់ ត្រូវខិតខំហ្វឹកហាត់ ឲ្យបានល្អដើម្បីបង្ហាញថ្វីដៃ នាឱកាសនោះ៕/V-PC