ដោយៈ ទេពកង្រី /​ កំពង់ឆ្នាំងៈ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក សុីវ រុន សមាជិកក្រុមប្រឹក្សា តំណាងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ និងយាយជី តាជី បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ ១៥ តុលា ២០១២ – ១៥ តុលា ២០២២។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ តំណាងឱ្យមន្រ្តីរាជការ និងពលរដ្ឋ ទូទាំងខេត្ត បានសម្ដែងសេចក្ដីអាឡោះអាល័យ ជាពន់ពេក ចំពោះការបាត់បង់ អង្គព្រះមហាវីរៈក្សត្រ នៃប្រជានុរាស្រ្ត បើទោះបីជាព្រះអង្គ បានសោយទិវង្គត ទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំងប្រទេស នៅចងចាំគ្មានថ្ងៃបំភ្លេចបាន ចំពោះ ព្រះរាជបូជនីយកិច្ចដ៏ ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ ក្នុងការទាមទារឯករាជ្យជាតិ ពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជា ងើបមុខមាត់រីកចម្រើន ជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ។

លោក ស៊ុន សុវណ្ណារិទ្ធិ សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមបានយាងទៅ សោយសុខ នៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៌៕/V-PC