​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ កីឡាករ ហ្វីល ហ្វូ​ដិន (Phil Foden) បាន​ចុះកិច្ចសន្យា​ថ្មី​ជាមួយ Manchester City ដែល​នឹង​រក្សា​ខ្សែបម្រើ​អង់គ្លេស​នៅ​ក្លិប​រហូតដល់​ឆ្នាំ ២០២៧​។​កិច្ច​​សន្យា​មុន​របស់​កីឡាក​រវ័យ​២២​ឆ្នាំ​រូប​នេះ​ត្រូវ​ផុតកំណត់​នៅ​ឆ្នាំ​២០២៤​។​

​ហ្វូ​ដិនបាន​ស៊ុត​បញ្ចូលទី ៥២ គ្រាប់​ក្នុង ១៨២ ប្រកួត​ចាប់តាំងពី​ការ​បង្ហាញខ្លួន​ជា​លើកដំបូង​របស់​គេ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់ពី​បាន​រំលេច​ខ្លួន​ជា​កីឡាករ​ថ្នាល​ដ៏​ភ្លឺស្វាង​បំផុត​របស់ City ។​

​ហ្វូ​ដិនបាន​និយាយថា “​វា​ពិបាក​ក្នុងការ​និយាយ​ថា​តើ​ខ្ញុំ​សប្បាយចិត្ត​ប៉ុនណា​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​”​។​

“​វា​ជា​សុបិន​ក្លាយជា​ការពិត​។ ខ្ញុំ​ជា​អ្នកគាំទ្រ City ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ហ្វឹកហាត់​នៅទីនេះ​ជាច្រើន​ឆ្នាំ ហើយ​ខ្ញុំ​ថែម​ទាំង​ជា​ក្មេង​រើស​បាល់​ទៀតផង​”​។​

“​ខ្ញុំ​ស្រលាញ់​ក្លិប​នេះ​ខ្លាំងណាស់ ដូច្នេះ​ការ​ដែល​ដឹង​ថា​ខ្ញុំ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ក្លិប​រហូតដល់​ឆ្នាំ ២០២៧ ពិតជា​មាន​អារម្មណ៍​អស្ចារ្យ​ណាស់​”​។​

​ហ្វូ​ដិន កើត​នៅ​ទីក្រុង​ស្តុក​ផ​ត (Stockport) ដែល​បាន​ស៊ុត​បញ្ចូល​ទី ២ គ្រាប់​ក្នុង ១៨ ប្រកួត​សម្រាប់​ជម្រើសជាតិ​អង់គ្លេស បានឈ្នះ​ពានរង្វាន់​ចំនួន ១១ ជាមួយ Man City រួម​ទាំង​ពានរង្វាន់ Premier League ចំនួន ៤ ដង ពា​ន EFL Cup ចំនួន ៤ និង​ពាន FA Cup មួយ​។​

​រូបគេ​ក៏​បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំ​រដូវ​កាល​របស់ Premier League និង​ពាន​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​របស់ PFA ក្នុង​រដូវ​កាល​នី​មួយៗ​នៃ​ពីរ​រដូវ​កាល​ចុងក្រោយ​ផងដែរ​។​

​លោក ប៉េប ហ្គាឌី​អូ​ឡា (Pep Guardiola) គ្រូបង្វឹក​របស់ City បាន​ផ្តល់ឱកាស​ឱ្យ​រូបគេ​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុងនាម​ជា​កីឡាក​រវ័យ ១៧ ឆ្នាំ ហើយ​ហ្វូ​ដិនបាន​កោតសរសើរ​ស្នាដៃ​របស់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូប​នេះ​សម្រាប់​ការអភិវឌ្ឍ​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​របស់​គេ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​៕

ហ្វូ​ដិ​ននឹង​លេងឱ្យ Man City រហូតដល់​ឆ្នាំ ២០២៧