ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២២ ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនពីរលើគម្រោងវិនិយោគកសាងរោងចក្រដូចគ្នា។

ប្រភពដដែលបានបន្តថា គម្រោងJ-STAR GARMENT (CAMBODIA) CO., LTDត្រូវបានផ្តល់សិទ្ធិដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៦កន្លែង។

ប្រភពដដែលបានបន្តថា សម្រាប់ក្រុមហ៊ុន K5 INDUSTRIAL CO., LTD គឺត្រូវបានផ្តល់សិទ្ធិលើ គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧១៨កន្លែង៕/PC