ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កម្ពុជា អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក បានបំពេញភារកិច្ចជាប្រធានក្រុមប្រឹក្សាស្ដីពីពាណិជ្ជកម្មសេវានៃអង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងកិច្ចប្រជុំលើកទី៣ ប្រចាំឆ្នាំ២០២២ របស់ក្រុមប្រឹក្សាដ៏មានសារៈសំខាន់នេះ។

ក្នុងដំណើរការនៃកិច្ចប្រជុំ ក្នុងនាមជាប្រធានក្រុមប្រឹក្សា លោកអគ្គរាជទូតកម្ពុជាបានរាយការណ៍ជូនសមាជិកទាំងអស់អំពីលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគីរវាងប្រធានក្រុមប្រឹក្សាជាមួយនឹងសមាជិកមួយចំនួនដែលបានចូលរួមពិភាក្សា ដើម្បីស្វែងយល់ពីការយល់ឃើញ និងគោលជំហររបស់សមាជិកទាំងនោះទៅលើការអនុវត្តសេចក្ដីសម្រេច និងសេចក្ដីប្រកាសនានា ដែលជាលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការ ពាណិជ្ជកម្មពិភពលោក ដែលបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។
នៅក្នុងសេចក្ដីសម្រេច និងសេចក្ដីប្រកាសទាំងនោះ រដ្ឋមន្ត្រីបានផ្ដល់អាណត្តិដល់ក្រុមប្រឹក្សាស្ដីពីពាណិជ្ជកម្មសេវា ជំរុញការពិនិត្យ និងលើកកម្ពស់ការអនុវត្តលើប្រធានបទចំនួន ៤ គឺ៖ (១) ភាពអនុគ្រោះដល់វិស័យសេវារបស់ប្រទេសអភិវឌ្ឍន៍តិចតួច (២) កម្មវិធីស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការព្យួរជាបណ្តោះអាសន្តការមិនយកពន្ធលើការបញ្ចូនតាមអេឡិចត្រូនិក (៣) ការឆ្លើយតបទៅនឹងជំងឺរីករាលដាលជាសកល និង (៤) កំណែទម្រង់អង្គការ WTO ។

ក្រៅពីពិចារណាលើរបាយការណ៍ខាងលើ សមាជិក​ទាំងអស់ក៏បានពិភាក្សាលើប្រធានបទផ្សេងៗទៀត ក្នុងគោលបំណងតាមដានការអនុវត្តកិច្ចព្រមព្រៀងទូទៅស្ដីពីពាណិជ្ជកម្មសេវា ក៏ដូចជាសេចក្ដីសម្រេចដទៃមួយចំនួនទៀតផងដែរ៕/PC