​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ពួក​សកម្មជន​អ៊ីរ៉ង់​បាន​អំពាវនាវ​អោយមាន​ការតវ៉ា​ប្រឆាំង​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​ទី​១៥​តុលា​ចំពោះ​ការស្លាប់​នាង ម៉ាសា អា​មី​នី​(Mahsa Amini)​នៅក្នុង​កន្លែង​​ឃុំឃាំង​របស់​ប៉ូលិស នៅពេល​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន សម្តែង​ការគាំទ្រ​«​ស្ត្រី​ក្លាហាន​អ៊ីរ៉ង់​»​។​

​កំហឹង​ចំពោះ​ការស្លាប់​នារី​វ័យ​២២​ឆ្នាំ​នេះ​កាលពី​ថ្ងៃ​១៦​កញ្ញា​នៅ​បី​ថ្ងៃ​បន្ទាប់ពី​នាង​ត្រូវ​ប៉ូលីស​សីលធម៌​អ៊ីរ៉ង់​ចាប់ខ្លួន បាន​ជំរុញ​អោយ​ផ្ទុះ​បាតុកម្ម​ធំៗ​បំផុត​នៅ​ទូទាំង​ប្រទេស​និង​កើតមាន​អំពើ​ហិង្សា​អា​​ក្រក់​បំផុត​ផងដែរ​។​

​ពួក​នារី​វ័យក្មេងៗ​បាន​នៅ​ជួរ​មុខ​នៃ​ការតវ៉ា​ប្រឆាំង​នេះ ដោយ​ពួកគេ​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល ដោះ​ចេញ​កន្សែង​រុំ​ក្បាល​បែប​ប្រពៃណី​ហើយ​ប្រឈម​ជា​មួយ​កង​សន្តិសុខ​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​​ជាច្រើន​។​

បាតុករ​អ៊ីរ៉ង់​នាំមុខ​ដោយ​ស្ត្រី​វ័យក្មេងៗ​ដែល​ចង់បាន​សេរីភាព ធ្វើ​ការតវ៉ា​ប្រឆាំង​ការស្លាប់​នាង ម៉ាសា អា​មី​នី​នៅ​ក្រុងតេអេ​រ៉ង់​កាលពី​ថ្ងៃ​២១​កញ្ញា

​ទោះ​ជា​សេវា​អ៊ីនធឺណិត​និង​កម្មវិធី​នានា​ដូចជា​Instagram និង WhatsApp​ត្រូវ​បាន​បិទ​ខ្ទប់ ក៏​ពួក​សកម្មជន​បាន​ចេញ​ការអំពាវនាវ​មួយ​តាម​អន​ឡាញ​អោយមាន​ការប្រឆាំង​តវ៉ា​ធំ​មួយ​នៅ​ថ្ងៃ​សៅរ៍​​ក្រោមពាក្យស្លោក​«​ការចាប់ផ្តើម​នៃ​ការបញ្ចប់​»​។​ពួកគេ​ស្នើសុំ​ប្រជាជន​ទូទាំង​ប្រទេស​អ៊ីរ៉ង់​ចេញ​មក​តាម​ទីកន្លែង​ដែល​មិន​មាន​វត្តមាន​ក្រុមសន្តិសុខ​និង​ស្រែក​ពាក្យ​ថា​«​ស្លាប់​ទៅ​ជន​ផ្តាច់ការ​» ដោយ​ចង់​សំ​​ដៅ​លើ​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់​លោក អាយ៉ា​តុឡា អា​លី ខា​ម៉េនី​។​

​បាតុកម្ម​នេះ​ទទួលបាន​ការគាំទ្រ​ពី​ប្រធានាធិបតី​អាម៉េរិក ដែល​បាន​និយាយថា​លោក​ត្រូវបាន​«​ធ្វើអោយ​ស្ងើច​»​ដោយសារតែ​បាតុកម្ម​មហាជន​ធំៗ ដែល​ឥឡូវ​ឈាន​ចូល​សប្តាហ៍​ទី​ប្រាំ​ហើយ​។​

​លោកបៃ​ដិនបាន​និយាយ​កាលពី​យប់​ថ្ងៃ​សុក្រ​ថា « ខ្ញុំ​ចង់អោយ​អ្នក​រាល់គ្នា​ដឹងថា ពួកយើង​ឈរ​នៅ​ជាមួយ​ពលរដ្ឋ​អ៊ីរ៉ង់ ស្ត្រី​ក្លាហាន​អ៊ីរ៉ង់​។​វា​បាន​ធ្វើអោយ​ខ្ញុំ​ស្ងើច​ចំពោះ​អ្វី​កំពុង​កើតឡើង​នៅ​ទីនោះ​។​វា​​ដាស់​អោយ​ភ្ញាក់​អ្វីមួយ​ដែល​ខ្ញុំ​មិន​បាន​គិត​ដល់​ជា​យូរ​មក​ហើយ​»​។​

​លោក​បាន​បន្តថា «​ស្ត្រី​នៅលើ​ពិភពលោក​កំពុង​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​តាម​វិធី​ផ្សេងៗ …​អ៊ីរ៉ង់​ត្រូវតែ​បញ្ឈប់​អំពើហិង្សា​ប្រឆាំង​ពលរដ្ឋ​ខ្លួន​ដែល​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​គេ​»​។​

​សូមបញ្ជាក់​ថា មនុស្ស​យ៉ាង​ហោច​ណាស់​១០៨​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការតវ៉ា​ប្រឆាំង​នឹង​ការស្លាប់​នាង​អា​មី​នី និង​៩៣​នាក់​ទៀត​ស្លាប់​ក្នុង​ការប៉ះទង្គិច​ដាច់​ដោយឡែក​នៅ​ទីក្រុង​ហ្សា​ហេ​ដាន នេះ​បើ​​តាម​អង្គការ​សិទ្ធិមនុស្ស​អ៊ីរ៉ង់​មួយ​តាំង​នៅ​ទីក្រុង​អូ​ស្លូ​៕