​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ប៉ា​គី​ស្ថាន​បាន​សន្យា​នឹង​អ្នក​ផ្តល់​ប្រាក់​កម្ចី​អន្តរជាតិ​ថា​នឹង​រក្សា​ភាពស្មោះត្រង់​ចំពោះ​កំណែទម្រង់​សេដ្ឋកិច្ច​ទោះបីជា​មាន​ការប៉ាន់ប្រមាណ​ថ្មី​​មួយ​ថា​ប្រទេស​របស់​គាត់​ត្រូវការ​ប្រាក់​ជាង ១៦ ពាន់​លាន​ដុល្លារ​ជា​ប្រញាប់​ដើម្បី​ងើប​ពី​គ្រោះទឹកជំនន់​ដ៏​បំផ្លិចបំផ្លាញ​ក៏​ដោយ​។​

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​លោក អ៊ី​សាក់ ដា (Ishaq Dar)​ក៏​បាន​និយាយ​ផងដែរ​ថា សន្និសីទ​ម្ចាស់ជំនួយ​ដែល​បាន​សន្យា​ដោយ​ប្រធានាធិបតី​បារាំង អេម​ម៉ានុយ​អែល ម៉ា​ក្រុង នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​ក្រោយ ដែល​គាត់​សង្ឃឹមថា​នឹង​ជួយ​ប៉ា​គី​ស្ថាន​ទាំង​តម្រូវការ​បន្ទាន់​និង​រយៈពេល​វែង​។​

​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​កាលពី​ចុងខែ​សីហា​បាន​បញ្ចេញ​ទឹកប្រាក់​ចំនួន ១,១ ពាន់​លាន​ដុល្លារ​ដល់​ប៉ា​គី​ស្ថាន ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ចំនួន ៦​ពាន់​លាន​ដុល្លារ​ដែល​សន្យា​​ផ្តល់​ក្នុង​ឆ្នាំ ២០១៩ ខណៈ​រដ្ឋាភិបាល​ថ្មី​របស់​នាយក​រដ្ឋមន្ត្រី សេ​បាស សារីហ្វ (Shehbaz Sharif)​បោះជំហាន​ឆ្ពោះទៅរក​កំណែទម្រង់​។​

​លោក​ដា​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​១៤​តុលា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា “​វា​នឹង​ជា​ការប្រឹងប្រែង​របស់​យើង ទោះ​បី​ត្រូវ​ប្រឹង​ខ្លាំង​ជាង​នេះ​ក៏ដោយ ដែល​យើង​គួរតែ​បំពេញ​កម្មវិធី​នេះ​ដោយ​ជោគជ័យ​”​។​

​លោក​ដា​និយាយថា ការ​ធ្វើ​ដូច្នេះ “​បាន​បញ្ជូន​សញ្ញា​វិជ្ជមាន​ដល់​សហគមន៍​អន្តរជាតិ​និង​ទីផ្សារ​” ដោយ​សម្តែង​ការកោតសរសើរ​ចំពោះ​ការសន្យា “​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា​”​របស់​ប្រទេស​ផ្សេង​ទៀត​សម្រាប់​​ប៉ា​គី​ស្ថាន​។​

​លោក​ដា ដែល​បាន​ទទួល​ការងារ​នេះ​ជា​លើក​ទី​បួន​កាលពី​ខែ​មុន បន្ទាប់​ពី​អ្នក​កាន់​តំណែង​មុន​របស់​គាត់​បាន​លាឈប់​ពី​តំណែង​នោះ បាន​ទទួលស្គាល់​ហានិភ័យ​នយោបាយ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan)​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​ក្នុង​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​កាលពី​ខែ​មេសា បាន​កំពុង​រៀបចំ​ផែនការ​ត្រឡប់​មក​កាន់​អំណាច​វិញ​ចំ​ពេល​មាន​​ការតវ៉ា​ស្វែងរក​ការបោះឆ្នោត​មុន​កាលកំណត់​៕

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ប៉ា​គី​ស្ថាន លោក អ៊ី​សាក់ ដា