ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោក យ៉ែម លក្ខិណា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកកំពង់លែង បានដឹកនាំកម្លាំង រួមនឹងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ទន្លេសាប លិចផ្ទះសម្បែងរបស់ ប្រជាពលរដ្ឋ ចំនួន ៥៧ គ្រួសារ នៅក្នុងភូមិជើងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោក យ៉ែម លក្ខិណា បានឱ្យដឹងតាមទូរសព្ទ នៅរសៀល ថ្ងៃទី១៥ តុលា នេះថាៈ ការចុះពិនិត្យជាក់ស្តែង នាថ្ងៃនេះ គឺដើម្បីត្រៀមនាំយកអំណោយ ដើម្បីជួយសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ កំពុងតែជួបបញ្ហា ដោយសារជំនន់ទឹកទន្លេសាបនេះ ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកកំពង់លែង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកទន្លេសាប ទីមួយ ត្រូវរក្សា អនាម័យរស់នៅស្អាត​ហូបស្អាត ជៀសវាងបញ្ហាជំងឺដង្កាត់ផ្សេងៗ កើតឡើងជាយថាហេតុ ហើយលោកក៏អំពាវនាវដល់មាតាបិតា ដែលមានកូនតូចៗ សូមមេត្តាយកចិត្តទុកដាក់ មើលថែពួកគាត់ ឲ្យបានជាប់ ជៀសវាងឆ្ងាយពីខ្លួន ដែលកើតជាបញ្ហាគ្រោះថ្នាក់ ដល់ពួក គាត់ ក្នុងនោះការធ្វើដំណើរតាមផ្លូវទឹក សូមមេត្តារូតរះវិលចូលផ្ទះវិញ ឲ្យបានមុនពេល រសៀល ដើម្បីជៀសវាងបញ្ហាណាមួយ កើតឡើងជាយថាហេតុ។

បើយោងតាមសេចក្តីរាយការណ៍របស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី១៥ ខែតុលា នេះថាៈ កម្ពស់ទឹកទន្លេ នៅស្ថានីយ៍ជលសាស្ត្រ ផ្សារក្រោម មានកម្ពស់ ១០,០០ ម៉ែត្រ បើធៀបនឹងឆ្នាំ២០២១ ទឹកទន្លេសាប មានកម្ពស់ ៧,៣៥ ម៉ែត្រ​ហើយកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន មានកម្ពស់ ១១ ម៉ែត្រ៕/V