ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងបាន តម្កល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បង ហើយតែងនៅបម្រើ ការពារក្នុងគ្រប់កាលៈទេសៈ ដោយមិនដែលមានពេលម្តងណា បានរត់ចោល និងបោះបង់ ប្រជាពលរដ្ឋឡើយ។ ការលះបង់ដ៏ធំធេងនេះ បានធ្វើឱ្យប្រជាពលរដ្ឋ មានការស្រឡាញ់ គាំទ្រ និងជឿជាក់លើ សម្តេចតេជោ ជារៀងរហូតមក។


រូបថត ( លោកបណ្ឌិត ហ៊ុន ម៉ាណែត )
នេះជាការបញ្ជាក់របស់លលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ មហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ ដរាបណា ប្រជាជនកម្ពុជា នៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើ គណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ និងមន្ត្រីគណបក្ស គ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍ រីកចម្រើន លូតលាស់ជឿនលឿន ទៅមុខ ជាពិសេស បន្តរួមគ្នាលើកម្ពស់មោទនភាព និងកិត្យានុភាពជាតិ​ឱ្យកាន់តែខ្ពស់ទ្បើង ល្បីល្បាញ លើឆាកអន្តរជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួន ជាប់ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបម្រើប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាពចន្លោះប្រហោង ក្នុងការអនុវត្តការងារទាំងទ្បាយ ដើម្បីធានានូវការស្រឡាញ់ពេញចិត្ត ពីប្រជាពលរដ្ឋ ម្ចាស់ស្រុក ហើយក៏នៅតែបន្តប្រកាន់ នូវការអនុវត្តគោលនយោបាយ ប្រកបដោយធម៌ តាមរយៈការផ្តល់សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាង ដើម្បីពង្រឹងកម្លាំងសាមគ្គីជាតិខ្មែរ ឱ្យកាន់តែមានភាពរឹងមាំ ខ្លាំងក្លា ស្អិតរមួត និងសិ្ថតស្ថេរ យូរអង្វែង តរៀងទៅ។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ នៅក្នុងស្រុកកោះធំ និងខេត្តកណ្តាល ក៏ដូចជា នៅទូទាំងប្រទេស ដែលតែងជឿជាក់លើ គណបក្សប្រជាជនកម្ពុជា និងបានចូលរួម ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ ប្រទេសជាតិយើង។ ជាមួយគ្នានេះផងដែរ លោកក៏សូមអរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលខេត្តកណ្តាល និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូ អ្នកគ្រូ ដែលបាននិងកំពុងយកចិត្តទុកដាក់ លើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ និងសូមអរគុណ គណៈកម្មាធិការគណបក្ស ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋាន គ្រប់យន្តការ ដែលបាននៅកៀកជិតស្និទ្ធ បម្រើប្រជាជន ដោយមិនគិតពីការនឿយហត់ និងបានលះបង់ គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹម ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ ក្នុងគ្រប់អាណត្តិ នៃការបោះឆ្នោត កន្លងមក៕ V / N