ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ និងជាលេខាធិការនៃ លេខាធិការដ្ឋានគណ:កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីរដ្ឋបាល ខេត្តបន្ទាមានជ័យ បានប្រាប់រស្មីកម្ពុជាឱ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះថាៈ ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ បានស្រកខ្លាំងពីផ្នែក ខាងលើ តែស្រុងចុះ សន្សឹមៗ ទៅផ្នែកខាងក្រោម ក្នុងនោះ វាបានប៉ះពាល់ កើនឡើងលើ ភូមិសាស្ត្រភូមិ ឃុំ សង្កាត់ នៃក្រុង ស្រុកមួយចំនួន។

លោកបានបញ្ជាក់ថាៈ គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ (គិតត្រឹមថ្ងៃ​ រដ្ឋធ្វើការ) គ្មានភ្លៀងថ្មី តែទឹកស្រកពីផ្នែកខាងលើ ស្រុងចុះទៅលិចកន្លែងថ្មីៗ កើនដល់ ៣៤៨ ភូមិ, ៤៩ ឃុំ សង្កាត់ នៃ ៩ ស្រុក ក្រុង ក្នុងនោះ ប៉ះពាល់លំនៅឋាន កើនដល់ទៅ ១៥.៥០៦ ខ្នងផ្ទះ ។

ពលរដ្ឋ បានជម្លៀសពីទឹកជំនន់ បានថយចុះពីជាង ១.៤០០ គ្រួសារ មកនៅត្រឹម ៨២១ គ្រួសារ ស្មើនឹងមនុស្សរាយ ៣.២៦៧នាក់ ស្រី១.៧៧៨នាក់ កុមារ ៦៥២ នាក់ ។ រីឯដំណាំស្រូវ​រងផលប៉ះពាល់ ចំនួន ៣៦.០៥៩ ហិកតា ខូចខាត ៥.៦៤៦ ហិកតា ដដែល ដំឡូងមី ២.៨៩៩ ហិចតាដដែល ដំណាំរួមផ្សំ ១២៨ ហិកតា ដដែល សត្វពាហនៈ ២.៨៦៧ ក្បាលដដែល ។

ចំពោះ សាលារៀន ប៉ះពាល់ចំនួន ៧៥ (ផ្អាកដំណើរការ ៤៥ ថយមក ៤០) ដដែល. វត្ត ៣៨ ដដែល មណ្ឌលសុខភាព ៧ ដដែល និងប៉ុន្តែទឹកហូរកាត់ផ្លូវពី ៦៣១ ខ្សែ មានប្រវែង ៣៦៤.១៩២ ម៉ែត្រ កើនដល់ ៨០២ ខ្សែ ប្រវែង ៤០៦.២៩៥ ម៉ែត្រដដែល៕/V