ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោក អ៊ុំ រាត្រី អភិបាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ និងលោកស្រី អមដំណើរដោយក្រុមការងារ បាននាំយកស្បៀងអាហារ ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចែកជូនប្រជាពលរដ្ឋ ចំនួន ៤៦៦ គ្រួសារ លើ៤ទីតាំង នៃ ៥ សង្កាត់ ក្នុងក្រុងសិរីសោភ័ណ ។

អំណោយទាំងនោះ មានដូចជា មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ មុង ជូនពលរដ្ឋគ្រោះ ដោយទឹកជំនន់ រួមមាន: ១.ភូមិក្បាលស្ពាន សង្កាត់អូរអំបិល ចំនួន ១៧៦ គ្រួសារ, ២.នៅវត្តស្វាយចាស់ សង្កាត់ព្រះពន្លាចំនួន ១០៥ គ្រួសារ, ៣.នៅវត្តតាហី ឬស្វាយថ្មី សង្កាត់កំពង់ស្វាយ ចំនួន ៨៩ គ្រួសារ, ៤.វត្តភ្នៀត សម្រាប់សង្កាត់ភ្នៀត និងកោះពងសត្វ ចំនួន ៩៦ គ្រួសារ ។

នាឱកាសនោះ លោក អ៊ុំ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់​ពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋ លំបាកឡើយ៕/V