ដោយៈឫទ្ធិស័ក្តិ/ភ្នំពេញ៖ អតីតអភិបាលរងស្រុកកំចាយមា អតីតអភិបាលស្រុកស៊ីធរកណ្ដាលបច្ចុប្បន្នជាសមាជិក ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលជាម្ចាស់ដីបានធ្វើលិខិតជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំជួយអន្តរាគមន៍ករណីទំនាស់ដីធ្លីចំនួនពីរកន្លែង ដែលមានទំហំ ៨៤ហិកតា នៅចំណុច ស្វាយបៀក ភូមិ វាលស្មាច ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលត្រូវបានលោកប្រាក់ សុវណ្ណ និងភរិយា រំលោភយក។

លោក ភេ អីម អតីតអភិបាលរងស្រុកកំចាយមាអតីតអភិបាលស្រុកស៊ីធរកណ្ដាលបច្ចុប្បន្នជាសមាជិក
ក្រុមប្រឹក្សាខេត្តព្រៃវែង បានគោរពជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា កាលពីឆ្នាំ១៩៩៨ លោកបានឱ្យឈ្មោះ ១.លោក ប្រាក់ សុវណ្ណ , ២.លោក សៅ សុវណ្ណ, ៣.លោក ចាប អេង, ៤.ប៊ុន ដូង ,៥.លោក គង់ ម៉ាឡេត, ៦.លោក ឥន ភឿន រៀបចំដីឱ្យរូបលោកលើទំហំដី ៧៥០ម៉ែត គុណ ៨០០ម៉ែត្រ ស្មើនឹង៦០ហិកតា នៅចំណុចស្វាបៀក ភូមិវាលស្មាច ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងមួយកន្លែងទៀតមានទំហំ ៣០០ម៉ែត្រ * ៨០០ម៉ែត្រ ស្មើនឹង២៤ហិកតា ស្ថិតនៅចំណុចត្រពាំងគូ ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ប៉ុន្តែបច្ចុប្បន្ននេះ ដីទាំងពីរកន្លែងខាងលើ ត្រូវបានលោក ប្រាក់ សុវណ្ណ និងភរិយា គឺលោកស្រី ស ចេង ធ្វើលិខិតកាន់កាប់ដែលមានចុះហត្ថលេខាភូមិឃុំ ។

បន្ទាប់ពីបែកធ្លាយរឿងនេះ មានមនុស្សមួយចំនួនដែលជាកូនចៅរបស់លោក ប្រាក់ សុវណ្ណ បានខ្នះខ្នែងបំបិទរឿង។មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា រឿងនេះ បានដឹងដល់សម្តេចក្រឡាហោម ស ខេង ហើយ។
ចំណែកលោក ប្រាក់ សុវណ្ណ មិនអាចសុំការអត្ថាធិប្បាយបានទេ ៕សរន / N