​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នៅ​មុន​ថ្ងៃ​បើក​សមាជ​បក្ស​បក្ស​កុម្មុយនីស្ត​ចិន​ដ៏​សំខាន់ មេដឹកនាំ​បក្ស ប្រមុខរដ្ឋ និង​ជា​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ លោក ស៊ី ជីន​ភីង​ហាក់​មាន​​បន្ទុក​ការងារ​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់ ដោយហេតុ​ថា​គាត់​មិន​បាន​បង្ហាញ​ពី​ការចាកចេញ​ពី​អំណាច​ឬ​ការតែងតាំង​អ្នក​ស្នង​តំណែង​នោះឡើយ​។​

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង​

​លោក​ស៊ី​បាន​ផ្តល់​សញ្ញា​មួយ​ចំនួន​ក្នុងអំឡុង​ការឡើង​ឋានៈ​ជា​លំដាប់​របស់គាត់​ក្នុង​គណបក្ស​រហូត​ដល់​ថ្នាក់​គាត់​អាច​នឹង​វិវឌ្ឍ​ទៅ​ជា​មេដឹកនាំ​លេចធ្លោ​បំផុត​របស់​ចិន​សម័យ​ទំនើប​ឬ​មិន​អ៊ីចឹង​គាត់​​អាច​នឹង​ដាក់​ប្រទេស​ដែល​កំពុង​រីកចម្រើន​ទាំង​ខាង​សេដ្ឋកិច្ច​និង​យោធា​នៅ​លើ​ផ្លូវ​ប៉ះទង្គិច​ជាមួយ​នឹង​អ្វី​ដែល​ព​យក​លោកខាងលិច​ហៅថា​«​សណ្តាប់ធ្នាប់​អន្តរជាតិ​»​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​។​

​ទោះយ៉ាងណា ការ​ស្រមើល​ស្រមៃ​ទាំងនោះ​បាន​រលាយ​សាបសូន្យ​អស់​ទៅហើយ នៅមុន​ការបើក​សមាជ​លើក​ទី ២០ របស់​គណបក្ស​ដែល​មាន​អាយុកាល​មួយ​សតវត្សរ៍​នេះ នៅ​ថ្ងៃអាទិត្យ​នេះ​។ អ្វី​ដែល​គេ​មិន​ច្បាស់​គឺ ថា​តើ​គាត់​នឹង​កាន់​អំណាច​យូរ​ប៉ុនណា ហើយ​តើ​វា​មាន​ន័យ​យ៉ាងណា​សម្រាប់​ចិន​និង​ពិភពលោក​។​

​លោក យ៉ូ​សេប ថូ​រី​ជី​យ៉ាន (Joseph Torigian) អ្នកជំនាញ​ខាង​នយោបាយ​ចិន​នៅ​សាកលវិទ្យាល័យ​អាម៉េរិកាំង​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី បាន​និយាយថា “​លោក ស៊ី ជីន​ភីង​គឺជា​បុគ្គល​ដែល​​ចង់​កាន់​អំណាច​រហូត​”​។​

​ខណៈ​អ្នកខ្លះ​អាក់អន់​ចិត្តនឹង​ការ​ជាន់ឈ្លី​របស់លោក​ស៊ី​លើ​សេរីភាព​មួយចំនួន​ដែល​ពលរដ្ឋ​ចិន​នៅ​ទទួលបាន​នៅក្រោម​រដ្ឋ​ឯក​បក្ស អ្នក​ផ្សេង​ទៀត​និយាយ​ថា​បញ្ហា​ប្រឈម​ផ្សេងៗ​និង​ធ្ងន់ធ្ងរ​របស់​ចិន​​ទាមទារ​ឱ្យមាន “​មេដឹកនាំ​ខ្លាំង​ជា​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ភាពវឹកវរ​និង​ដំណើរការ​ខុស​ប្រក្រតី​ណាមួយ​”​។​

​អាណត្តិ​ទី​បី​របស់​លោក​ស៊ី​គឺជា​ការរំលោភ​ការកំណត់​ត្រឹម​ពីរ​អាណត្តិ​មិន​ផ្លូវការ ដែល​មេដឹកនាំ​មុនៗ​ផ្សេងទៀត​បាន​គោរព​តាម​។ អ្វី​ដែល​គេ​មិន​ច្បាស់ គឺ​ថា​តើ​គាត់​នឹង​កាន់​អំណាច​យូរ​ប៉ុនណា ហើយ​តើ​វា​មាន​ន័យ​យ៉ាងណា​សម្រាប់​ចិន​និង​ពិភពលោក​។​

​លោក ស្ទីវ សាង (Steve Tsang) នាយក​វិទ្យាស្ថាន​ចិន​នៅ​សាលា​ជំនាញ​សិក្សា​បូព៌ា​និង​អាហ្វ្រិក​នៃ​សាកលវិទ្យាល័យ​ឡុង​ដ៍ (London University) បាន​និយាយថា​”​ខ្ញុំ​មើល​ឃើញ​លោក​ស៊ី​​កាន់​មួយ​អាណត្តិ​ទៀត​នៅក្នុង​សមាជ​លើក​ទី ២០​។ វា​ជា​សំណួរ​ថា​តើ​គាត់​នឹង​មាន​អំណាច​ប៉ុនណា​ចេញពី​អាណត្តិ​មួយ​នេះ​។ គាត់​នឹងមិន​ខ្សោយ​នោះទេ​នៅ​អាណត្តិ​ទី​បី​”​។​

​គោលនយោបាយ​ប្រចាំត្រកូល​របស់​លោក​ស៊ី គឺ យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​ប្រជាប្រិយភាព​ក្នុងចំណោម​សាធារណជន​និង​បាន​ធ្វើឱ្យ​គាត់​មាន​ភាពងាយស្រួល​ក្នុងការ​កម្ចាត់​គូប្រជែង​​សក្តានុពល​របស់​គាត់​។ អតីត​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​អតីត​អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​បាន​ទទួល​ទោស​ប្រហារជីវិត​កាលពី​ខែ​មុន​។​

​លោ​កសាង​បាន​និយាយថា យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ដែល​កំពុង​បន្ត​នេះ បង្ហាញថា “​អ្នកណា​ដែល​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក​របស់​គាត់ ច្បាស់​ជា​ត្រូវ​កម្ទេចចោល​”​។​

​លោក​ស៊ី​អាយុ ៦៩ ឆ្នាំ​មាន​ពូជពង្ស​ជា​អ្នកដឹកនាំ​សម​នឹង​ឡើង​ដល់​ទី​កំពូល​។ គាត់​រីករាយ​នឹង​យុវជន​ដែល​មាន​ឯកសិទ្ធិ​ក្នុង​ទីក្រុង​ប៉េកាំង​ក្នុងនាម​ជា​កូនប្រុស​របស់​លោក ស៊ី ចុង​ស៊ុន (Xi Zhongxun) ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​មេបញ្ជាការ​ទ័ពព្រៃ​នៅក្នុង​សង្គ្រាមស៊ីវិល ដែល​បាន​នាំ​បក្ស​កុម្មុយនីស្ត​របស់​លោក​ម៉ៅ សេទុង​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ១៩៤៩​។​

​ទោះយ៉ាងណា​ក៏ដោយ គ្រួសារ​របស់​គាត់​បាន​ជួប​បញ្ហា​ក្រោម​ការដឹកនាំ​របស់​លោក​ម៉ៅ​ក្នុងអំឡុង​ភាពអនាធិបតេយ្យ​នៃ​បដិវត្តន៍វប្បធម៌​ឆ្នាំ ១៩៦៦-៧៦​ដែល​បាន​បណ្តេញ​បញ្ញវន្ត​ទៅ​ជនបទ​ហើយ​បញ្ញវន្ត​​មិន​តិច​ទេ​ត្រូវ​រង​ភាពអាម៉ាស់​ជា​សាធារណៈ​និង​រង​ការវាយដំ​យ៉ាង​ឃោរឃៅ​ក្រោម​ស្លាក​ការតស៊ូ​វណ្ណៈ​។​

​ឪពុក​របស់​គាត់​ត្រូវបាន​ដាក់​គុក ហើយ​លោក​ស៊ី នៅ​អាយុ ១៥ ឆ្នាំ ត្រូវបាន​បញ្ជូន​ទៅ​រស់នៅ​ក្នុងភូមិ​ជនបទ​ក្រីក្រ​មួយ​ក្នុង​ខេត្ត​សាអាន​ស៊ី ក្នុង​ឆ្នាំ ១៩៦៩​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់លោក​ម៉ៅ​​ដើម្បី​ប្រដៅ​ពួក​យុវជន​ទីក្រុង​ឱ្យ​រៀនសូត្រ​ពី​កសិករ​។ គាត់​រស់នៅ​ដូច​អ្នក​ភូមិ​ដែរ គឺ​នៅក្នុង​កូន​ផ្ទះ​ដែល​ចោះ​ចេញ​ពី​ជញ្ជាំង​ភ្នំ​ថ្ម​ចោត​ក្នុង​តំបន់​។​

​បទពិសោធន៍​នេះ​ត្រូវ​គេ​និយាយថា​បាន​ពង្រឹង​សមត្ថភាព​លោក​ស៊ី​និង​ផ្តល់​ឱ្យ​គាត់​នូវ​ការយល់ដឹង​អំពី​ការតស៊ូ​របស់​ប្រជាជន​នៅតាម​ជនបទ​។ ​គាត់​បាន​ស្នាក់​នៅក្នុង​ភូមិ​អស់​រយៈពេល​ប្រាំមួយ​ឆ្នាំ​រហូត​ដល់​ទទួល​បាន​អាហារូបករណ៍​ដែល​នរណាៗ​ក៏​ចង់​បាន​នៅ​សាកលវិទ្យាល័យ​ស៊ី​ង​ហួ (Tsinghua) ដ៏​មាន​កិត្យានុភាព​ក្នុង​ទីក្រុង​ប៉េកាំង​។​

​លោក​ស៊ី​បាន​ប្រាប់​ទស្សនាវដ្ដី​ចិន​មួយ​ក្នុង​ឆ្នាំ ២០០១ ថា “​កាំបិត​មុត​គឺ​សំលៀង​នឹង​ថ្ម មនុស្ស​ពូកែ​គឺ​ចម្រាញ់​ចេញ​ពី​ការលំបាក​។ រាល់ពេល​ដែល​ខ្ញុំ​ជួបប្រទះ​នឹង​បញ្ហា ខ្ញុំ​គ្រាន់តែ​គិត​ថា​តើ​វា​លំ​បា​ប៉ុនណា​​ក្នុង​ការសម្រេច​កិច្ចការ​នៅ​ជំនាន់​នោះ ហើយ​បន្ទាប់មក​គ្មានអ្វី​ហាក់​មើល​ទៅ​លំបាក​នោះឡើយ​”​។​

​លោក អាល់​ហ្វ្រេត វូ (Alfred Wu) ដែល​តាម​យក​ព័ត៌មាន​លោក​ស៊ី​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​នៅ​ខេត្ត​ហ្វូ​ចៀន (Fujian) ចង​ចាំ​គាត់​ជា​មនុស្ស​ស្ងៀមស្ងាត់​និមិន​ចូលចិត្ត​ការបង្ហាញ​​មុខមាត់​ទេ ដោយ​និយាយថា គាត់​កាលនោះ​មិន​លះ​ដូច​ពេល​ដែល​គាត់​ក្លាយជា​មេដឹកនាំ​ប្រទេស​នោះទេ​។​

​លោក​វូ ដែល​បច្ចុប្បន្ន​ជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​និយាយថា “​បច្ចុប្បន្ន​លោក ស៊ី ជីន​ភីង គឺ​ខុស​គ្នា​ទាំងស្រុង​ពី​លោក ស៊ី ជីន​ភីង ក្នុងនាម​ជា​អភិបាលខេត្ត​”​។​

​លោក​ស៊ី​ត្រូវបាន​ផ្លាស់​ទៅ​ខេត្ត​ចឺ​ជាំង​ជិតខាង​ក្នុង​ឆ្នាំ ២០០២ ជា​កន្លែង​ដែល​គាត់​ក្លាយជា​មេដឹកនាំ​គណបក្ស​អស់​រយៈពេល​ជាង​បួន​ឆ្នាំ ដែល​ជា​តំណែង​កំពូល​ខ្ពស់ជាង​អភិបាលខេត្ត​។​បន្ទាប់​មក​គាត់​​ត្រូវបាន​តែងតាំង​ជា​លេខា​បក្ស​នៅ​ទីក្រុង​សៀង​ហៃ​ក្បែរ​នោះ​ក្នុង​ឆ្នាំ ២០០៧ បន្ទាប់​ពី​អ្នក​កាន់​តំណែង​មុន​របស់​គាត់​បាន​ធ្លាក់​ពី​តំណែង​ដោយសារតែ​រឿង​អាស្រូវ​ពុករលួយ​។​

​ក្នុងអំឡុងពេល​របស់​គាត់​នៅ​ហ្វូ​ចៀន ចឺ​ជាំង និង​សៀង​ហៃ លោក​ស៊ី​ត្រូវ​គេ​មើលឃើញ​ភាគច្រើន​ថា​ជា​អ្នកអនុវត្ត​ជាក់ស្តែង មិនចេះ​ទទឹង​ទើស​តែ​ជា​អ្នកគាំទ្រ​កំណែទម្រង់​សេដ្ឋកិច្ច​ដែល​លោក​តេង សៀវ​ពីង បាន​ផ្តួចផ្តើម និង​បាន​ផ្តល់​ផលប្រយោជន៍​នៅ​ក្នុង​តំបន់ឆ្នេរ ជាពិសេស​ដូច​តំបន់​យុត្តាធិការ​ទាំងបី​ខាងលើ​។​

​គាត់​ក៏បាន​និយាយ​ប្រឆាំងនឹង​អំពើពុករលួយ​ក្នុង​នាម​ជា​អភិបាលខេត្តហ្វូ​ចៀន​ផងដែរ បន្ទាប់​ពី​រឿងអាស្រូវ​នៃ​ការរត់ពន្ធ​ដ៏​ធំ​មួយ ដែល​នោះ​ជា​តម្រុយ​អំពី​ការបង្ក្រាប​ថ្នាក់ជាតិ​ដែល​បាន​កើតឡើង បន្ទាប់ពី​គាត់​ឡើងកាន់​តំណែង​កំពូល​។​

​លោក​ស៊ី​ត្រូវ​បាន​រុញ​ចូលទៅ​ក្នុង​ជួរ​ដឹកនាំ​ជាតិ​ក្នុង​ឆ្នាំ ២០០៧​។ នោះ​ហើយ​ជា​ពេល​ដែល​គាត់​បាន​ចូលរួម​ជាមួយ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​របស់​បក្ស​កុម្មុយនីស្ត ដែល​ជា​ការ​បើកផ្លូវ​សម្រាប់​ត្រៀម​ទទួល​តំណែង​កំពូល​នៅក្នុង​សមាជ​បន្ទាប់​ក្នុង​ឆ្នាំ ២០១២​។​

​លោក​ស៊ី​បាន​គ្រប់គ្រង​លើ​បញ្ហា​សេដ្ឋកិច្ច​និង​យោធា ហើយ​ចារ​ឈ្មោះ​របស់​គាត់​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់ប​ក្ស​រួម​ជាមួយ​លោក​ម៉ៅ ដោយ​បន្ថែម​មនោគមវិជ្ជា​របស់គាត់​ចូល​មួយ​ទៀត​ផង​ដែរ គឺ​”​គំនិត​​ស៊ី​ជីន​ភីង​”​។​

​មនោគមវិជ្ជា​នេះ​មាន​ភាពស្រពេចស្រពិល​ប៉ុន្តែ​សង្កត់ធ្ងន់​ទៅលើ​ការ​រស់​ឡើង​វិញ​នូវ​បេសកកម្ម​របស់​បក្ស​ក្នុងនាម​ជា​មេដឹកនាំ​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ចិន​និង​តួនាទី​ស្នូល​​របស់​ខ្លួន​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ “​ស្តារ​ជាតិ​ឡើងវិញ​” ឱ្យមាន​ភាព​លេចធ្លោ​នៅក្នុង​ពិភពលោក​។​

​រដ្ឋាភិបាល​របស់​គាត់​បាន​បង្កើន​តួនាទី​របស់​ឧស្សាហកម្ម​រដ្ឋ ខណៈ​ចាប់ផ្តើម​ប្រឆាំង​នឹង​ភាពផ្តាច់មុខ​និង​ការបង្ក្រាប​ទិន្នន័យ​សន្តិសុខ​លើ​ក្រុមហ៊ុន​ឯកជន​ល្បីៗ​រួម​ទាំង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិ​ច​​ត្រូ​និក​យក្ស Alibaba Group និង​ក្រុមហ៊ុន Tencent Holding ដែល​ជា​ម្ចាស់​របស់​សេវាកម្ម​ផ្ញើ​សារ WeChat ដ៏​ពេញនិយម​។​

​លោក​ស៊ី​ក៏​បាន​ធ្វើឱ្យ​រស់​ឡើង​វិញ​នូវ​ពាក្យស្លោក “​វិបុលភាព​រួម​” ក្នុង​ឆ្នាំ ១៩៥០ ផងដែរ​ដើម្បី​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ទោះបីជា​គេ​មិន​ច្បាស់​ថា​តើ​រដ្ឋាភិបាល​មាន​គម្រោង​រៀបចំ​គំនិត​​ផ្តួចផ្តើម​សំខាន់ៗ​ណាមួយ​ដើម្បី​ដោះស្រាយ​រឿងណឹង​អត់​ក៏ដោយ​។​

​ជាមួយ​នឹង​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​ដោយសារ​ការ​រឹតត្បិត​សម័យ​ជំងឺ​រាតត្បាត​និង​ការបង្ក្រាប​របស់​រដ្ឋាភិបាល​លើ​បំណុល​អចលនទ្រព្យ​ដែល​កំពុង​កើនឡើង ក្តីបារម្ភ​កំពុង​កើន​ឡើង​ថា​លោក​ស៊ី​កំពុង​​ងាក​ចេញ​ឆ្ងាយ​ពី​យុទ្ធសាស្ត្រ “​កំណែទម្រង់​និង​ការបើក​ទូលាយ​” របស់​លោក​តេង ដែល​ផ្តល់​នូវ​កំណើន​សេដ្ឋកិច្ច​រយៈពេល​បួន​ទសវត្សរ៍​។​

​លោក​វូ​ចាត់ទុក​លោក​ស៊ី​ជា​សិស្ស​របស់លោក​ម៉ៅ ដែល​បះបោរ​ប្រឆាំងនឹង​លោក​តេង ដែល​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​រីកលូតលាស់​និង​ស្វែងរក​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​លោក​ខាងលិច​។​លោក​វូ​បាននិ​​យាយ​ថា “​គាត់​ពិត​ជា​មនុស្ស​ប្រឆាំងនឹង​សហរដ្ឋ​អាម៉េរិក​និង​ប្រឆាំង​នឹង​លោកខាងលិច​យ៉ាង​ពិតប្រាកដ​”​។​

​វិធីសាស្ត្រ​ប្រឈម​មុខ​កាន់តែ​ខ្លាំង​របស់​លោក​ស៊ី​គឺ​កើត​ចេញពី​ជំនឿ​ថា​ពេលនេះ​គឺជា​ពេល​ដែល​ចិន​ត្រូវ​រឹងមាំ​ឡើង​ដើម្បី​ដើរ​តួនាទី​កាន់តែ​ធំ​នៅក្នុង​កិច្ចការ​អន្តរជាតិ និង​ក្រោកឈរឡើង​ឡើង​ទប់ទល់​​នឹង​សម្ពាធ​ពី​ខាងក្រៅ​។​

​លោក​ស៊ី​បាន​ប្រឆាំង​នឹង​ជប៉ុន ឥណ្ឌា និង​ប្រទេស​ជិតខាង​អាស៊ី​ផ្សេងទៀត​ដោយ​ជំរុញ​ការទាមទារ​យក​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ខាងកើត​ព្រមទាំង​ដែនដី​នៅ​តំបន់​ខ្ពស់ៗ​នៅ​ភ្នំ​ហេ​ម​​ពាន្ត​។ លោក​ក៏​បាន​បង្កើន​សម្ពាធ​ផ្នែក​យោធា​និង​ការទូត​លើ​កោះ​តៃវ៉ាន់​ផងដែរ ជា​កោះ​ប្រជាធិបតេយ្យ ដែល​បក្ស​កុម្មុយនីស្ត​និយាយថា​ជា​កម្មសិទ្ធិ​របស់​ចិន​។​

​ទំនាក់ទំនង​ជាមួយ​ស​ហ​រដ្ឋ​អាម៉េរិក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ ១៩៧៩​ដោយ​រដ្ឋបាលបៃដិ​ន​នៅ​តែ​រក្សា​ពន្ធគយ​ដែល​ដាក់​ដោយ​អតីត​ប្រធានា​​ធិបតី​ដូណាល់ ត្រាំ​និង​រារាំង​ចិន​មិន​ឱ្យ​ចូល​ប្រើប្រាស់​បច្ចេកវិជ្ជា​សំខាន់ៗ​។​

​នៅក្នុង​ប្រទេស​ចិន បក្ស​កុម្មុយនីស្ត​ក្រោម​ការដឹកនាំ​របស់​លោក​ស៊ី​បាន​បង្កើន​ការឃ្លាំមើល រឹតបន្តឹង​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​ការនិយាយស្តី​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហើយ​បាន​បង្ក្រាប​បន្ថែម​ទៀត​លើ​​អ្នកជំទាស់ ដោយ​ពិនិត្យពិច័យ​សូម្បី​តែ​ទស្សនៈ​រិះគន់​ស្ថាបនា​ស្រាលៗ និង ដាក់គុក​អ្នក​ដែល​ខ្លួន​ជឿ​ថា​និយាយ​លើស​ពេក​។​

​អាជ្ញាធរ​បាន​ឃុំខ្លួន​សមាជិក​ក្រុម​ជនជាតិភាគតិច​មូស្លីម​ប្រមាណ​មួយ​លាន​នាក់​ឬ​ច្រើន​ជាង​នេះ​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​របស់​ចិន នៅក្នុង​យុទ្ធនាការ​ដ៏​ឃោរឃៅ​ប្រឆាំង​នឹង​ភាពជ្រុលនិយម​ដែល​សហរដ្ឋ​​អាម៉េរិក​ចាត់ទុកថា​ជា​អំពើ​ប្រល័យពូជសាសន៍​។ នៅក្នុង​ទីក្រុង​ហុងកុង រដ្ឋាភិបាល​របស់​លោក​ស៊ី​បាន​ឆ្លើយតប​ទៅ​នឹង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ជាមួយ​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​តឹងរ៉ឹង ដែល​កម្ចាត់​ក្រុមប្រឆាំង​ខាង​នយោបាយ​និង​បាន​កែប្រែ​ស្ថានភាព​របស់​ហុងកុង ដែល​ធ្លាប់តែ​មាន​លក្ខណៈ​សេរី​។​

​លោក​ស៊ី​កំពុង​ប្រឈមមុខ​នឹង​ការជំទាស់​ចំពោះ​គោលនយោបាយ “​កូ​វីដ​សូន្យ​” ដ៏​អាក្រក់​របស់​រដ្ឋាភិបាល​របស់គាត់ ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ប្រជាជន​។​ក្រុម​អ្នកស្រុក​តូចៗ​បានធ្វើ​​ការតវ៉ា​ក្នុងអំឡុង​ការបិទ​ខ្ទប់​រយៈពេល​ពីរ​ខែ​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ​កាលពីដើមឆ្នាំ​នេះ​។​

​នៅក្នុង​ការតវ៉ា​ផ្នែក​នយោបាយ​ដ៏​កម្រ​មួយ គឺមាន​មនុស្ស​ព្យួរ​បដា​ពីលើ​ស្ពាន​ផ្លូវ​ហាយវ៉េ​ក្នុង​ទីក្រុង​ប៉េកាំង​ក្នុង​សប្តាហ៍​នេះ ដោយ​អំពាវនាវ​ឱ្យ​មាន​សេរីភាព មិនមែន​ការបិទ​ខ្ទប់​ហើយ​កម្មករ​និយោ​​ជិត​និង​និស្សិត​បាន​ធ្វើ​កូដកម្ម​ដើម្បី​បង្ខំ​លោក​ស៊ី​ចេញពី​តំណែង​។ បដា​ត្រូវបាន​ដក​ចេញ​យ៉ាង​ឆាប់រហ័ស ប៉ូលិស​ត្រូវបាន​ដាក់ពង្រាយ​ហើយ​រាល់​ការលើកឡើង​អំពី​ឧបទ្ទវហេតុ​ទាំងនោះ​គឺ​ត្រូវ​លុបចោល​​យ៉ាង​លឿន​ពី​អ៊ីនធឺណិត​។​

​រដ្ឋាភិបាល​បាន​ប្រកាន់ខ្ជាប់​នឹង​គោលនយោបាយ​នេះ ដែល​ពី​មុន​ត្រូវ​គេ​មើលឃើញថា​ជា​ជោគជ័យ​ខណៈ​កូវី​ដ​បាន​វាយលុក​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​។ ត្បិត​មាន​ការ​មិន​ពេញចិត្ត​កាន់តែ​ខ្លាំង​ឡើង ជាពិសេស​នៅពេល​ដែល​ជីវិត​វិល​មក​រក​ប្រក្រតីភាព​ឡើងវិញ​នៅ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ក៏ពិតមែន ក៏​មនុស្ស​ភាគច្រើន​នៅតែ​មិន​ហ៊ាន​និយាយ​ចេញ​មក​នោះ​ឡើយ​៕