ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ ជាតិ​រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (CAMSOC) បាន​ចុះហត្ថលេខា កំណត់​ទៅលើ ប្រភេទ​កីឡា និង​វិញ្ញាសា​អស់ហើយ បន្ទាប់ពី​បានការ​ឯកភាព​ទាំងស្រុង ពី​សមាជិក​ក្រុមប្រឹក្សា កីឡា​អាស៊ីអាគ្នេយ៍ ហើយ​នោះ​។

​កីឡា​ចំនួន ៣៧ ប្រភេទ និង​កីឡា​សម្ដែង (Demonstration Sport) ១​ប្រភេទ ត្រូវបាន​សម្រេច​ជា​ផ្លូវការ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា ដែល​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​។

​បន្ថែម​លើ​ការសម្រេច សម្រាប់​ប្រភេទ​កីឡា​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត ក៏ត្រូវ​បានសម្រេច ជា​ផ្លូវការ​ដែរ ពោលគឺ​នឹងមាន ៦០៨ វិញ្ញាសា​។ ចំនួន​នេះ នាំ​ឲ្យ​បំបែក​កំណត់ត្រា ព្រឹត្តិការណ៍ ដែលមាន​វិញ្ញាសា​ប្រកួត ច្រើនជាងគេ​បំផុត នៅ​ស៊ី​ហ្គេម ចាប់តាំងពី​បង្កើតឡើង នៅ​ឆ្នាំ​១៩៥៦​។ វិញ្ញាសា​ប្រកួត​ច្រើនជាងគេ គឺ​នៅ​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ ក្នុងប្រទេស​ហ្វីលីពីន ដែលមាន ៥៣០ វិញ្ញាសា​។​

​ហែល​ទឹក​ជើង​ទា ដែល​ដើមឡើយ​នៅក្នុង​ចំណោម ប្រភេទ​កីឡា ដោយឡែក ត្រូវ​បានរួម បញ្ចូលមក​នៅក្នុង កីឡា​ក្នុង​ទឹក​រួមគ្នា ខណៈ ប្រដាល់​គុន​ខ្មែរ ដែល​នៅ​ប្រភេទ​កីឡា ដោយឡែក ក៏ត្រូវ​បានដាក់​បញ្ចូល​រួមគ្នា ទៅក្នុង​ប្រភេទ​កីឡា​យុទ្ធ​គុន​ចម្រុះ ផងដែរ​។

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​មានប្រសាសន៍ថាៈ យើង​បាន​ឯកភាពគ្នា​ជាមួយ​ប្រទេស សមាជិក​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​របស់​យើង ចំនួន ៣៨ ប្រភេទ​កីឡា ក្នុង​វិញ្ញាសា ៦០៨ វិញ្ញាសា គឺ​យើង​បានដាក់​ចេញ​ជា​ផ្លូវការ​។

​ប្រភេទ​កីឡា ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ រួមមាន​៖
១. អត្តពលកម្ម (Track&Field និង ម៉ា​រ៉ា​តុង​)
២. កីឡា​លើទឹក (​ហែល​ទឹក​, លោតទឹក​, បាល់​ទឹក និង​ហែល​ទឹក​ជើង​ទា​)
៣. វាយ​សី​
៤. បាល់បោះ (៥×៥ និង ៣×៣)
៥. ប៊ីយ៉ា ស្នូកឃ័រ​
៦. ប្រដាល់សកល​
៧. កាយ​វប្បកម្ម​
៨. អុក (​អុកចត្រង្គ និង​អុក​ចិន​)
៩. ទោចក្រយាន (​កង់​គួ​ក និង​កង់​ភ្នំ​)
១០. គ្រី​ឃី​ត (T20/Sixes និង T50/T20)
១១. កីឡា​រាំ​
១២. កីឡា​អេឡិចត្រូនិក​
១៣. គុន​ដាវ​
១៤. Floorball
១៥. បាល់ទាត់ (​បុរស​-​នារី​)
១៦. វាយ​កូន​ហ្គោល​
១៧. កាយសម្ព័ន្ធ (Aerobic និង Artistic)
១៨. ហុក​គី (​រួមបញ្ចូល​ក្នុង​សាល និង​ក្រៅ​សាល​)
១៩. ម៉ូតូ​ទឹក​
២០. យូ​ដូ​
២១. កា​រ៉ា​តេ​
២២. យុទ្ធ​គុន​ចម្រុះ (​គុន​ល្បុក្កតោ​, Arnis គុនដំបង​របស់​ហ្វីលីពីន​, ជឺ​ជី​តស៊ូ​, ឃី​ក​បុក​សី​ង​, វ៉ូ​វី​ណា​ម​, គុន​ខ្មែរ​)
២៣. កីឡា​ឧបសគ្គ​
២៤. បញ្ច​សីលា​
២៥. ប៉េតង់​
២៦. ទូកក្ដោង​
២៧. សីដក់​
២៨. សូ​ហ្វ​តេ​ន្នី​ស​
២៩. វាយ​កូនឃ្លី​លើ​តុ​
៣០. តេ​ក្វាន់​ដូ WT
៣១. វាយ​កូន​បាល់​
៣២. ប្រណាំងទូក​ប្រពៃណី​
៣៣. ទ្រី​យ៉ា​ត្លុង (​រួមទាំង អា​គ័​រ​ត្លុង និង​ឌូ​អា​ត្លុង​)
៣៤. បាល់ទះ (​ក្នុង​សាល និង​លើ​ឆ្នេរ​ខ្សាច់​)
៣៥. លើក​ទម្ងន់​
៣៦. ចំបាប់​
៣៧. វ៉ូ​ស៊ូ​
​ប្រភេទ​កីឡា​សម្ដែង (Demonstration Sport) ដែលមាន​ជា​លើកដំបូង​នោះ​គឺ Taqball ជា​ប្រភេទ​កីឡា​បាល់​មួយ ដែល​លេង​លើ​តុ​កោង ដោយ​រួមបញ្ចូល​គ្នា នូវ​របៀប​លេង​កីឡាបាល់ទាត់ និង​វាយ​កូនឃ្លី​លើ​តុ ៕/V​