ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោក​បណ្ឌិត ថោង ខុន​  អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​រំឭក ជាថ្មី ពី​គុណ​តម្លៃ​ដ៏​មាន​អត្ថន័យ ចំពោះ​ការទទួលបាន​នូវ​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត «​ខ្សែ​កមាស​» ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) កាលពី​ថ្មីៗ​នេះ​។

​លោក​បាន​បញ្ជាក់ថាៈ នេះ​គឺ​បានមកពី​កិច្ចសហការ និង​ការខិតខំ​ប្រឹងប្រែង រវាង​ប្រតិបត្តិ​ករ ចលនា​អូឡាំពិក និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។ ពិសេស​ដោយសារ​មានការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ការយកចិត្តទុកដាក់ ឧបត្ថម្ភ​ជ្រោមជ្រែង ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

​លោក​បណ្ឌិត ថោង ខុន បាន​មានប្រសាសន៍ថាៈ «​ខ្ញុំ​គិតថា នេះ​គឺជា​កិត្តិយស ដ៏​ឧត្ដុង្គ​ឧ​ត្ត​ម មួយ មិនមែន​សម្រាប់តែ​រូបខ្ញុំ​ម្នាក់​ទេ តែ​សម្រាប់​មហា​គ្រួសារ​ចលនា​អូឡាំពិក​របស់​យើង ទាំងអស់គ្នា ដែល​កន្លងមក យើង​មានការ​ខិតខំ​ប្រឹងប្រែង សហការគ្នា​យ៉ាង​ល្អ រវាង​ក្រសួង​​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡា​ជាតិ និង​ប្រតិបត្តិ​ករ​អូឡាំពិក​ទាំងអស់ ទាំង​ជាតិ និង​អន្ដរជាតិ​។ ពិសេស​ជាងគេ គឺ​បានមក​ដោយសារ​ការយ​ក​ចិត្ត​ទុកដាក់ ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្ដេច​ទាំង​ទ្វេ តែង​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការជួយ​ទំនុកបម្រុង​ឧបត្ថម្ភ ដល់​ចលនា​អូឡាំពិក ពិសេស កីឡាករ​-​កីឡាការិនី​របស់​យើង ទាំង​កីឡាករ​-​កីឡាការិនី​ធម្មតា ក៏ដូចជា​កីឡាករ​-​កីឡាការិនី ជនពិការ​។

​លោក​បាន​បញ្ជាក់ទៀតថាៈ «​គ្រឿង​ឥស្សរិយយស​នេះ បាន​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​ផ្ទាល់ ក៏ដូចជា គ្រួសារ​អូឡាំពិក​កម្ពុជា ឲ្យ​បន្ដ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឈានដល់​គោលដៅ នៃ​ការកសាង​ពិភពលោក​មួយ ដ៏​ល្អប្រសើរ មាន​សុខសន្ដិភាព តាមរយៈ​ចលនា​អូឡាំពិក​។ ម្យ៉ាងវិញទៀត គឺជា​ការគាំទ្រ​លើក​ទឹក​ចិ​ត្ដ​បន្ថែមទៀត ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា និង​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ ត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​មហា​ព្រឹត្តិការណ៍ ស៊ី​ហ្គេម -​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា យុវជន​អាស៊ី​ឆ្នាំ​២០២៩ ឲ្យ​ទទួលបាន​ជោគជ័យ ដ៏​ត្រចះត្រចង់ ផងដែរ​។ គ្រឿង​ឥស្សរិយយស​នេះ បាន​នាំមក​នូវ ស្មារតី​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ កាន់តែ​ល្អប្រសើរ និង​រឹងមាំ​បន្ថែមទៀត ក្នុង​រង្វង់​គ្រួសារ​អូឡាំពិក​»​។

​ក្រោយ​កម្ពុ​ជាមាន​សុខសន្ដិភាព​ពេញលេញ គិត​ចាប់ពី​ឆ្នាំ​១៩៩៨ មកទល់​បច្ចុប្បន្ន កម្ពុជា បាន​អភិវឌ្ឍន៍ និង​រីកចម្រើន លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​កីឡា ក៏​ដូចគ្នា ពិសេស​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​កីឡា​។ ជាក់ស្ដែង អំឡុង​កម្ពុជា​រៀបចំ​មហាសន្និបាត OCA លើក​ទី​៤១ កាលពីដើម​ខែតុលា កន្លងទៅ ប្រតិភូ​អូឡាំពិក​អាស៊ី និង​អន្ដរជាតិ រួមទាំង​លោក Raja Randhir Singh ប្រធានស្ដីទី OCA បានធ្វើ​ដំណើរ​ទស្សនកិច្ច ហេដ្ឋារចនាសម្ព័ន្ធ កីឡា ហើយ​បាន​សម្ដែង​ការភ្ញាក់ផ្អើល​ជាខ្លាំង ចំពោះ​ការរីកលូតលាស់ នៃ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​កីឡា​កម្ពុជា​។

​លោក Raja Randhir Singh និង​ប្រតិភូ​អូឡាំពិក​អន្ដរជាតិ​ជាច្រើន បានមក​ទស្សន កិច្ច​នៅ​ទីស្នាក់ការ NOCC ហើយ​បាន​ភ្ញាក់ផ្អើល ចំពោះ​អគារ​នៃ​ចលនា​អូឡាំពិក កម្ពុជា​នេះ​។

​បន្ទាប់មក ពួកគាត់ បានធ្វើ​ទស្សនកិច្ច​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពួកគាត់​កាន់តែ​ភ្ញាក់ ផ្អើល​ថែមទៀត ដោយ​លាន់មាត់ “WOW” គ្រប់គ្នា​ថា កម្ពុជា​រៀបចំ​បាន​ត្រឹមត្រូវ និង មាន​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ដ៏​អស្ចារ្យ ដែលជា​ភាពជឿជាក់ និង​កក់ក្ដៅ សម្រាប់​ការរៀបចំ ព្រឹត្តិការណ៍​ស៊ី​ហ្គេម -​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​»​។

​កម្ពុជា​ពុំ​ធ្លាប់​ទទួលរង​ពិន័យ​ណាមួយ ពី​គណៈកម្មាធិការ អូឡាំពិក​អន្ដរជាតិ ឬ​ក្រុមប្រឹក្សា កីឡា​អាស៊ី ឬ​អាស៊ីអាគ្នេយ៍​ឡើយ គឺ​កម្ពុជា តែង​គោរព​អនុវត្ត បាន​ត្រឹមត្រូវ តាម​ធម្មនុញ្ញ អូឡាំពិក ទើប​កម្ពុជា​ទទួលបាន​នូវ​ការកោតសរសើរ ចំពោះ​ចលនា​អូឡាំពិក​កម្ពុជា រហូត​ទទួលបាន​នូវ គ្រឿង​ឥស្សរិយយស ដ៏​ឧត្ដុង្គ​ឧ​ត្ត​ម ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​៕/V​