​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡា​ចំនួន ៣៨ ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ចំនួន ៧ ប្រ​​ភេទ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​ជាតិ ចំនួន ៣៨ បាន​ឯកភាពគ្នា ជូនដំណឹង ដល់​សាធារណជន និង​អ្នក​ស្នេហា​វិស័យ​កីឡា​ទាំងអស់​ថា បាន​ត្រូវ​ដាក់បញ្ចូល សម្រាប់​ការប្រកួត នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ ចាប់ពី​ថ្ងៃទី​១៩ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនេះ​។

​ប្រភេទ​កីឡា មាន​ចំនួន ៣៨ និង​ប្រភេទ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចំនួន​៧ ដែលមាន​វិញ្ញាសា សរុប ៤០៥ នៅ​ភ្នំពេញ​, ខេត្ត​កែប​, កំពត​, ព្រះសីហនុ​, និង​ខេត្តសៀមរាប​។

រូបថតៈ ឯកសារ

​ពិធី​បើក​ផ្លូវការ គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា និង​ពិធី​បិទ​គ្រោង​ធ្វើ នា​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

​គោលបំណង​ចម្បង នៃ​កីឡា​ជាតិ​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ដល់ សហព័ន្ធ​កីឡា​ជាតិ​ទាំង​អស់ បានដាក់​មន្ត្រី​បច្ចេកទេស ដែល​បាន​បណ្តុះបណ្តាល​រួច ឱ្យ​អនុវត្ត​ការរៀបចំ​ប្រកួត ជាក់ស្តែង លើ​ទីលាន​ប្រកួត ដើម្បី​ទទួលបាន​ចំណេះដឹង បទពិសោធន៍ និង​បង្កើន​គុណភាព កីឡាករ កីឡាការិនី ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត​ផងដែរ​។

​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ រៀងរាល់ ២ ឆ្នាំ​ម្តងនេះ នឹង​រៀបចំ​ពិធី​បើក​បិទ ឱ្យ​ស្របតាម​ស្ដង់ដារ ស៊ី​ហ្គេម ហើយ​ជាការ​សាកល្បង​ចុងក្រោយ នៃ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម -​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង កាលពី​ឆ្នាំ​២០១៦ រីឯ​កីឡា​ជាតិ លើក​ទី​២ ត្រូវបាន​ធ្វើឡើង កាលពី​ឆ្នាំ​២០១៨​។​ចំពោះ​ការរៀបចំ​កីឡា​ជាតិ នៅ​ឆ្នាំ​២០២២ ត្រូវបាន​លុបចោល ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​គ្រប់​ទម្រង់ នៃ​ការរៀបចំ ការប្រកួត​កីឡា​ជាតិ​នេះ មាន​គោលដៅ​ចម្បង ទាំង​ការរៀបចំ ពិធី​បើក​-​បិទ ទម្រង់ការ​ប្រកួត​រប​ស់ម​ន្ត្រី​រៀបចំ​ការប្រកួត ការ​កាត់សេចក្តី​របស់ អាជ្ញាកណ្តាល ចៅក្រម ក៏ដូចជា បង្កើន​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី លើ​ប្រភេទ​កីឡា​ទាំងអស់ គឺ​សុទ្ធតែ​បាញ់​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ និង​ការប្រកួត​កីឡា​ជនពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ក្រោយ​រង់ចាំ​អស់​រយៈពេល ៦៤ ឆ្នាំ ៕/V​

រូបថតៈ ឯកសារ