​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក អ៊ែន​ថូ​នី អាល់​បា​នី​ស​(Anthony Albanese)​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​លោក​នឹង​ចុះ​ទៅ​កាន់​ផ្នែក​ជន់​លិច​ខ្លះ​នៃ​រដ្ឋ​វិច​ថរ​រៀ​(Victoria)​រួម​ទាំង​ទីក្រុង​មែ​ល​ប៊​ន នៅពេល​រដ្ឋ​អូស្ត្រាលី​ចំនួន​បី​បន្ត​តស៊ូ​នឹង​ទឹកជំនន់​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​។​

​ការព្រមាន​គ្រាអាសន្ន​ត្រូវបាន​ប្រកាស​ឡើង​សំរាប់​ផ្នែក​ជន់​លិច​នៃ​រដ្ឋ​វិច​ថរ​រៀ រដ្ឋ​ញូ​វ សោត វ៉េ​លស៍​(New South Wales)​និង​តំបន់​ខាងជើង​នៃ​រដ្ឋ​ថាស​ម៉ានៀ​(Tasmania)​បន្ទាប់​ពី​ប្រព័ន្ធ​អាកាស​​ធាតុ​មួយ​បាន​នាំ​ទឹកភ្លៀង​មក​ទម្លាក់​លើ​ប៉ែក​អាគ្នេយ៍​ប្រទេស​ទៅក្នុង​កំរិត​ខ្ពស់​ស្មើ​នឹង​ការ​ធ្លាក់ភ្លៀង​ធម្មតា​មួយ​ខែ​។​

​វិបត្តិ​ទឹកជំនន់​នេះ​កើតឡើង​បន្ទាប់​ពី​បណ្តា​រដ្ឋ​អូស្ត្រាលី​ខាងកើត​រង​ការ​ជន់​លិច​ខ្លាំង​នៅ​ដើមឆ្នាំ​២០២២​នៅ​ពេល​ប្រទេស​ស្ថិតក្រោម​ព្រឹត្តិការណ៍​អាកាសធាតុ​La Nina​លើក​ទី​បី​ជាប់ៗ​គ្នា ដែលនាំអោយ​​មានការ​ធ្លាក់​ភ្លៀង​ច្រើន​។​

​ក្នុង​រដ្ឋ​វិច​ថរ​រៀ ដែល​រង​ការលិចលង់​ខ្លាំងជាងគេ បាន​រាយការណ៍​អ្នក​ស្លាប់​ដោយ​ទឹកជំនន់​ទី​មួយ​កាលពី​ថ្ងៃ​សោរ៍​។​នៅ​ក្រុង​មែ​ល​ប៊​ន ការ​បោសសម្អាត​លាងជម្រះ​ក្រោយ​ទឹកជំនន់​ស្រក​កំពុង​ចាប់ផ្តើម​បន្ទា​​ប់ទ​ន្លេ​មែ​រី​បៀ​ណុង​( Maribyrnong)​បានបាក់​ធ្លាយ​ទំនប់​ច្រាំង​ទន្លេ​កាលពី​ថ្ងៃ​សុក្រ ដោយ​ជន់​លិច​តាំងពីសង្កាត់​ជាយក្រុង​រហូត​ដល់​សង្កាត់​ជំនួញ​នៅ​កណ្តាល​ក្រុង​៕

​ទឹកជំនន់​ត្រូវ​រំពឹង​ថា​បន្តគំរាម​សហគមន៍​ក្នុង​រដ្ឋ​វិច​ថរ​រៀនៅ​ប៉ុន្មាន​ថ្ងៃ​បន្តទៀត​