​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល,​ស៊ីនហួរ)៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៦​តុលា​នេះ​បាន​សរសើរ​ការប្រយុទ្ធ​ប្រឆាំង​របស់​បក្ស​កុំម្មុយនីស្ត​ចិន​ប្រឆាំងនឹង​ជំងឺ​កូវី​ដ​១៩​នៅ​ពេល​លោក​​បានបញ្ជាក់​អះអាង​ឡើងវិញ​ការគាំទ្រ​វិស័យ​ឯកជន​និង​អនុញ្ញាត​អោយ​ទីផ្សារ​ដើរតួនាទី​សំខាន់​មួយ​ទោះជា​ចិន​ប្រកាន់យក​«​ប្រព័ន្ធ​សេដ្ឋកិច្ច​សង្គម​និយមកំរិតខ្ពស់​»​មួយ​ក្តី​។​

​ស៊ី​ឡើង​ថ្លែង​បើក​សមាជ​បក្ស ដែល​ត្រូវ​គេ​រំពឹងថា​នឹង​បញ្ជាក់​មុខតំណែង​របស់​លោក​ជា​ថ្មី​

​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​​នៅ​ពេល​ចាប់ផ្តើម​សមាជ​បក្ស​ដែល​រូបលោក​ត្រូវ​រំពឹងថា​ទទួលបាន​ការគាំទ្រ​សំរាប់​អាណត្តិ​ប្រធានាធិបតី​លើក​ទី​បី និង​ដាក់​រូបលោក​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​​ចាប់តាំងពី​សម័យ​មេដឹកនាំ​ម៉ៅ សេទុង លោក​ស៊ី​បាន​សរសើ​រការ​គ្រប់គ្រង​របស់​បក្ស​លើ​សភាពការណ៍​នៅ​ហុងកុង ដែល​ត្រូវបានធ្វើអោយ​កក្រើក​កើត​ចលាចល​ដោយសារតែ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅឆ្នាំ​២០១៩​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចោទប្រកាន់ថា​មានការ​ញុះញង់​ពី​កម្លាំង​បរទេស​។​

​ជំនួប​ពីរ​ទសវត្សរ៍​ម្តង​នៃ​ប្រតិភូ​២.៣០០​រូប​មក​ពី​ជុំវិញ​ផ្ទៃ​ប្រទេស​នេះ បាន​ចាប់ផ្តើម​នៅ​មហាសាល​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​ចំពេល​មានការ​យាមកាម​តឹងរឹង​និង​ស្ថិតក្រោម​ផ្ទៃមេឃ​ពណ៌​ខៀវ​ក្រោយវា​ស្រ​​អាប់​អស់​ពេល​ជា​ច្រើន​ថ្ងៃ​នៅពីលើរដ្ឋធានី​ចិន​។​

​អំ​ពី​បញ្ហា​តៃវ៉ាន់ លោក​ស៊ី​បាន​និយាយថា «​យើង​បាន​ធ្វើ​ការតស៊ូ​ធំ​មួយ​ប្រឆាំង​នឹង​ការ​ផ្តាច់ខ្លួន​និយម​និង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ ដោយ​បង្ហាញ​ការតាំង​ចិត្ត​ខ្ពស់​របស់​យើង​និង​លទ្ធភាព​ការពារ​អធិប​​តេ​យ្យ​និង​បូរណភាព​ទឹកដី​របស់​យើង ហើយ​ប្រឆាំង​ឯករាជ្យភាព​តៃវ៉ាន់​»​។​

​ប្រតិភូ​ក្នុង​សមាជ ដែល​ពាក់​ម៉ាស់​មុខ​ពណ៌​ខៀវ បាន​តប​ជាមួយនឹង​ការ​ទះដៃ​សាទរ​យ៉ាង​កងរំពង​។​

​លោក​ស៊ី​បាន​បន្តថា គណបក្ស​ដែល​មាន​សមាជិក​៩៦​លាន​នាក់ «​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការប្រឆាំង​ភាពក្រីក្រ​ជា​ប្រវត្តិសាស្ត្រ​»​។​

​សូមបញ្ជាក់​ថា ក្នុងការ​កាន់​អំណាច​អស់​មួយ​ទសវត្សរ៍​មក​នេះ ស៊ី វ័យ​៦៩​ឆ្នាំ បាន​ដឹកនាំ​ប្រទេស​ចិន​លើផ្លូវ​កាន់តែ​រឹតបន្តឹង​ឡើង​ដោយ​អោយ​អាទិភាព​លើ​សន្តិសុខ ការគ្រប់គ្រង​រដ្ឋ​លើ​សេដ្ឋកិច្ច​ក្នុងនាម​«​វិបុលភាព​រួម​» កិច្ចការ​ទូត​បែប​អាងយ៉ាង​ឡើង យោធា​ខ្លាំងក្លា​ជាង​មុន​និង​បង្កើន​ការដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់​។​

​ពួក​អ្នកវិភាគ​មិន​រំពឹង​ថា​នឹង​មាន​ការផ្លាស់ប្តូរ​ច្រើន​ទេ​អំពី​ទិសដៅ​គោលនយោបាយ​បន្ទាប់​ពី​សមាជ​នេះ​ទៅ​។​

​បើ​តាម​លោក​ស៊ី គឺថា​«​យើង​ត្រូវតែ​ស្ថាបនា​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​សង្គមនិយម​កំរិត​ខ្ពស់​មួយ​…​ពង្រឹង​និង​អភិវឌ្ឍ​ប្រព័ន្ធ​កម្មសិទ្ធិសាធារណៈ លើកទឹកចិត្ត​ហើយ​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន អនុញ្ញាត​​អោយ​ដើរ​តួនាទី​ពេញលេញ​នៃ​ទីផ្សារ​ក្នុង​ការ​លៃ​ទុក​ប្រភពធនធាន ហើយ​ផ្តល់​អោយរដ្ឋដើរតួនាទី​កាន់តែ​ប្រសើរឡើង​»​។​

​អំពី​រឿងកូ​វីដ លោក​ស៊ី​បាន​និយាយថា​ចិន​ទទួលបាន​ការសរសើរ​ពី​អន្តរជាតិ​។​

​សមាជ​បក្ស​នេះ​ត្រូវ​រំពឹងថា​នឹង​បញ្ជាក់​ឡើងវិញ​អំពី​តំណែង​អគ្គលេខា​បក្ស​សំរាប់​លោក​ស៊ី ព្រមទាំង​តំណែង​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម បន្ទាប់ពី​សភា​បាន​បន្ត​តំណែង​ប្រធានាធិបតី​របស់លោក​​ក្នុង​សម័យប្រជុំ​កាលពី​ខែ​មីនា​៕

​ទិដ្ឋភាព​សមាជ​បក្ស​កុំម្មុយនីស្ត​ចិន​កាលពី​ថ្ងៃ​១៦​តុលា​។​ជំនួប​ពីរ​ទសវត្សរ៍​ម្តង​នៃ​ប្រតិភូ​២.៣០០​រូប​មក​ពី​ជុំវិញ​ផ្ទៃ​ប្រទេស​នេះ បាន​ចាប់ផ្តើម​នៅ​មហាសាល​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​