ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ប្រព័ន្ធយុត្តិធម៌បារាំង និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា គឺមិនខុសគ្នាទេ ហើយជាពិសេសក្រុមព្រហ្មទណ្ឌរបស់កម្ពុជា គឺយកចេញពីក្រមព្រហ្មទណ្ឌរបស់បារាំង ដោយអ្នករៀបចំឲ្យ គឺអ្នកជំនាញការបារាំង វាអត់មានអីខុសគ្នា។ ក៏ប៉ុន្តែគ្រាន់តែការសម្រេចសេចក្តីរបស់តុលាការ គឺវាអត់ដូចគ្នាទេ។ ការសម្រេចសេចក្តីរបស់តុលាការវាជាអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រម ដោយផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់ នៃសំណុំរឿងនិមួយៗ។ នេះជាការបញ្ជាក់របស់លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់រស្មីកម្ពុជា។

លោកជិន​ ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ (រូបថតៈឯកសារ)

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា “មិនមែនតុលាការបារាំងគេសម្រេចអញ្ចឹង តុលាការខ្មែរត្រូវសម្រេចដូចគ្នាដែរទេ។ អង្គហេតុ អង្គច្បាប់ មូលដ្ឋាននៃការសម្រេចសំណុំរឿងនីមួយៗ វាអត់ដូចគ្នាទេ។ វាជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យតាមប្រទេសនីមួយៗ”។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើឡើងបន្ទាប់ពីមានក្រុមអ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថា តុលាការនៅប្រទេសកម្ពុជា គួរយកគំរូតាមតុលាការបារាំង ក្នុងការកាត់ក្ដីសំណុំរឿងទាក់ទងទៅនឹងសេរីភាពបញ្ចេញមតិ ដូចរឿងក្ដីរបស់លោក សម រង្សី និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ៕