​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ វា​អាស្រ័យ​លើ​ប្រជាជន​ចិន​ក្នុង​ការដោះស្រាយ​បញ្ហា​តៃវ៉ាន់ ហើយ​ចិន​គ្មាន​ពេល​បដិសេធ​សិទ្ធិ​ប្រើ​កម្លាំង​ឡើយ តែ​នឹង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ នេះ​បើ​​តាម​លោក​ស៊ី ជីន​ភីង បានបញ្ជាក់​ពេល​លោក​ឡើង​ថ្លែង​បើក​សមាជ​បក្ស​កាលពី​ថ្ងៃអាទិត្យ​។​

សូមបញ្ជាក់ថា ​ចិន​មើលឃើញ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ដែល​ត្រូវតែ​ធ្វើ​ការបង្រួបបង្រួម​គ្នា​ឡើងវិញ ដោយ​អាច​ប្រើ​កម្លាំងយោធា​ដើម្បី​នាំ​វាមក​នៅ​​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ក្នុង​ករណីចាំបាច់ ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​ប្រឆាំង​ជំទាស់​ដាច់ខាត​និង​សន្យា​ប្រើ​កម្លាំងយោធា​ដើម្បី​តតាំង​ក្តី​។​រដ្ឋាភិបាល​តៃវ៉ាន់​បាន​និយាយថា មាន​តែ​ប្រជាជន​កោះ​​តៃវ៉ាន់​មាន​សិទ្ធិ​សំ​រេច​អនាគត​របស់​គេ​។​

​ក្នុង​សុន្ទរកថា​បើក​សមា​ជ​បក្សកុំម្មុយនីស្ត​ចិន​លើកទី​២០​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ក្រុង​ប៉េកាំង លោក​ស៊ី​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​តែងតែ​«​គោរព​ យកចិត្តទុកដាក់​និង​គិត​ពី​ផល​ប្រ​​យោជន៍​ប្រជាជន​តៃវ៉ាន់ ហើយប្តេជ្ញា​ជំរុញ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​និង​វប្បធម៌​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​»​។​

«​ការដោះស្រាយ​បញ្ហា​តៃវ៉ាន់​ជា​កិច្ចការ​ផ្ទាល់​របស់​ប្រជាជន​ចិន និង​វា​អាស្រ័យ​លើ​ប្រជាជន​ចិន​ជា​អ្នកសំរេច​។​យើង​នៅតែ​និយាយ​ដោយ​ទទូច​អំពី​លទ្ធភាព​នៃ​ការបង្រួបបង្រួម​គ្នា​ឡើងវិញ​ដោយ​សន្តិ​​វិធី​ជាមួយនឹង​មហា​ភាពស្មោះត្រង់​និង​កិច្ចខិតខំ​អស់​ពី​ចិត្ត​ពី​ថ្លើម តែ​យើង​នឹង​មិន​សន្យា​បោះបង់​ចោល​ការប្រើ​កម្លាំង​ឡើយ និង​រក្សា​ទុក​វា​ជា​ជំរើស​ចាត់វិធានការ​ចុងក្រោយ​ក្នុង​ករណី​ចាំបាច់​»​។​

​បើ​តាម​លោក​ស៊ី ជំរើស​ចុងក្រោយ​នេះ​សំដៅលើ​«​អន្តរាគមន៍​ដោយ​កងកម្លាំង​ខាងក្រៅ​និង​”​ពួក​អ្នកគាំទ្រ​ឯករាជ្យ​តៃវ៉ាន់​មួយ​ក្រុម​តូច​” មិនមែន​ប្រជាជន​តៃវ៉ាន់​ភាគច្រើន​នោះ​ទេ​»​។​ក្រោម​ស្នូរ​ទះដៃ​​អបអរ​យ៉ាង​កងរំពង​ពេញ​សាលប្រជុំ លោក​បាន​បន្ថែមថា​«​កង់​ប្រវត្តិសាស្ត្រ​នៃ​ការបង្រួបបង្រួម​ជាតិ​ឡើងវិញ​និង​យុវ​កម្ម​ជាតិ​កំពុង​វិល​ទៅមុខ ហើយ​ការបង្រួបបង្រួម​មាតុភូមិ​ពេញលេញ​មួយ​ត្រូវតែ​​សំរេច​អោយ​ខាន​តែ​បាន គឺ​វា​ត្រូវតែ​សំរេច​អោយបាន​!»​។​

​កន្លងមក​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​សុំ​ផ្តល់​អោយ​តៃវ៉ាន់​នូវ​គំរូ​ស្វ័យភាព​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​ដូច​ខ្លួន​កំពុង​អនុវត្ត​នៅ​ហុងកុង តែ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​និង​គណបក្ស​នយោបាយ​តៃវ៉ាន់​បាន​ជំទាស់​​។​ក្នុង​សុន្ទរកថា​របស់​លោកស្រី​កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​តៃវ៉ាន់​បាន​និយាយ​ថា​សង្គ្រាម​រវាង​តៃវ៉ាន់​និង​ចិន​«​ដាច់ខាត​មិន​ជា​ជំរើស​មួយ​»​ទេ និង​បាន​អះអាង​ឡើងវិញ​អំពី​បំណង​ចង់​ចរចា​ជាមួយ​ចិន​​ប៉េកាំង តែ​ចិន​បដិសេធ​មិន​និយាយ​ជាមួយ​ប្រធានាធិបតី សាយ អ៊ីង​វិន ដោយសារ​ចាត់ទុក​លោកស្រី​ជា​ជន​ផ្តាច់ខ្លួន​និយម​៕

​ស៊ី ​ក្នុង​សុន្ទរកថា​បើក​សមា​ជ​បក្សកុំម្មុយនីស្ត​ចិន​លើកទី​២០​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ក្រុង​ប៉េកាំង