ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖ តបតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នេះ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះចែកពូជស្រូវជូនប្រជាកសិករជាង មូយពាន់គ្រួសារ ស្មើនឹងជិត ១០០ តោន ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីស្តារឡើងវិញ ក្រោយទឹកជំនន់ស្រក ខណ:កំពង់ធំជាខេត្តដំបូងគេ ទទួលបានពូជស្រូវ ។

យោងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកទេសរដ្ឋមន្រ្តី គន់ គីម បានជំរុញឱ្យមន្ត្រីជំនាញ ចុះជួយណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ឱ្យដាំដុះស្រូវ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដាំដុះតាមបច្ចេកទេសកសិកម្ម ឱ្យបានល្អប្រសើរ ហើយលោកក៏បានរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋ យកគ្រាប់ ពូជស្រូវទាំងអស់នោះយកទៅហាលថ្ងៃសិន ដើម្បីឲ្យស្ងួតល្អ ចាំយកទៅដាំដុះសាបព្រួស។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថាៈ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប ពិនិត្យឲ្យបានច្បាស់លាស់ មុននឹងយកគ្រាប់ពូជ សាបព្រួស តើគ្រាប់ណាល្អ គ្រាប់ណាមិនល្អ ជាពិសេសត្រូវធ្វើដីឲ្យបានស្អាតល្អផងដែរ។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានបន្ថែមថាៈ សម្ដេចតេជោ ហ៊ុន សែន តែងតែនឹករលឹក និងព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេល វេលា ដោយជំរុញមន្ត្រីជំនាញ ក៏ដូចជា អាជ្ញាធរ ចុះពិនិត្យផ្ទាល់ ជាក់ស្ដែង ដើម្បីរកវិធីសាស្រ្តដោះស្រាយ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ហើយថ្ងៃនេះ ក្រុមការងារ មកពិនិត្យស្ថានភាពទឹក និងស្ថានភាពស្រូវ ដើម្បីសិក្សាវាយតម្លៃពីទំហំ នៃការខូចខាតបន្ថែមទៀត ឱ្យបានច្បាស់លាស់ ។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី គន់ គីម បានធ្វើការណែនាំដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ រួមទាំងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដល់ប្រជាពលរដ្ឋ ព្រោះបងប្អូនប្រជាពលរដ្ឋ ជាអ្នកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងមិនត្រូវប្រកាន់ បក្ខពួក និន្នាការនយោបាយ ណាមួយជា ដាច់ខាត ហើយមិនត្រូវរើសអើង ព្រោះពួកគាត់ គឺជាប្រជាពលរដ្ឋខ្មែរតែមួយ។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានបន្ថែមទៀតថាៈ ការផ្ដល់គ្រាប់ពូជស្រូវនេះ ជាជំហានដំបូង គឺយើងដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលមានជីវិតខ្វះខាតជាចម្បងសិន ចំណែកប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលគ្រាប់ពូជ សូមកុំទាន់អាក់អន់ស្រពន់ចិត្តអី រាជរដ្ឋាភិបាល នៅតែបន្តចែកគ្រាប់ពូជស្រូវដល់ប្រជាពលរដ្ឋណា ដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យបានគ្រប់ៗគ្នា ។

យោងតាមការឱ្យដឹងពីអាជ្ញាធរស្រុកប្រាសាទសំបូរថា ចាប់តាំងពីដើមខែសីហា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ ស្រុកប្រាសាទសំបូរ បានទទួលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀងស្ទឹងសែនយ៉ាងខ្លាំង និងធ្វើឲ្យមានផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រួមមាន ប៉ះពាល់ស្រូវវស្សា សរុបចំនួន ១.១៩៦ហិកតា និងខូចខាត ចំនួន ៨២១ ហិកតា ប៉ះពាល់ដំណាំរួមផ្សំ សរុបចំនួន ៥ ហិកតា និងខូចខាត ចំនួន ៤ ហិកតា ប៉ះពាល់ផ្លូវលំប្រវែង សរុបចំនួន ៧៨.៦៧៤ ម៉ែត្រ ផ្លូវកៅស៊ូ ប្រវែងសរុបចំនួន ១.៣៦០ ម៉ែត្រ ផ្ទះប្រជាពលរដ្ឋ ចំនួន ១.៩៧៤ ខ្នងផ្ទះ ផ្ទះលិចទឹកដល់រនាប ចំនួន ៣៤ ខ្នងសាលារៀនចំនួន ១៩ កន្លែង ស្ពានឈើចំនួន ៥កន្លែង មណ្ឌលសុខភាពចំនួន ៣ កន្លែង៕/V