ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ដោយប្រើទារុណកម្មដ៏ឃោរឃៅ រំលោភសេពសន្ថវ: និងអំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សា លើស្រីម្នាក់ កាលពីវេលាម៉ោង ២១:៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាបបានប្រាប់ឱ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្ន ស្នាក់នៅកន្លែងធ្វើការសំណង់ ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប  ។

នគរបាលខេត្តសៀមរាប បាននិយាយថាៈ ការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះ គឺអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និង លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

មន្ត្រីដដែល បានរៀបរាប់ពីដំណើររឿងឃាតកម្មនេះថាៈ នៅវេលាម៉ោង ៨:២០ នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចយើង ទទួលសេចក្ដីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះ ឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ ស្រុកកំណើត ភូមិចន្លោង ឃុំស្រង៉ែ ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់នៅក្នុងផ្ទះជួល កន្លែងកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង សហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត, កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក, កម្លាំងប៉ុស្ត៍នគរបាលដ្ឋបាលក្របីរៀល និងគ្រូពេទ្យជំនាញ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព និងកន្លែងកើតហេតុ ដោយកំណត់បានថា ការស្លាប់របស់ជនរងគ្រោះ ខាងលើ គឺមានជាប់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចយើង បានបន្តស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាជាជនសង្ស័យ ខាងលើ និងនាំខ្លួនយកធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថាៈ រូបគេជាជនដៃដល់តែម្នាក់ ដែលធ្វើសកម្មភាពរំលោភសេពសន្ថវ: និងសម្លាប់ទៅលើជនរងគ្រោះ យកទ្រព្យសម្បត្តិ ។

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រូបគេបានជិះកង់ឆ្វែលមើលជនរងគ្រោះ នៅចំណុចទីតាំងកន្លែងកើតហេតុខាងលើ ។ លុះដល់ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០ រូបគេបានជិះកង់ចេញពីការដ្ឋានសំណង់ ស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប  ទៅទិញមីឆា និងប្រហិតចៀន នៅចំណុចផ្សារក្របីរៀល រួចជិះកង់សំដៅទៅផ្ទះជនរងគ្រោះ។ពេលទៅដល់ ខ្លួនឃើញជនរងគ្រោះ អង្គុយនៅមុខផ្ទះម្នាក់ឯង ចំណែកទ្វារផ្ទះ គឺបើកចំហរ ។ ពេលនោះ រូបគេបានកាន់មីឆា និងប្រហិតចៀន ចូលអង្គុយហូប នៅក្នុងផ្ទះជនរងគ្រោះ តែជនរងគ្រោះ មិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនផងដែរ។

នៅវេលាម៉ោង ២១និង៣០នាទី ពេលរូបគេហូបមីឆា និងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះ ដើរចូលទៅបន្ទប់ទឹកក្នុងផ្ទះ។ ដោយមានចំណង់រួមភេទ និងស្របពេលដែល យប់ស្ងាត់ ហើយជនរងគ្រោះ នៅផ្ទះតែម្នាក់ឯង ខ្លួនបានដើរទៅយកខ្សែភ្លើង (ប្រវែងប្រហែល ១៥០សង់ទីម៉ែត្រ) នៅលើតុក្បែរគ្រែដេករបស់ជនរងគ្រោះ មកបត់ជាពីរ ហើយស្ទុះចូលតាមជនរងគ្រោះ ទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែរខ្នងមកទ្វារ ដោយប្រើដៃទាំងពីរ រឹតកជនរងគ្រោះ និងខ្សែភ្លើង រហូតដល់សន្លប់  ហើយខ្លួនបានដើរទៅបិទទ្វារផ្ទះ (ទ្វាររូត) កុំឲ្យអ្នកដទៃ មើលឃើញ ។ បន្ទាប់ពីបិទទ្វារមុខរួច  រូបគេយកដៃទាំងពីរ ស៊កចូលក្រោមក្លៀកជនរងគ្រោះទាំងសងខាង ចាប់អូសរូបនាង ទៅដាក់លើគ្រែ ហើយធ្វើសកម្មភាព រំលោភសេពសន្ថវៈ ។

ដោយឃើញថា ជនរងគ្រោះ នៅមានដង្ហើម និងដៃជើងនៅតែអាចកំរើកបាន ហើយភ័យខ្លាច បែកការណ៍ ទើបរូបគេ បានប្រើជើងខាងស្តាំជាន់ និងកន្រ្តំ ទៅលើ-ក ជនរងគ្រោះខ្លាំងៗជាច្រើនជើង បណ្តាលឲ្យបាក់គ្រែ ទើបជនរងគ្រោះ ដាច់ខ្យល់ស្លាប់ ប៉ុន្តែមិនបានដឹងថា ជនរងគ្រោះ បាក់ ក នោះទេ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយ ខ្លួនបានយកទូរស័ព្ទដៃមួយគ្រឿង ម៉ាក OPPO ពណ៌ក្រហម ផ្ទុកស៊ីមកាតលេខៈ ០៧៨ ៧៤០ ៤៣៧  និងបន្តទៅរើកកាយមើលក្នុងទូ ឃើញកាបូបដៃមួយ ពណ៌ប្រផេះ មានប្រាក់ចំនួន ២ ម៉ឺនរៀល និងបានយកម៉ូតូជនរងគ្រោះ ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប 1Z 2423 បើកចេញដោយដៃម្ខាង និងដៃម្ខាងទៀត បណ្តើរកង់ ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ ដែលខ្លួនស្នាក់នៅបណ្តោះអាសន្ន ប្រហែល ៥០ម៉ែត្រ ហើយក៏សម្រេចចិត្តទុកម៉ូតូនោះចោល នៅចំណុចខ្ទមមួយក្បែរផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម្យ៉ាងទៀតខ្លាចបែករឿង។

បន្ទាប់ពីទុកម៉ូតូផ្លុងចោលហើយ រូបគេបានជិះកង់ទៅដេក នៅការដ្ឋានធ្វើសំណង់ ស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដោយយកទូរស័ព្ទជនរងគ្រោះទៅប្រើប្រាស់ផងដែរ លុះដល់វេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ចំណែកវត្ថុតាង សមត្ថកិច្ច បានដកហូតទូរស័ព្ទ ជនរងគ្រោះ ចំនួន១ ម៉ូតូជនរងគ្រោះ ១គ្រឿង និងកង់របស់ជនសង្ស័យ ចំនួន១។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕/V