ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក លីម សុភា អភិបាលខណ្ឌ មន្រ្តីរាជការ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់កោះដាច់ បាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋ ចំនួន ៥១ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅភូមិទាំង៥ ស្ថិតនៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

លោក លីម សុភា បានលើកឡើងថាៈ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការជួយសម្រាលទុក្ខលំបាកនានា ជូនប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរមូលដ្ឋាន បានឆ្លើយតបយ៉ាងរហ័ស សកម្ម និងមានប្រសិទ្ធភាព ក្នុងការផ្តល់ជំនួយមនុស្សធម៌ជូនគ្រួសាររងគ្រោះ ដោយទឹកជំនន់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

នាឱកាសនោះ លោកអភិបាលខណ្ឌជ្រោយចង្វារ បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធាន តែងតែយកចិត្តទុកដាក់ខ្ពស់ ជាប់ជានិច្ចចំពោះ សុខទុក្ខប្រជាពលរដ្ឋ គ្រប់ទីកន្លែង មិនប្រកាន់និន្នាការនយោបាយ សាសនា ឬពណ៌សម្បុរនោះទេ។

លោកអភិបាល ខណ្ឌជ្រោយចង្វារ ក៏បានផ្តាំផ្ញើដល់គ្រួសាររងគ្រោះ ត្រូវគិតគូរពីសុវត្ថិភាព មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសកុមារតូចៗ និងសត្វអសិរពិសផ្សេងៗ។ ក្នុងករណីប្រជាពលរដ្ឋណា មានការខ្វះខាតផ្នែកណាមួយត្រូវរាយការណ៍ មករដ្ឋបាលសង្កាត់ ដើម្បីអាជ្ញាធរមូលដ្ឋាន អាចមានលទ្ធភាពជួយបានទាន់ពេលវេលា។

មន្ត្រីសាលាខណ្ឌ បានឱ្យដឹងថាៈ អំណោយដែលលោកអភិបាលខណ្ឌ ចែកជូនប្រជាពលរដ្ឋ ទាំង ៥១ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គ.ក្រ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកក្រូច១កេស និងថវិកា ៣០.០០០ រៀល៕/V