​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង​កាលពី​ថ្ងៃអាទិត្យ​បាន​អំពាវនាវ​អោយ​អភិវឌ្ឍ​យោធា​អោយ​បាន​លឿន​និង​មិន​បានប្រកាសដូរគោលនយោបាយ​ដែល​បាន​​ធ្វើអោយ​ល្អក់កករ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​នា​ពេល​កន្លង​មកនោះ​ទេ ហើយ​រឹតបន្តឹង​ការគ្រប់គ្រង​របស់​បក្ស​កុំម្មុយនីស្ត​លើ​សង្គម​និង​សេដ្ឋកិច្ច​។​

​មេដឹកនាំ​មាន​ឥទ្ធិពល​បំផុត​របស់​ចិន​រូបនេះ បាន​មានប្រសាសន៍​ដូច្នេះ​ពេល​បើក​សមាជ​បក្ស​ដែល​ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមហ៊ុន រដ្ឋាភិបាល​និង​សាធារណជន​ចិន​ក្រែង​មាន​សញ្ញា​​ប្រែប្រួល​អ្វីមួយ​ទាក់ទង​នឹង​នយោបាយ​និង​សេដ្ឋកិច្ច​។​វា​ក៏​កើតឡើង​ចំពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​និង​ភាព​តានតឹង​ជាមួយ​អាម៉េរិក​អំពី​ពាណិជ្ជកម្ម បច្ចេកវិទ្យា​និង​សន្តិសុខ​។​

​សមាជ​បក្ស​នេះ​នឹង​ជ្រើសតាំង​មេដឹកនាំ​សំរាប់​រយៈពេល​ប្រាំ​ឆ្នាំ​ទៅ​មុខ​។ លោក​ស៊ី វ័យ​៦៩​ឆ្នាំ ត្រូវ​រំពឹងថា​បំពាន​ទម្លាប់​ពីរអាណត្តិសំរាប់មេដឹកនាំ​ចិន ដោយ​នឹង​ទទួលយក​អាណត្តិ​ដឹកនាំ​លើក​ទី​បី​រយៈពេលប្រាំ​ឆ្នាំ​ទៀត ក្នុងនាម​ជា​​អគ្គលេខាបក្ស ប្រធានាធិបតី និង​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​។​

​ក្នុង​សុន្ទរកថា​មួយ​ម៉ោង​និង​៤៥​នាទី​ទៅ​កាន់​ប្រតិភូ​ជា​ង​២.០០០​នាក់​នៅក្នុង​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង លោក​ស៊ី​បាន​អំពាវនាវ​អោយ​បង្កើនល្បឿន​អភិវឌ្ឍ​យោធា​និង​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​«​យុវ​កម្ម​នៃ​ប្រជាជាតិ​ចិន​»​។​លោក​ថា​កងទ័ព​រំដោះប្រជាជន​(​ចិន​)​ត្រូវ​«​ការពារ​សេចក្តីថ្លៃថ្នូរ​និង​ផលប្រយោជន​ស្នូល​របស់​ចិន​។​យើង​នឹង​ធ្វើការ​អោយ​លឿន​ឡើង​ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា រួម​ទាំង​ទ្រឹស្តី​ បុគ្គលិក​និង​សព្វាវុធ​។​យើង​នឹង​ជំរុញ​សមត្ថភាព​យុទ្ធសាស្ត្រ​យោធា​»​។​

​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​លើ​លោក និង​ក៏​ចំណាយ​យោធា​ធំ​បំផុត​ទី​ពីរ​ក្នុង​លោក​បន្ទាប់​ពី​អាម៉េរិក កំពុង​ខិតខំ​អភិវឌ្ឍ​កាំជ្រួច​ផ្លោង និង​នាវា​ដឹក​យន្តហោះ​។​

​សូមបញ្ជាក់​ថា ចិន​មាន​ទំនាស់​ជាមួយ​ជប៉ុន ឥណ្ឌា​និង​ប្រទេស​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍​ដោយសារតែ​ការអះអាង​កម្មសិទ្ធិ​ជាន់​គ្នា​លើ​ដែន​ទឹក​និង​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​ខាងកើត​ព្រម​​ទាំង​តំបន់​ព្រំដែន​ជាប់​ឥណ្ឌា​។​

​កាលពី​ថ្ងៃអាទិត្យ លោក​ស៊ី​ក៏​បាន​និយាយ​ថា គណបក្ស​នឹង​បង្កើន​ការអភិវឌ្ឍ​បច្ចេកវិទ្យា​និង​ធានា​សន្តិសុខ​នៃ​ប្រភព​ស្បៀង​ ព្រមទាំងខ្សែសង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម​របស់​ចិន​។​គណបក្ស​នឹង​ស្ថាបន​«​ការពឹង​​លើ​ខ្លួនឯង​និង​កំលាំង​»​បច្ចេកវិទ្យា ដោយ​ធ្វើអោយ​ប្រសើរ​ឡើង​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន ហើយ​ទាក់ទាញ​អ្នកជំនាញ​ការបរទេស​។​

​មេដឹកនាំ​ចិន​រូបនេះ​ក៏​បាន​សន្យា​ថា​ប្រទេស​លោក​នឹង​ឈ្នះ​ក្នុង​សមរភូមិ​អភិវឌ្ឍ​បច្ចេកវិទ្យា​សំខាន់​ជា​យុទ្ធសាស្ត្រ ចំ​ពេល​អាម៉េរិក​ធ្វើ​យុទ្ធ​នាការបិទ​ខ្ទប់​ចិន​មិន​អោយ​ទទួលបាន​សមត្ថ​ភាព​ឈីប​កំរិត​ខ្ពស់​។​

​សម្តី​របស់​លោក​ឆ្លុះបញ្ចាំង​អំពី​របៀប​ដែល​ចិន​មាន​ផែនការ​ប្រឈម​ដោះស្រាយ​ជាមួយ​អាម៉េរិក​ដែល​ទើប​ដាក់​ការ​រឹតបន្តឹង​លើ​ការនាំចេញ​បច្ចេកវិទ្យា​សំខាន់​ទាំងឡាយណាដែល​អាច​ជំរុញ​សេដ្ឋកិច្ច​និង​យោធា​ចិន ដូចជា​​បន្ទះ​ឈីប កំពូល​កុំព្យូទ័រ ប្រព័ន្ធ​ស៊ើបការណ៍​និង​សព្វាវុធ​ទំនើប​។​

​មុន​នេះ​ក្នុង​ខែតុលា ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​បាន​ចេញ​ច្បាប់​កំហិត​ការលក់​បន្ទះ​ឈីប​និង​ឧបករណ៍​ផលិត​ឈី​ប​ទៅអោយ​អតិថិជន​ចិន ដើម្បី​រារាំង​កុំអោយ​ចិន​ស្ថាបនា​ឧស្សាហកម្ម​ឈី​បដោយ​ខ្លួនឯង​។​​អាម៉េរិក​ក៏​ដាក់​ក្រុមហ៊ុន​ចិន​រាប់សិប​ក្នុង​បញ្ជី​កំហិត​ការទិញ​គ្រឿង​ហាតវ៉ែ​ពី​បរទេសផងដែរ​៕

ស៊ី អបអរការងើបឡើងរបស់ចិនជាមហាអំណាចពិភពលោកមួយនិងទាមទារឯកភាពជុំវិញថ្នាក់ដឹកនាំ ដោយលោកមានប្រសាសន៍ថា «ឯកភាពជាកម្លាំងនិងជោគជ័យទាមទារឯកភាព »