​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តុលាការ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​តុលា​ថា យ៉ាងហោចណាស់​អ្នកទោស​ជនជាតិ​អ៊ីរ៉ង់​បួន​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​នៅក្នុង​ពន្ធនាគា​រអេ​វីន (Evin) ដ៏​ល្បី​អសោច​របស់​ទី​ក្រុងតេអេ​រ៉ង់​ពេញ​មួយ​យប់ ដោយ​រឹត​ធ្វើឱ្យ​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ដល់​ការតវ៉ា​រយៈពេល​មួយ​ខែ​មកនេះ ដែល​បាន​បង្កឡើង​ដោយ​ការស្លាប់​របស់​នាង ម៉ាសា អា​មី​នី (Mahsa Amini)​។​

​អាជ្ញាធរ​អ៊ីរ៉ង់​បាន​ស្តីបន្ទោស​អគ្គិភ័យ​ទៅលើ “​កុបកម្ម​និង​ការ​ប៉ះទង្គិច​គ្នា​” ក្នុងចំណោម​អ្នកទោស ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​និយាយថា​ពួកគេ​មាន​ជំនឿ​តិចតួច​លើ​ការលើកឡើង​របស់​អាជ្ញា​ធរ​អំពី​ព្រឹត្តិ​​ការណ៍​នេះ​។​

​វេបសាយ​របស់​អាជ្ញាធ​រ​តុលាការ Mizan Online បាន​រាយការណ៍​ថា “​អ្នកទោស​បួន​នាក់​បាន​ស្លាប់​ដោយសារតែ​ការ​ស្រូប​ផ្សែង​បង្ក​ដោយ​អគ្គិភ័យ ហើយ​៦១ នាក់​បាន​រងរបួស​”​។​

​វេបសាយ​និយាយថា បួន​នាក់​ផ្សេង​ទៀត​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយ​បន្ថែម​ថា ភ្លើង​ត្រូវ​បាន​ពន្លត់​ហើយ​។​

​សាច់ញាតិ​របស់​អ្នកទោស​និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​សម្តែង​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អ្នកទោស ហើយ​បាន​និយាយថា អាជ្ញាធរ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​នៅ​ពន្ធនាគារ​។​

​ស្នូរ​កាំភ្លើង​និង​ការផ្ទុះ​ត្រូវបាន​ស្តាប់​ឮ​អំឡុងពេល​មាន​ភ្លើង​ឆេះ​ចេញ​ពី​ខាងក្នុង​ពន្ធនាគារ អម​ដោយ​ពន្លឺ​អណ្តាតភ្លើង​និង​ផ្សែង​ហុយ នៅក្នុង​វីដេអូ​មួយ ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។​

​អគ្គិភ័យ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ការតវ៉ា​រយៈពេល​បួន​សប្តាហ៍​ជុំវិញ​ការស្លាប់​របស់​នាង​អា​មី​នី​អាយុ ២២​ឆ្នាំ​បន្ទាប់ពី​ការចាប់ខ្លួន​របស់​នាង​ពី​បទ​ចោទប្រកាន់ថា​បាន​រំលោភ​លើ​ច្បាប់​សម្លៀក​​បំពាក់​ដ៏​តឹងរ៉ឹង​របស់​អ៊ីរ៉ង់​សម្រាប់​ស្ត្រី​។​

​រលក​នៃ​បាតុកម្ម​បានប្រែក្លាយ​ទៅជា​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សាធារណៈរដ្ឋ​អ៊ីស្លាម ដោយ​ដាក់​ការ​ប្រឈម​ដ៏​ធំ​បំផុត​ដល់​ថ្នាក់ដឹកនាំ​បុព្វ​ជិត​របស់​ខ្លួន​ចាប់តាំងពី​ការទម្លាក់​ស្តេច​​សា​ក្នុង​ឆ្នាំ ១៩៧៩៕

​ពន្ធនាគារ​អេវី​ន​រង​ការបំផ្លិចបំផ្លាញ​ដោយ​អគ្គិភ័យ​នៅ​ភាគ​ពាយព្យ​ទីក្រុង​តេ​អេរ៉ង់​កាលពី​ថ្ងៃអាទិត្យ​