​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បាន​គំរាម​បំពាក់​សមត្ថភាព​កាំជ្រួច​នុយក្លេអ៊ែរ​ដល់​យន្តហោះ​ចម្បាំង​បេឡា​រូ​ស បន្ទាប់​ពី​ទាហាន​រុស្ស៊ី​បាន​សម្រុកចូល​មកដល់​ប្រទេស​នេះ​តាម​រថភ្លើង​កាលពី​ថ្ងៃ​សៅរ៍​។​

​សារព័ត៌មាន Telegraph បាន​រាយការណ៍​ថា ទោះបីជា​វិមាន​ក្រឹម​ឡាំង​បាន​អះអាង​ថា វិធានការ​នេះ​គឺជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការការពារ​ខ្លួន​ក្តី ក៏​ប៉ុន្តែ​អ្នក​អត្ថាធិប្បាយ​មួយចំនួន​ជឿ​ថា​លោក​ពូ​ទីន​​កំពុង​ព្យាយាម​ទាញ​បេឡា​រូ​ស ដែល​ជា​ប្រទេស​ជាប់​ព្រំដែន​ទាំង​រុស្ស៊ី​និង​អ៊ុ​យក្រែន ឱ្យ​ចូល​ទៅក្នុង​សង្គ្រាម​របស់គាត់​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បានបញ្ជាក់​ថា ការសម្រេចចិត្ត​បញ្ជូនទាហាន​ទៅ​ប្រទេស​បេឡា​រូស ជា​លើកដំបូង​ចាប់តាំងពី​ខែ​មីនា​មក​ត្រូវបាន​”​កំណត់​ដោយ​សកម្មភាព​ដែល​កំពុង​បន្ត​នៅក្នុង​តំបន់​ជាប់​​ព្រំដែន​របស់​យើង​”​។​

​តាម​សេចក្តីរាយការណ៍ បេឡា​រូស​និង​រុស្ស៊ី​បានចាប់ផ្តើម​រួមបញ្ចូល​គ្នា​នូវ​កងកម្លាំង​យោធា​របស់​ពួកគេ​មួយ​ចំនួន​ភ្លាមៗ​បន្ទាប់​ពី​ការផ្ទុះ​នៅលើ​ស្ពាន​កឺ​ច (Kerch)​ដែល​ភ្ជាប់​តំបន់​គ្រីមេ​កាន់កាប់​​ដោយ​រុស្ស៊ី​ទៅកាន់​រុស្ស៊ី​ដី​គោក នេះ​បើ​យោង​តាម​សម្តី​មេដឹកនាំ​ផ្តាច់ការ​បេឡា​រូស លោក អា​ឡិច​សាន់​ឌឺ លូ​កា​សិន​កូ (Alexander Lukashenko)​។​

​ព្រំដែន​បេឡា​រូ​ស ដែល​ស្ថិតនៅ​ចម្ងាយ ២២៥ គីឡូម៉ែត្រ​ពី​ទីក្រុង​គៀវ ត្រូវបាន​ប្រើ​ជា​កន្លែង​បើក​ការ​លុកលុយ​របស់​ពូ​ទីន​លើ​អ៊ុយ​ក្រែន​ក្នុង​ខែកុម្ភៈ​។​

​កាលពី​ថ្ងៃ​សៅរ៍ ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា ខ្លួន​អាច​នឹង​បំពាក់​សមត្ថភាព​កាំជ្រួច​នុយក្លេអ៊ែរ​ដល់​យន្តហោះ​ចម្បាំង Su-25 របស់​បេឡា​រូស​ប៉ុន្តែ​ខ្លួន​មិនទាន់​បំពាក់អាវុធ​នេះ​ដល់​រដ្ឋា​ភិ​​បាល​ក្រុង​មីន​ស្កិ៍ (Minsk) នៅឡើយ​ទេ​។​

​ជាមួយ​នឹង​ទំហំ​កងទ័ព​ប្រហែល ៥០.០០០ នាក់ បច្ចុប្បន្ន​នេះ​បេឡា​រូស​មិនមាន​កាំជ្រួច​នុយក្លេអែរ​ផ្ទាល់ខ្លួន​នោះ​ទេ​ហើយ​មិន​ត្រូវបាន​ចាត់ទុក​ថា​ជា​កម្លាំង​យោធា​ដ៏​មាន​ប្រសិទ្ធភាព​ដោយ​ក្រុម​អ្នក​​ជំនាញ​ការពារជាតិ​នោះឡើយ​។​

​របាយការណ៍​ចុង​ក្រោយ​ពី​មន្ត្រី​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​មីន​ស្កិ៍ បាន​និយាយថា អ៊ុយ​ក្រែន​ឥឡូវនេះ​កំពុង​រៀបចំ​ផែនការ​ឈ្លានពាន​បេឡា​រូ​ស​។​

​រឿង​នេះ​កើតឡើង​ខណៈ​បេឡា​រូស​បាន​បញ្ជា​ឱ្យ​កងទ័ព​របស់​ខ្លួន​សាកល្បង “​ការត្រៀមខ្លួន​ប្រយុទ្ធ​”​។​

​មេដឹកនាំ​ផ្តាច់ការ​លូ​កា​សិនកូ​បាន​ប្រកាស​នៅ​ដើម​សប្តា​ហ៍មុន​ថា លោក​នឹង​ដាក់​ពង្រាយ “​កម្លាំង​កិច្ចការ​យោធា​រួម​” ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ជា​ចំណាត់ការ​មួយ ដែល​រដ្ឋាភិបាល​ក្រុង​មីន​ស្កិ៍ក៏​អះអាង​ដែរ​ថា​ជា “​ការការពារ​ខ្លួន​សុទ្ធសាធ​”៕

​យន្តហោះ​ចម្បាំង Su-25 របស់​បេឡា​រូ​ស