​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជាមួយ​នឹង​ដៃ​ម្ខាង​កាន់​កាំភ្លើង​និង​ដៃ​ម្ខាង​ទៀត​ច្រត់​ត្រគាក នាង​អេវ​ហេនៀ អេ​មឺ​រ៉ាល់ (Evhenia Emerald) គឺជា​រូប​ភាព​នៃ​ការតស៊ូ​របស់​អ៊ុ​យក្រែន សូម្បីតែ​នៅ​ថ្ងៃ​រៀបការ​របស់​នាង​។​

​វា​ជា​រឿង​អស្ចារ្យ​បន្តិច​ដែរ ដែល​អ្នក​លប​បាញ់កាំភ្លើង​ស៊ី​ប​អាយុ ៣១ ឆ្នាំ​រូប​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​ចម្លើយ​របស់​ប្រទេស​នាង​ចំពោះ​វីរនារី​បារាំង “Joan of Arc”​ហើយ​នាង​បាន​ប្ដេជ្ញា​ថា​មិន​អនុញ្ញាត​​ឱ្យ​ពិធី​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយនឹង​ទាហាន​មិត្ត​រួម​ជាតិ ឈ្មោះ អេវ​ហេនី ស្ទី​ផានី​អ៊ូ​ក (Evheniy Stypaniuk) បង្អាក់​កាតព្វកិច្ច​របស់​នាង​នៅ​សមរភូមិ​ជួរ​មុខ​អ៊ុយ​ក្រែន​នោះឡើយ​។​

​គូស្នេហ៍​ទាំងពីរ​បាន​រៀបការ​នៅ​ក្នុងព្រៃ​មួយ​ក្នុង​តំបន់​ទីក្រុង​ខា​គី​វ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​តុលា ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ដែល​គេ​ស្គាល់​ថា ទិវា​អ្នក​ការពារ​ជាតិ ដើម្បី​គោរព​ដល់​អតីតយុទ្ធជន​យោធា​អ៊ុ​យក្រែន​។​

​នាង​អេ​មឺ​រ៉ាល់​បាន​បង្ហោះ​រូបភាព​ជា​បន្តបន្ទាប់​លើ Instagram ដែល​បង្ហាញ​នាង​ក្នុង​ឈុត​រ៉ូប​ពណ៌​ស អាវ​បន្លំ​ខ្លួន​របស់​ស្វាមី និង​កាន់​កាំភ្លើង​។​

​ភួងផ្កា​របស់​នាង​មើលទៅ​ហាក់ដូចជា​ស្រូវ​សាលី​ជាជាង​ផ្កា​ចម្រុះ​។​

​នាង​បាន​សរសេរថា “​ថ្ងៃនេះ​ខ្ញុំ​បាន​ក្លាយ​ជា​ភរិយា​ជា​ផ្លូវការ​របស់​យោធិន​ម្នាក់​។ ខ្ញុំ​មិន​អាច​នឹក​ស្រមៃ​ដល់​ពិធីមង្គលការ​ល្អឥតខ្ចោះ​ជាង​នេះ​ទៀត​នោះ​ឡើយ​!”​។​

​អ្នក​ទាំង​ពីរ​បាន​លង់​ស្រលាញ់គ្នា មិនយូរប៉ុន្មាន​ក្រោយ​សង្គ្រាម​បាន​ចាប់ផ្តើម​ក្នុង​ខែ​កុម្ភៈ ហើយ​បាន​ភ្ជាប់ពាក្យ​នៅ​ខែ​សីហា​។​

​នាង​អេ​មឺ​រ៉ាល់ ដែលជា​អ្នក​លក់​គ្រឿងអលង្ការ​មុន​ការឈ្លានពាន​របស់​រុស្ស៊ី បាន​និយាយថា “​យើង​ដឹង​ថា​រាល់ថ្ងៃ​អាចជា​ថ្ងៃ​ចុងក្រោយ ហើយ​យើង​មិន​ចង់​ពន្យារ​ជីវិត​ទៅ​ថ្ងៃក្រោយ​នោះទេ​”៕

​នាង​អេ​មឺ​រ៉ាល់​និង​លោកស្ទី​ផានី​អ៊ូក​រៀប​ការ​ក្នុងព្រៃ​នៅ​តំបន់​ទីក្រុង​ខា​គី​វ​កាលពី​ថ្ងៃ​សុក្រ