ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់បទបញ្ជាដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់និង​នេសាទ អាជ្ញាធរដែនដី មន្រ្តីក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវតែចុះទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ដើម្បីជួយប្រជាជនក្នុងការស្តារការខូចខាតឡើងវិញឱ្យបានទាន់ពេលវេលា។

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វាររាជធានីភ្នំពេញនាថ្ងៃព្រឹកថ្ងៃទី១៧ខែតុលាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យស្រាវជ្រាវនៅតំបន់រងគ្រោះដោយទឹកជំនន់ជាបន្ទាន់រកមើលថាតើប្រជាជនប៉ុន្មានគ្រួសារដែលមិនមានប័ណ្ណក្រីក្រដែលត្រូវជួយពួកគាត់។សម្តេចបន្តថាតាមរបាយការណ៍របស់លោកអូនព័ន្ធមុនីរ័ត្នមានប្រជាជនប្រមាណពីរម៉ឺនគ្រួសារដែលរងគ្រោះដោយទឹកជំនន់ដែលយើងត្រូវជួយគាត់អាចជួយ​រយៈ​ពេល​បីខែ ។

សម្តេចបានអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់យោគយល់ចំពោះពួកគាត់ ដោយពន្យាពេលសង បន្ធូរបន្ថយការប្រាក់និងរៀបចំឥណទានឡើងវិញ។សម្តេចតេជោក៏បានណែនាំដល់លោកទេសាភិបាលធនាគារជាតិកម្ពុជាឱ្យធ្វើការងារជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារទាំងអស់ដើម្បីធ្វើកិច្ចការនេះ។

សម្តេចតេជោបានបន្តឱ្យដឹងថាបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងចិញ្ចឹមប្រជាពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារស្មើប្រមាណពីរលាននាក់ ដែលរងគ្រោះដោយអតិផរណា និង អ្នករងផលប៉ះពាល់ដោយកូវីដ១៩ ប្រមាណ ៧០ ម៉ឺនគ្រួសារ៕