​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ដើរ​ដង្ហែ​ក្បួន​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​តុលា​ដើម្បី​តវ៉ា​អំពី​ការ​កើន​ចំណាយ​ថ្លៃ​រស់នៅ​ចំពេល​មាន​បរិយាកាស​នយោបាយ​​កាន់តែ​តានតឹង​ដែល​សម្គាល់​ដោយ​កូដកម្ម​នៅ​រោងចក្រ​ចម្រាញ់​ប្រេង​និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដែល​គំរាម​បង្ក​ភាព​តានតឹង​រីក​រាលដាល​បន្ថែមទៀត​។​

​ការហែក្បួន​នេះ​ត្រូវបាន​គ្រោង​ទុកជា​យូរ​មក​ហើយ មុន​ពេល​កូដកម្ម​រៀបចំ​ដោយ​ក្រុមចម្រុះ​នៃ​គណបក្ស​ឆ្វេង​និយម​ដែល​ចង់​ទាញយក​ប្រយោជន៍​ពី​វិបត្តិ​ថ្លៃ​នៃ​ការរស់នៅ​ហើយ​អះអាង​ខ្លួនឯង​ថា​ជា​​កម្លាំង​ប្រឆាំង​នាំមុខ​ចំពោះ​ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង​។​

​ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ អ្នក​រៀបចំ​កម្មវិធី​បាន​ផ្តល់​សញ្ញា​ថា ពួកគេ​មាន​បំណង​កសាង​សម្ទុះ​ពី​បរិយាកាស​ចលាចល​សង្គម​ដើម្បី​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​លោក​ម៉ា​ក្រុង​។​

​លោក ដា​វីដ ហ្គី​រូដ (David Guiraud) សមាជិកសភា​មក​ពី​បក្ស​បារាំង​មិន​ឱនក្បាល (France Unbowed)​ជា​គណបក្ស​ឆ្វេងនិយម​ក្បាល​រឹង ដែល​ដឹកនាំ​ការតវ៉ា​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​​ថា “​យើង​ត្រូវតែ​ធ្វើ​ឱ្យ​ខ្លាំង​ជាង​នេះ​”​។​

​លោក​បាន​បន្ថែមថា រដ្ឋាភិបាល​មិន​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​បាន​ទៀត​ទេ​។​

​លោក​ម៉ា​ក្រុង​កំពុង​មើល​ឃើញ​ខ្លួន​គាត់​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ ក្នុងពេល​ដំណាលគ្នា​នេះ លោក​កំពុង​ប្រឈម​មុខ​នឹង​ការមិនសប្បាយចិត្ត​ចំពោះ​កង្វះខាត​ប្រេង​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​រួម​​ជាមួយនឹង​កូដកម្ម​ការងារ និង​ការប្រឆាំង​ដ៏​ខ្លាំងក្លា​នៅក្នុង​រដ្ឋសភា ដែល​ជា​សភា​ជាន់​ទាប​ដ៏​មានអំណាច ដែល​អាច​ព្យាយាម​ទម្លាក់​រដ្ឋាភិបាល​របស់​គាត់​ក្នុង​សប្តាហ៍​នេះ​ជុំវិញ​ច្បាប់​ថវិកា​ដែល​ពោរ​​ពេញ​ដោយ​វិវាទ​។​

​លោក ហ្សង់​លូក មេ​ឡុង​ស្យុន (Jean-Luc Melenchon) ជា​មេដឹកនាំ​បក្ស​បារាំង​មិន​ឱនក្បាល បាន​និយាយ​ខណៈ​លោក​ដឹកនាំ​ការតវ៉ា​កាលពី​ថ្ងៃអាទិត្យ​ថា​”​យើង​កំពុង​ចូលទៅ​ក្នុង​វដ្ត​ជាក់លាក់​​និង​មិនធម្មតា​”​។​

​ចំណុច​សំខាន់​នៃ​បញ្ហា​គឺ​ការ​ឡើងថ្លៃ​នៃ​ការរស់នៅ​។ ជា​ប្រធានបទ​សំខាន់​រួចទៅហើយ​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​នៅ​និទាឃ​រដូវ​នេះ​ឥឡូវ​នេះ​បញ្ហា​ឡើងថ្លៃ​នេះ​បាន​ឈាន​ទៅដល់​​ចំណុច​កំពូល​នៃ​ក្តីបារម្ភ​របស់​ប្រជាជន​បារាំង នេះ​បើ​យោងតាម​ការសិក្សា​ថ្មីៗ ពោល​ជា​ក្តីបារម្ភ​ខ្លាំង​ជាង​បញ្ហា​ជា​ប្រពៃណី​ជាច្រើន​ទៀត​ដូចជា​ការប្រែប្រួល​អាកាសធាតុ សន្តិសុខ ឬ អន្តោប្រវេសន៍​។​

​ទោះបីជា​ទាប​ជាង​នៅ​អឺរ៉ុប​ផ្សេងទៀត​ក៏ដោយ ក៏​អតិផរណា​នៅក្នុង​ប្រទេស​បារាំង​នៅ​តែ​កើន​លើស ៦ ភាគរយ ដោយ​ធ្វើឱ្យ​តម្លៃ​អាហារូបត្ថម្ភ​ដូចជា​សាច់ និង​មី​ប៉ា​ស្តា​កើន​ឡើង​ខ្លាំង​៕

​មនុស្ស​រាប់​ម៉ឺន​នាក់​ដើរ​ក្បួន​តវ៉ា​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃអាទិត្យ