ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​អញ្ជើញ​ប្រកាស​ជា​ផ្លូវការ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ឆ្នាំ​២០២២​នៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍​ក្រោម​ការរៀបចំ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។

​ព្រឹត្តិការណ៍​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី ទី អូ​ឡាយ​ចេង ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ប្រចាំ​នៅ​កម្ពុជា លោកស្រី ល្វី​កា រ៉ូ​ឌ្រី​ហ្គេ​ស​បារៀស ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​គុយបា ប្រចាំ​នៅ​កម្ពុជា លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។​

​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គ​មហា​សេប​តី​តេ​ជោ​ហ៊ុន សែន​​នេះ​ក្រុម​កីឡាបាល់ទះ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ឈ្នះ​ក្រុមកីឡា​បាល់ទះ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ត្បូងឃ្មំ​ក្នុង​លទ្ធផល ៣​សិត​ទល់​១​សិត​។​
ចំពោះ​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ក្រុម​ជម្រើសជាតិ​សឹង្ហ​បូរី​នោះ​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​បានទទួល​ជ័យជំនះ​លើ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​ដោយ​លក្ខណៈ​បច្ចេកទេស ២​សិត​ទល់​១​សិត​។​

​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ប្រកួត​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២២ ដែលមាន​ក្រុម​ចូលរួម​ចំនួន ១១​ក្រុម ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​បាល់ទះ​ព្រី​នស៍ ក្នុង​បរិវេណ​ហ្គ្រេ​ន​ភ្នំពេញ ។​

​ការប្រកួត​កីឡាបាល់ទះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បែង​ចែកចេញជា​៤​ពូ​ល គឺ​ក្រុម​ពូ​ល A ក្រុម​បាល់ទះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រុម​បាល់ទះ​សមាគម បាល់ទះ​វិសាខា និង​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ពូ​ល B ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ក្រុម​បាល់ទះ​សមាគម​បាល់ទះ ខេត្ត សៀមរាប​។ ពូ​ល C ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣ ក្រុម​បាល់ទះ​កូន​នាគ​ឧ​ត្ត​រ និង​ក្រុម​
​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ហើយ​ពូ​ល D ក្រុម​បាល់ទះ​សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ និង​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ជា​ក្រុម​មានសំណាង​
​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​៕​