ក្រោយ​ត្បាញ​ដោយ​ប្រជាជន​ខ្មែរ​ជាង​ពីរម៉ឺន​នាក់​និង​ចំណាយពេល​ជាង​៥​ខែ ក្រមា​ខ្មែរ​បានជា​ប់​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​ក្នុង​ពិភពលោក​

2115
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រោយ​រួមគ្នា​ត្បាញ​ដោយ​ប្រពល​រដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ជាង​៣៣​ម៉ឺន​នាក់​និង​ចំណា​យ​ពេល​ជាង​៥​ខែ ទីបំផុត​ក្រមា​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ប្រវែង​១.១៤៩,៨​ម៉ែត្រ បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​របស់​ហ្គី​ណេ​ស​(Guinness World Record)​។​

ក្រោយ​ត្បាញ​ដោយ​ប្រជាជន​ខ្មែរ​ជាង​២​ម៉ឺន​នាក់​និង​ចំណាយពេល​ជាង​៥​ខែ ក្រមា​ខ្មែរ​បានជា​ប់​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​ក្នុង​ពិភពលោក​(​រូបៈ​សុផល​)

​លោក Dangarika Swapnil Mahesh តំណាង​គណៈកម្មការ World Guinness Record និង សហសេវិក បានមក​វាស់វែង​ក្រមា​វែង​ជាងគេ នៅលើ​ពិភពលោក នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ២០១៨​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ដើម្បីឱ្យ​ប្រាកដថា​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ក្រមា​វែង​ជាងគេ​ហើយ ឬ​យ៉ាងណា​។​

​ក្រោយ​ត្រួតពិនិត្យ​គុណភាព និង​ប្រវែង​របស់​ក្រមា​រួច គណៈកម្មការ World Guinness Record បាន​សម្រេច​​ដាក់​ក្រមា​ខ្មែរ​ជា​ក្រមា​វែង​ជាង​ក្នុង​ប្រវែង​១.១៤៩,៨​ម៉ែត្រ​ចូលក្នុង​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​។

​គួរ​បញ្ជាក់ថា​កម្មវិធី​បំបែក​ឯតទគ្គ​កម្ម​ក្រមា​ដែល​វែង​ជាងគេ​លើ​ពិភពលោក​បាន​ចាប់ដំណើរការ​ពីថ្ងៃ​ទី​១៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​កម្មវិធី​ទទួលបាន​ភ្ញៀវ​ចំនួន​សរុប ៣៣៨.០៥០​នាក់ ដែល​ក្នុងនោះ​មាន​អ្នក​ចុះឈ្មោះ​រៀន​ត្បាញ​ចំនួន​២២.៣១៥​នាក់ និង​អ្នកចូលរួម​ត្បាញ​ក្រមា ១.០០០​ម៉ែត្រ ចំនួន​១៩.៧៧១​នាក់​។​

ប្រសិនបើ​យើង​យក​សរសៃរ​និ​មួយៗ នៃ​ក្រមា​នេះ​មក​បន្ត​គ្នា​តែមួយ​សរសៃរ​ប្រវែង​ប្រមាណ ២.៩១២.៦២៥​ម៉ែត្រ​។​
​អ្នក​ចុះឈ្មោះ​រៀន​ត្បាញ​ទាំង ២២.៣១៥ រួមមាន​៖ ប្រុស ១៤.២៤០​នាក់ និង ស្រី ៨.០៧៤​នាក់​។ ចំណែក​ភ្ញៀវ​ជាតិ​បាន​អញ្ជើញ​មក​ទាំង​២៥​រាជធានី​-​ខេត្ត និង​សមាសភាព ព្រះមហាក្សត្រ​, ព្រះ​វ​រាជមាតា​ជាតិ​, សម្តេច​​នាយក​រដ្ឋមន្ត្រី​, រដ្ឋមន្ត្រី​តាម​បណ្តា​ក្រសួង​នានា​, មន្ត្រីរាជការ​, ជនពិការ (​ពិការ​ដៃ ជើង និង​ភ្នែក​), កុមារកំព្រា​, ស្ត្រី​មាន​ផ្ទៃពោះ​, ស្ថាប័នឯកជន​, សិស្ស​និស្សិត​, សិល្បៈករ និង​កីឡាករ​ល្បីៗ និង​សាធារណៈ​ជន​ទូទៅ​។​

​ភ្ញៀវ​អន្តរជាតិ ចំនួន​១.១៣១​នាក់ បាន​អញ្ជើញ​មកពី​ប្រទេស​ចំនួន ៥៧​ប្រទេស​ជុំវិញ​ពិភពលោក ដែល​ប្រទេស​​ចូលរួម​ត្បាញ​បាន​ច្រើនជាងគេ​គឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ និង​ជប៉ុន​។ អ្នកចូលរួម​ចុះឈ្មោះ​មាន​វ័យ​ចាប់ពី ៤​ឆ្នាំ រហូតដល់ ៨៨​ឆ្នាំ​។​

​សូមបញ្ជាក់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា តាមរយៈ​ចលនា «GOGO Cambodia» ក្រោម​ប្រធាន បទ​ថា «​ជឿថា​ខ្មែរ​អាចធ្វើ​បាន​» បានរៀបចំ​ឲ្យ​មានការ​ត្បាញ​ក្រមា​ខ្មែរ​នៅ​វាល​ព្រះមេរុ ក្បែរ​ព្រះបរមរាជវាំង តាំងពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​មកម្ល៉េះ​។ ការ​ត្បាញ​ក្រមា​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចូលរួម​ត្បាញ​ក្រមា​នេះហើយ​ក្នុងនោះ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ក៏បាន​ចូលរួម​ត្បាញ​ក្រមា​នេះ​ផងដែរ​។​

​បន្ទាប់ពី​ត្បាញ​បាន​ប្រវែង​ជាង ១០០០​ម៉ែត្រ​តាម​ការគ្រោងទុក​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រមា​ត្រូវបាន​ពន្លា​ដោយមាន​ការវាស់វែង​ពី​គណៈកម្មការ​ឯកទគ្គកម្ម​ពិភពលោក (Guinness World Records) ផងដែរ​។ បន្ទាប់ពី​ការវាស់វែង និង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ហើយ​នោះ គណៈកម្មការ​មួយ​នេះ បាន​សម្រេច​ឲ្យ​ក្រមា​ខ្មែរ​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​ក្រមា​វែង​ជាងគេ​។​

​សម្រែក​ហ៊ោកញ្ជ្រៀវ​បាន​បន្លឺឡើង​យ៉ាង​កងរំពង នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ចំពោះ​សមិទ្ធផល​ថ្មី​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​រួមគ្នា​សម្រេចបាន​នេះ​។ នេះ​ជា​មោទនភាព ជា​កិត្តិយស​របស់​ជាតិ​និង​ប្រជាជន​ខ្មែ​ទាំងមូល​។​

​ក្រមា គឺជា​អត្តសញ្ញាណ​ជាតិ​ជា​របស់​ប្រើប្រាស់​របស់​ប្រជាជន​ទូទៅ​ដោយ​មិន​ប្រកាន់វណ្ណៈ និន្នាការ ឋានៈ​សង្គម និង​សាសនា​ឡើយ ហើយ​វា​ជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នៃ​ប្រជា​ជាតិខ្មែរ​។

​លោក​បណ្ឌិត សាន វ​ឌ្ឍ​នា ប្រធាន​ក្រុម​ចលនា​ហ្គោ​ហ្គោ​ខេ​ម​បូ​ឌា​(GoGo Cambodia )​ដែល​បាន​បង្កើត​យុទ្ធនាការ​នេះ​ឡើង​បាន​លើកឡើងថា​គោលបំណង​នៃ​ការជ្រើសរើស​យក​ក្រមា​មក​បំបែក​កំណត់ត្រា​ពិភព​លោក ព្រោះ​ក្រមា​បង្ហាញ​ពី ការតស៊ូ អំណត់ និង​ព្យាយាម​របស់​សិប្បករ​ក្នុងការ​ត្បាញ​ក្រមា​និ​មួយៗ​ព្រមទាំង​ការឆ្លុះបញ្ចាំង ពី​អត្តចរិត​ពិត​រប​ស់ព​ល​រដ្ឋ​ខ្មែរ ។ លោក​បាន​បន្តថា​យុទ្ធនាការ​ក្រមា ៖ «​ការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​នៅលើ​ពិភពលោក​»​គឺជា​សក្ខីភាព​មួយ​ក្នុងចំណោម​លទ្ធភាព​ដែល​ប្រជាជាតិ​ខ្មែរ​អាចធ្វើ​អ្វីៗ​រួមគ្នា ក្នុង​ស្មារតី «​ជឿថា​ខ្មែរ​ធ្វើបាន​» ។

​លោក​វ​ឌ្ឍ​នា​បាន​ជម្រាបជូន​ផងដែរ​ថា​យុទ្ធនាការ​ក្រមា​៖«​បំបែក​ឯតទក​គ្គក​ម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ត្រូវបាន​នាំមក​ជូន​បងប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់​ក្នុង​គោលបំណង​ធំៗ​បី រួមមាន (១) លើកកម្ពស់​មោទនភាព​​ជាតិ​និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។​(២)​បង្កើត​ការចូលរួមចំណែក​ពី​ប្រជាជន​កម្ពុជា​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ទាំងអស់​ដើម្បី​រួមគ្នា​ថែរក្សា​និង​លើកស្ទួយ​មត៌ក​វប្បធម៌​ប្រពៃណី​ខ្មែរ​និង​ជាពិសេស​(៣)​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព​និង​ឯកភាព​ជាតិ​តាមរយៈ​ការរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​សម្រាប់​ជាតិ​៕​មន

ទីតាំងផ្សាយពាណិជ្ជកម្ម