​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ថ្លៃ​ប្រេង​ឆៅ​ក្នុង​ជំនួញ​ថ្ងៃ​ចន្ទ​នេះ​បាន​ឡើង​នៅ​ពេល​កំលាំង​ប្រាក់​ដុល្លារ​ចុះខ្សោយ​បន្តិច​វិញ​ចំ​ពេល​ពួក​វិនិយោគិន​រង់ចាំ​ទិន្នន័យ​មកពី​ចិន​ដើម្បី​វាស់​ស្ទង់​មើល​អំពី​តំរូវការ​​របស់​ប្រទេស​នាំចូល​ប្រេង​លំដាប់​កំពូល​លើ​លោក​នេះ​។​

​ប្រេង​ឆៅ​ផ្សារ​Brent​បាន​ឡើង​៨៥​សេន​ដល់​ថ្លៃ​៩២,៤៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ដោយ​ងើប​ចេញពី​ការធ្លាក់ចុះ​អស់​៦,៤​ភាគរយ​កាលពី​សប្តាហ៍​មុន​។​ប្រេង​ឆៅ​នៅ​ផ្សារ​អាម៉េរិក​WTI​ឡើង​៧៣​សេន ដល់​៨៦,៣៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល ក្រោយ​ធ្លាក់​ថ្លៃ​អស់​៧,៦​ភាគរយ​កាលពី​សប្តាហ៍​មុន​។​

​តាមពិត​ថ្លៃ​ប្រេង​ត្រូវ​បាន​រុញ​អោយ​ឡើង​ដោយ​កក្តា​គួបផ្សំ​ជាច្រើន រួម​មាន​ប្រសាសន៍​របស់​ប្រធានាធិបតីចិននៅ​សមាជ​បក្ស​ដែលថាប​ក្ស​ធានា​គោលនយោបាយ​ហិរ​ញ្ញ​វត្ថុ​ជំរុញ​សេដ្ឋកិច្ច ជា​សញ្ញា​វិជ្ជមាន​​មួយ​អំពី​ទស្សនវិស័យ​ខាង​តំរូវការប្រេង នេះ​បើ​តាម​អ្នកវិភាគ​ទីផ្សារ​CMC Markets​លោកស្រី ទីណា តេង​(Tina Teng)​។​លោកស្រី​បាន​បន្ថែមថា​«​ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​លក់​ចេញ​នៅថ្ងៃនេះ​ចុះ​ដែល​ផ្តល់​ឳ​​កាស​សំ​រាប់ការ​ងើប​ឡើងវិញ​នៃ​ទីផ្សារ​ប្រេង​»​។​

​ដុល្លារ​ចុះថោក​វា​កាន់តែ​ធ្វើអោយ​អ្នក​កាន់​រូបិយប័ណ្ណ​ផ្សេង​ងាយ​ទិញ​ប្រេង​។​

​ចិន​ត្រូវ​គេ​រំពឹងថា​នឹង​បញ្ចេញ​ទិន្នន័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៅ​សប្តាហ៍​នេះ​។​ទោះជា​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​(GDP)​របស់​ខ្លួន​នៅ​ត្រីមាស​ទី​បី​អាច​កើន​ហួស​ត្រីមាស​មុន ក៏​គោលនយោបាយ​គ្រប់​​គ្រង​កូវី​ដ​១៩​ដ៏​តឹងរឹង​របស់​ប្រធានាធិបតី​ស៊ី ធ្វើអោយ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នេះ​ទំនងជា​ប្រឈម​ឆ្នាំ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ធៀប​នឹង​សេដ្ឋកិច្ច​ឆ្នាំ​នានា​នៅ​កន្លះ​សតវត្សរ៍​មក​នេះ​។​

​សម្លឹង​ទៅ​មុខ ថ្លៃ​ប្រេង​នៅតែ​ងាយ​នឹង​ប្រែប្រួល​នៅពេល​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​ពី​ក្រុម​ប្រទេស​ផលិត​នាំចេញ​ប្រេង OPEC+​នឹង​រឹតតែ​បន្តឹង​ការផ្គត់ផ្គង់​នៅមុន​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​នាំគ្នា​​ហ៊ុម​ព័ទ្ធ​ដាក់ទណ្ឌកម្ម​ប្រេង​រុស្ស៊ី​។​ដុល្លារ​កាន់តែ​ឡើងថ្លៃ​និង​ការដំឡើង​អត្រា​កា​ប្រាក់​បន្ថែម​ទៀត​ពី​ធនាគារកណ្តាល​អាម៉េរិក​វារឹតតែ​កំហិត​ថ្លៃ​ប្រេង​។​

​ក្រុម​ប្រទេស​ផលិត​នាំចេញ​ប្រេង OPEC+​រួម​មាន​រុស្ស៊ី​ផងដែរ កាលពី​ថ្ងៃអាទិត្យ​បានអនុម័ត​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​បន្ទាប់​ពី​សេត​វិមាន​បង្កើន​សង្គ្រាម​សម្តី​ជាមួយ​ប្រទេស​ផលិត​ប្រេង​កំពូល គឺ​​អា​រ៉ាប៊ីសាអូឌីត ដោយ​អាម៉េរិក​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​រី​យ៉ាត​ថា​បង្ខិតបង្ខំ​ប្រទេស​ផ្សេង​អោយ​គាំទ្រ​ចំណាត់ការ​របស់​ខ្លួន​៕

OPEC+ សន្យា​កាត់បន្ថយ​ការផលិត​ប្រេង​ពីរលាន​បារ៉ែល​ក្នុង​មួយថ្ងៃ