ដោយ៖ សុវណ្ណកុម្ភៈ /ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា នឹងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ (FFC Event Management Course) សម្រាប់ឆ្នាំ២០២២​ នេះ។

សេចក្ដីប្រកាសនេះ បានផ្ញើជូនដល់មន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ រាជធានី ខេត្ត ទូទាំងប្រទេស ដោយបានកំណត់ថា អ្នកណាចង់ចូលរួម ត្រូវដាក់ពាក្យចាប់ពីពេលនេះ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

លក្ខខណ្ឌដែលអាចចូលរួមបាន ទាំងបុរស ទាំងនារី ត្រូវមានអាយុចាប់ពី ២៥ ឆ្នាំ ដល់ ៤០ ឆ្នាំ មានចំណេះដឹងផ្នែកកុំព្យូទ័រ (Word- Excel –PowerPoint និង Internet) មានចំណេះដឹងភាសាអង់គ្លេស អាចសរសេរ ស្ដាប់ និងនិយាយបាន កាន់តែប្រសើរ។ ចំពោះកម្រិតវប្បធម៌ ត្រូវមានសញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្រ ពិសេសមានការយល់ដឹងពីកីឡា។

សិក្ខាសាលានេះ នឹងធ្វើចាប់ពីថ្ងៃទី១៧ ដល់ទី១៩ វិច្ឆិកា ដោយនៅថ្ងៃបញ្ចប់ នៃសិក្ខាសាលា មានការប្រឡង នឹងបានទទួលសញ្ញាប័ត្រ និងបានទទួលការតែងតាំង ជាស្នងការប្រកួតបាល់ទាត់ តាមកម្មវិធីនីមួយៗ៕/V-PC