​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទាហាន​កូរ៉េខាងត្បូង​បានចាប់ផ្តើម​សមយុទ្ធ​ហូ​ហ្គុ​ក​(Hoguk)​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​តុលា ដើម្បី​ពង្រឹង​លទ្ធភាព​របស់​គេ​ក្នុង​ការឆ្លើយតប​ការ​គំរាម​ប្រើ​នុយ​​ក្លេ​អ៊ែ​រនិង​កាំជ្រួច​ពី​កូរ៉េខាងជើង ចំ​ពេល​ភាព​តានតឹង​អំពី​សកម្មភាព​យោធា​របស់​កូរ៉េ​ទាំង​ពីរ​បន្ត​កើនឡើង​។​

​ការហ្វឹកហាត់​នេះ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍ និង​វា​ជា​សមយុទ្ធ​យោធា​ចុង​ក្រោយ​មួយ​ក្នុងចំណោម​សកម្មភាព​យោធា​ដូច្នេះ​ជា​បន្តបន្ទាប់​របស់​យោធា​កូរ៉េខាងត្បូង​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ដែល​រួម​មាន​សម​​យុទ្ធ​ទ័ពជើងទឹក​ជាមួយ​កងកម្លាំង​អាម៉េរិក​និង​ជប៉ុន​ផង​។​

​ការហ្វឹកហាត់​លើ​ទីលាន​ចុងក្រោយ​នេះ​កើត​ឡើង​ក្រោយ​ពី​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​សព្វាវុធ​ក្នុង​ល្បឿន​ញឹកញាប់​បំផុត​នៅ​ឆ្នាំ​នេះ​ដោយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​បាញ់​កាំជ្រួច​ផ្លោង​និង​កាំភ្លើង​​ធំ​នៅ​ក្បែរ​ព្រំដែន​កូរ៉េ​ទាំងពីរ​។​

​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ខឹង​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​កងកម្លាំង​អាម៉េរិក​និង​សម្ពន្ធមិត្ត​ក្នុង​តំបន់​និង​ហៅ​វា​ថា​ជា​ការ​បង្ករឿង ហើយ​គំ​តាម​ចាត់វិធានការ​តប​។​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​​និយាយ​ថា​សមយុទ្ធ​នេះ​ជា​លំ​ហាត់​យោធា​ជា​ទៀងទាត់​និង​មានបំណង​ការពារ​ខ្លួន​តែប៉ុណ្ណោះ។​

​ចូលរួម​ដោយ​ទា​ហា​អាម៉េរិក​ខ្លះ ទាហាន​កូរ៉េខាងត្បូង​នឹង​ផ្តោត​លើ​ការរក្សា​ការត្រៀមខ្លួន និង​ធ្វើអោយ​ប្រសើរ​ឡើងលទ្ធភាព​របស់​ទាហាន​ក្នុង​ប្រតិបត្តិការ​រួមគ្នា​ក្នុងអំឡុង​សមយុទ្ធ​ហូ​ហ្គុ​ក​។​

​កាលពី​សប្តាហ៍​មុន​ភាព​តានតឹង​បាន​កញ្ជ្រោល​ឡើង​បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​កាំជ្រួច​មួយ​គ្រាប់ និង​កាំភ្លើង​ធំ​ជាង​៥០០​គ្រាប់​ដាក់​ក្បែរ​ព្រំដែន​កូរ៉េ​ក្នុងពេល​យន្តហោះ​ចម្បាំង​ហោះចូល​កៀក​ព្រំដែន​​សមុទ្រ​៕

​សមយុទ្ធ​ហូ​ហ្គុ​ក ចាប់ផ្តើម​បន្ទាប់​ពី​កូរ៉េខាងត្បូង​ទើប​បញ្ចប់​សមយុទ្ធ​ទ័ពជើងទឹក​ដែល​មាន​ការចូលរួម​ពី​នាវា​ដឹក​យន្តហោះ​មួយ​ផង​