​​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹក​បឹង​ទន្លេសាប ចាប់ផ្តើម​ស្រក​ចុះ បន្ទាប់ពី​បាន​ឡើងដល់​កម្ពស់ ៨,០៩ ម៉ែត្រ នៅ​ថ្ងៃទី​១៥ ខែតុលា​ ​ព្រម​ពេល​ជាមួយនឹង​ទឹកទន្លេ​មេគង្គ ក៏បាន​បន្ត​ស្រក​ចុះ លែងមាន​ការ​ជន់​ឡើង​ទៀតហើយ សម្រាប់​រដូវវស្សា ឆ្នាំ​២០២២ នេះ​។​

​លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ នេះ​ថាៈ ទឹកទន្លេ​មេគង្គ សម្រាប់​រដូវវស្សា ឆ្នាំ​២០២២ ដែល​បាន ស្រក​ចុះ​ជា​លំដាប់ បន្ទាប់ពី​បាន​ឡើងដល់​កម្រិត​កម្ពស់ ៩,២២ ម៉ែត្រ កាលពី​ថ្ងៃទី​១១ ខែតុលា នោះ គឺ​បន្ត​ស្រក​ចុះ លែងមាន​ការ​ជន់​ឡើង​ទៀតហើយ ទោះបី​មាន​បាតុភូត​ថ្មី កើតឡើង នាំឱ្យមាន​ភ្លៀង នៅ​តំបន់​អាង​មេគង្គ​លើ​ក៏ដោយ អាច​បានត្រឹមតែ​ធ្វើឱ្យ​ទឹកទន្លេ នេះ ស្រក​ចុះ​មិនលឿន​ប៉ុណ្ណោះ​។​

ទឹក​បឹង​ទន្លេសាប ចាប់ផ្តើម​ស្រក​ចុះ បន្ទាប់ពី​បាន​ឡើងដល់​កម្ពស់ ៨,០៩ ម៉ែត្រ

​លោក ម៉ៅ ហាក់ ដែលមាន​ជំនាញ​ជលសា​ស្ត្រ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យដឹងទៀតថាៈ ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ បាន​ឡើង​ដល់ក​កម្ពស់ ៩,២២ ម៉ែត្រ​នេះ ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម មាន​អំណោយផល​ល្អ ទាំង​ការដាំដុះ និង​មិន​បង្ក​ឱ្យ មានការ​លិចលង់​ខ្លាំង ។ កម្ពស់​ទឹក​ដែល​បាន​ឡើង ដល់ ៩,២២ ម៉ែត្រ​នេះ គឺ​ជិត​ស្មើ នឹង​កម្ពស់​ទឹក ដែល​ក្រសួង​បាន​ព្យាករណ៍ កាលពីដើមឆ្នាំ ដែលថា នៅក្នុង​រដូវវស្សា ឆ្នាំ​២០២២ នេះ ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ អាច​នឹង​ឡើងដល់​កម្ពស់ ៩,៦៥ ម៉ែត្រ​។​

​ចំណែក​ទឹក​បឹង​ទន្លេសាប​វិញ លោក ម៉ៅ ហាក់ បានបញ្ជាក់​ថាៈ ក៏បាន​ចាប់ផ្តើម​ស្រក​ចុះ វិញ​ដែរ នៅថ្ងៃនេះ បន្ទាប់ពី​បាន​ឡើងដល់​កម្ពស់ ៨,០៩ ម៉ែត្រ នៅ​ថ្ងៃទី​១៥ ខែតុលា ចាត់​ចូលក្នុង​ប្រភេទ​ជំនន់​មធ្យម​ល្អ មាន​វិសាលភាព​ទឹក​លិច​បាន​គ្របដណ្តប់ ទៅដល់​តំបន់​មួយ ដែល​ស្ថានភាព​ទឹក​បែបនេះ ខកខាន​មាន បួន​-​ប្រាំ ឆ្នាំ​មកហើយ​។​

ទឹក​បឹង​ទន្លេសាប ចាប់ផ្តើម​ស្រក​ចុះ បន្ទាប់ពី​បាន​ឡើងដល់​កម្ពស់ ៨,០៩ ម៉ែត្រ

​តាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន និង​ព្យាករ​កម្ពស់​ទឹកទន្លេ នៅ​ថ្ងៃទី​១៧ ខែតុលា ដោយ​ក្រសួង ធនធានទឹក និង​ឧតុនិយម បង្ហាញឱ្យឃើញថាៈ ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង មាន​កម្ពស់ ៧,៤២ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៦ ខែតុលា ០,៤៥ ម៉ែត្រ នៅ​ខេត្តក្រចេះ ទឹក​មាន​កម្ពស់ ១៦,៦៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៦ ខែតុលា ០,១៩ ម៉ែត្រ​ ​នៅ​ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់ ១១,៦០ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៦ ខែតុលា ០,២០ ម៉ែត្រ នៅ​ទន្លេបាសាក់ ចតុមុខ ទឹក​មាន​កម្ពស់ ៨,៨០ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៦ ខែកញ្ញា​-​តុលា ០,១១​ម៉ែត្រ​  នៅ​អ្នក​លឿង ទឹក​មាន​កម្ពស់ ៦,៤៨ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៦ ខែតុលា ០,០៧ ម៉ែត្រ នៅ​ទន្លេបាសាក់ កោះ​ខែល ទឹក​មាន​កម្ពស់ ៨,៣១ ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​១៦ ខែតុលា ០,០៥ ម៉ែត្រ នៅ​ទន្លេសាប ព្រែក​ក្តាម​ទឹក​មាន​កម្ពស់ ៨,៣១ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៦ ខែតុលា ០,០៥ ម៉ែត្រ នៅ​បឹង​ទន្លេ សាប​ក្រគរ កំពង់​លួង ទឹក​មាន​កម្ពស់ ៨,០៥ ម៉ែត្រ ស្មើនឹង​ថ្ងៃទី​១៦ ខែតុលា​៕/V​