​ទឹក​បឹង​ទន្លេសាប ចាប់ផ្តើម​ស្រក​ចុះ បន្ទាប់ពី​បាន​ឡើង ដល់​កម្ពស់ ៨,០៩ ម៉ែត្រ​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹក​បឹង​ទន្លេសាប ចាប់ផ្តើម​ស្រក​ចុះ បន្ទាប់ពី​បាន​ឡើងដល់​កម្ពស់ ៨,០៩ ម៉ែត្រ នៅ​ថ្ងៃទី​១៥ ខែតុលា​ ​ព្រម​ពេល​ជាមួយនឹង​ទឹកទន្លេ​មេគង្គ ក៏បាន​បន្ត​ស្រក​ចុះ លែងមាន​ការ​ជន់​ឡើង​ទៀតហើយ សម្រាប់​រដូវវស្សា ឆ្នាំ​២០២២ នេះ​។​

​លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ នេះ​ថាៈ ទឹកទន្លេ​មេគង្គ សម្រាប់​រដូវវស្សា ឆ្នាំ​២០២២ ដែល​បាន ស្រក​ចុះ​ជា​លំដាប់ បន្ទាប់ពី​បាន​ឡើងដល់​កម្រិត​កម្ពស់ ៩,២២ ម៉ែត្រ កាលពី​ថ្ងៃទី​១១ ខែតុលា នោះ គឺ​បន្ត​ស្រក​ចុះ លែងមាន​ការ​ជន់​ឡើង​ទៀតហើយ ទោះបី​មាន​បាតុភូត​ថ្មី កើតឡើង នាំឱ្យមាន​ភ្លៀង នៅ​តំបន់​អាង​មេគង្គ​លើ​ក៏ដោយ អាច​បានត្រឹមតែ​ធ្វើឱ្យ​ទឹកទន្លេ នេះ ស្រក​ចុះ​មិនលឿន​ប៉ុណ្ណោះ​។​